ទីភ្នាក់ងារថាមពលIEA៖ ជាលើកទី១ ការវិនិយោគលើថាមពលស្អាតស្អំកើនឡើងច្រើនជាង ការវិនិយោគលើថាមពលផូស៊ីល
26-ឧសភា-2023
ជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្ត ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ ថាមពលសូឡា មានចំនួនច្រើនជាងការវិនិយោគទៅលើការធ្វើអាជីវកម្មប្រេង។ នៅក្នុងរបាយការណ៍ចចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារថាមពលអន្តរជាតិព្យាករថា នៅឆ្នាំ ២០២៣ ទឹកប្រាក់វិនិយោគទៅលើថាមពលស្អាតស្អំ នឹងមានចំនួនជាងប្រាក់វិនិយោគលើថាមពលផូស៊ីល ដែលជាប្រភពបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុនៃការឡើងកំដៅលើផែនដី។ យ៉ាងណាក៏ដោយ ទីភ្នាក់ងារថាមពលអន្តរជាតិ ដែលមានទីតាំងនៅទីក្រុងប៉ារីស បានព្រមានកុំឲ្យគេត្រេកអរភ្លេចខ្លួន និងថា ពិភពលោកត្រូវប្រឹងប្រែងបន្ថែមទៀត បើសិនគេចង់សម្រេចគោលដៅ អព្យាក្រឹត្យកាបូន នៅឆ្នាំ ២០៥០ ដើម្បីរក្សាទប់កុំឲ្យផែនដីកើនឡើងកំដៅច្រើនជាង ១,៥អង្សា។
នៅក្នុងរបាយការណ៍ ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស ថា IEA បានបង្ហាញថា នៅឆ្នាំនេះ ការវិនិយោគទៅលើថាមពលស្អាតស្អំ នឹងមានទំហំទឹកប្រាក់ ច្រើនជាងការវិនិយោគលើថាមពលផូស៊ីល។ នេះជាដំណឹងល្អមួយសម្រាប់ផែនដី បើសិនគេចង់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលមានប្រភពចេញមកពីថាមពលផូស៊ីល
បើសិនគេចង់បានអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីជៀសវាងកុំឲ្យផែនដីឡើងកំដៅ ១,៥អង្សាថែមទៀត គេចាំបាច់ត្រូវការវិនិយោគច្រើនទៅលើថាមពលស្អាតស្អំ ដូចជាថាមពលសូឡា វាយោអគ្គិសនី។
តាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ បន្ទាប់ពី និន្នាការវិនិយោគទៅលើថាមពលស្អាតស្អំ បានចាប់ពន្លក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេនឹងឃើញសន្ទុះវិនិយោគគួរឲ្យកត់សំគាល់ទៅលើវិស័យថាមពលស្អាតស្អំ។ ជាក់ស្តែង នៅឆ្នាំ២០២៣នេះ ទំហំទឹកប្រាក់វិនិយោគលើថាមពលស្អាតស្អំនៅក្នុងពិភពលោក មានប្រមាណ ១,៧ទ្រីលានដុល្លារ ពោលគឺច្រើនជាងទឹកប្រាក់វិនិយោគទៅលើថាមពលផូស៊ីល ដូចជាប្រេង ឧស្ម័ន និងធ្យូងថ្ម ទៅទៀត ដែលមានប្រមាណតែ១ទ្រីលានដុល្លារ។ អាចនិយាយបានថា នៅពេលគេវិនិយោគ១ដុល្លារ ទៅលើថាមពលផូស៊ីល ដូចជា ការរុករកប្រេង ឧស្ម័ន និងធ្យូងថ្ម គេវិនិយោគដាក់ប្រាក់ ១,៧ ដុល្លារ សម្រាប់ថាមពលស្អាតស្អំ ឬថាមពលដែលបញ្ចេញឧស្ម័នកាបូនិកតិចបំផុត ដែលមានដូចជា រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ ផ្ទាំងសូឡា វោយោអគ្គិសនី រថយន្តអគ្គិសនី។
