banner1
ថៃចង់ឲ្យបើក​ព្រំដែន​ឡើង​វិញ​ជាមួយកម្ពុជា​ នៅតំបន់​ប្រាសាទ​ព្រះ​វិហារ

 24-ឧសភា-2023

ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចង់​ឲ្យមានការបើកឡើងវិញនូវព្រំដែន​ទៅកាន់ប្រាសាទព្រះវិហារ​ដែល​ជាប់គ្នា​នឹងខេត្តស៊ីសាកេតរបស់​ថៃ ដើម្បីដំណើរការវិស័យទេសចរណ៍។ នេះបើតាម​ការ​ចុះផ្សាយ​របស់​បាងកកប៉ុស្តិ៍នៅថ្ងៃចន្ទនេះ។ ការ​លើក​ឡើង​នេះ គឺបន្ទាប់​ពី​ព្រំដែន​តំបន់​ប្រាសាទ​វិហារ​ត្រូវបាន​បិទអស់រយៈ​ពេល​១៥​ឆ្នាំ ចាប់តាំងពី​កងទ័ព​នៃប្រទេសទាំងពីរ បាន​ប៉ះទង្គិចគ្នា​ដោយ​ប្រដាប់​អាវុធ​អំឡុង​ឆ្នាំ​២០០៨ ដែល​ធ្វើ​ឲ្យ​ច្រកទេសចរណ៍​មួយនេះ​ត្រូវបាន​បិទទាំងស្រុង។

ប្រភពក្នុងស្រុកមួយរបស់​ថៃ​បាននិយាយថា មានការប៉ុនប៉ងជាច្រើនពីប្រទេសថៃក្នុងការចាប់ដៃជាមួយកម្ពុជាដើម្បីបើកច្រកទេសចរណ៍ចូល​ទៅ​ប្រាសាទ​ព្រះ​វិហារឡើងវិញ។ ឧទាហរណ៍ អភិបាលខេត្ត Ubon Ratchathani មួយរូបបានស្នើឱ្យកម្ពុជាអនុញ្ញាតឱ្យភ្ញៀវទេសចរចូលប្រាសាទព្រះវិហារតាមច្រកខេត្តស៊ីសាកេត។ ប៉ុន្តែសំណើ​នេះ​ត្រូវ​បាន​ច្រានចោល​ទាំងស្រុង​ក្រោម​លេស​ថា​មាន​តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​សម្រេច។

កាល​ពី​ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បាន​ទាមទារ​ឲ្យ​ភាគី​ទាំង​ពីរ​ដក​កង​ទ័ព​ដែល​ឈរ​ជើង​នៅ​មុខ​ប្រាសាទ​ព្រះវិហារ​ចេញឲ្យអស់ បន្ទាប់ពីមានបណ្តឹង​របស់​កម្ពុជា​ទៅកាន់​តុលាការ​មួយនេះ។ ទោះ​ជា​យ៉ាង​ណា សេចក្តី​សម្រេច​របស់​តុលាការ ICJ ​បាន​អនុញ្ញាត​ឲ្យ​ថៃ និង​កម្ពុជា​ដាក់​ពង្រាយ​កម្លាំង​ល្បាត​តាម​នៅ​តាម​ព្រំដែន​ខាងក្រៅបាន។

ទោះបីជាសេចក្តីសម្រេចរបស់ ICJ បាននិយាយថា ថៃ និងកម្ពុជា គួរតែស្វែងរកកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីបង្កើតតំបន់ទេសចរណ៍ជុំវិញប្រាសាទព្រះវិហារ ចាប់តាំងពីបទឈប