សម្រាប់នាយកប្រតិបត្តិរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol នេះជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលគេមិនធា្លប់រំពឹងទុកទាល់តែសោះ។ កាលពី៥ឆ្នាំមុន ទឹកប្រាក់វិនិយោគលើថាមពលស្អាតស្អំ និងថាមពលផូស៊ីលមានទំហំទឹកប្រាក់ប៉ុនគ្នា ប្រមាណ ១ទ្រីលានដុល្លារ។ ប៉ុន្តែ នៅឆ្នាំនេះ ទឹកប្រាក់វិនិយោគទៅលើវិស័យថាមពលស្អាតស្អំ បានកើនឡើងក្នុងល្បឿនមួយដ៏លឿន លើសការស្រមៃទុករបស់មនុស្សទៅទៀត។
ជាក់ស្តែង នៅឆ្នាំនេះ ជាលើកទី១ក្នុងប្រវត្តិសាស្រ្ត ថាមពលពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡាដែលកំពុងពេញនិយមខ្លាំងនៅក្នុងពិភពលោក កំពុងទាក់ទាញឲ្យគេចាប់អារម្មណ៍ វិនិយោគច្រើនជាងការវិនិយោគទៅលើការផលិតប្រេង។ ឧទាហរណ៍ នៅពេល ការវិនិយោគទៅលើការរុករក និងធ្វើអាជីវកម្មប្រេងមានទំហំប្រាក់ ៣៧០ពាន់លានដុល្លារ ការវិយោគលើថាមពលសូឡា មានដល់ទៅ ៣៨០ ពាន់លានដុល្លារ ពោល គឺច្រើនជាង ១ពាន់លានដុល្លារ។
ថាមពលពន្លឺព្រះអាទិត្យ ជាថាមពលពេញនិយម
តាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនជាកត្តាជួយជំរុញឲ្យការវិនិយោគលើថាមពលស្អាតស្អំ កើនឡើងគួរឲ្យកត់សំគាល់យ៉ាងដូច្នេះ។ នៅទឹកដីអឺរ៉ុបផ្ទាល់ ដោយសារតែអឺរ៉ុបឈប់ទិញប្រេង និងឧស្ម័នពីរុស្ស៊ី បូកផ្សំ និងតម្លៃថាមពលឡើងថ្លៃ នៅទីផ្សារអន្តរជាតិ (ម្យ៉ាងដោយសារសង្រ្គាមនៅអ៊ុយក្រែន និងតម្រូវការថាមពលសម្រាប់ការចាប់ផ្តើមសេដ្ឋកិច្ចនៅក្រោយ សម័យកូវីដ) អឺរ៉ុបចាប់ផ្តើមបង្កើនការវិនិយោគលើថាមពលស្អាតស្អំ ដែលមានទីតាំង នៅក្នុងស្រុក ដែលគេអាចជឿជាក់ និងអាចធានាការផ្គត់ផ្គង់ថាមពលសម្រាប់តម្រូវការក្នុងស្រុក ដោយមិនចាំបាច់ខ្វល់បារម្ភការផ្គត់ផ្គង់ពីបរទេស។
ម្យ៉ាង វិស័យថាមពលស្អាតស្អំ នៅក្នុងពិភពលោកបានរីកដុះដាលខ្លាំង នៅប៉ុន្មានឆ្នាំមកនេះ ក៏ដោយមកពីមានការផ្តល់ជំនួយលើកទឹកចិត្ត ពីសំណាក់រដ្ឋាភិបាល ដូចជានៅ អាមេរិក សហភាពអឺរ៉ុប ជប៉ុន និងចិនជាដើម ដែលបានបង្កើនកញ្ចប់ថវិកាបៃតង វិនិយោគទៅលើថាមពលស្អាតស្អំ នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុនៃការឡើងកំដៅផែនដី។
កុំអាលអរ ព្រោះការវិនិយោគលើថាមពលផូស៊ីលនៅតែកើនឡើងដដែល
ទោះជាការវិនិយោគលើទៅលើថាមពលស្អាតស្អំ មានទំហំទឹកប្រាក់ច្រើនជាងថាមពលផូស៊ីល ដែលបំពុលខ្យល់បរិយាកាស និងបញ្ចេញឧស្ម័នកាបូនិកក្រាស់ក្រែល នៅលើផែនដីមែន ប៉ុន្តែ ទំហំប្រាក់វិនិយោគលើថាមពលផូស៊ីលនៅតែកើនឡើង មិនព្រមថយចុះស្រកទាល់តែសោះ។ ជាក់ស្តែង នៅឆ្នាំមុន និងឆ្នាំនេះ ការផលិតប្រេង នៅតែទាក់ទាញការវិនិយោគប្រមាណ ១ទ្រីលានដុល្លារ។
នៅក្នុងការវិនិយោគទៅលើថាមពលផូស៊ីលទៀតសោត គេសង្កេតឃើញថា ការវិនិយោគទៅលើថាមពលធ្យូងថ្ម នៅឆ្នាំ ២០២៣ មានតែកើនឡើង ប្រមាណ ១៥%ក្នុងមួយឆ្នាំៗ។ ការវិនិយោគទៅលើថាមពលធ្យូងថ្ម កើនឡើង នៅបន្ទាប់ពី ប្រទេសកាន់តែច្រើនជាពិសេសនៅអឺរ៉ុប ដែលលែងទិញប្រេងឧស្ម័នរុស្ស៊ី និងដោយសារតម្លៃថាមពលឡើងថ្លៃ បានងាកទៅចាប់វិនិយោគ ដាក់ឲ្យដំណើរការឡើងវិញ រោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម។
នេះមិនមែនជារឿងល្អនោះទេ ព្រោះថា ការវិនិយោគលើធ្យូងថ្មសព្វថ្ងៃនេះ នៅតែ ច្រើន ជាងកម្រិតចង់បានរបស់ទីភ្នាក់ងារថាមពលអន្តរជាតិដល់ទៅ ៦ដង។ នៅក្នុងរបាយការណ៍កន្លងមក ទីភ្នាក់ងារថាមពលអន្តរជាតិបានប្រាប់ហើយថា បើសិនគេចង់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ចង់បានអព្យាក្រឹត្យកាបូន ដើម្បីចូលរួមទប់ស្កាត់កុំឲ្យផែនដីឡើងកំដៅ លើស ១,៥អង្សា ប្រទេសនៅក្នុងពិភពលោក ត្រូវតែកាត់បន្ថយការវិនិយោគ និងការប្រើប្រាស់ថាមពលផូស៊ីល ឲ្យបានអតិបរមា និងងាកបែរទៅវិនិយោគលើថាមពលស្អាតស្អំវិញ។
មួយវិញទៀត ទីភ្នាក់ងារថាមពលអន្តរជាតិ មិនសូវជាត្រេកត្រអាលខ្លាំងនឹងកំណើននៃការវិនិយោគលើថាមពលស្អាតស្អំ ព្រោះថា ការវិនិយោគលើថាមពលស្អាតស្អំផ្តោតប្រមូលផ្តុំតែនៅប្រទេសអ្នកមាន ប្រទេសមហាអំណាចធំៗ ដែលមានលទ្ធភាព មានមធ្យោបាយច្រើន ដូចជា ប្រទេសចិន អាមេរិក និងសហភាពអឺរ៉ុបជាដើម។
សម្រាប់ ទីភ្នាក់ងារថាមពលអន្តរជាតិ ដើម្បីកាត់បន្ថយគម្លាត គេគួរចែករំលែក ផ្តល់ជំនួយដល់ប្រទេសក្រីក្រ ប្រទេសដែលអាចទាញផលប្រយោជន៍ពីថាមពលពន្លឺព្រះអាទិត្យ ដូចជាប្រទេសនៅតំបន់អាហ្វ្រិក នៅអាស៊ីជាដើម៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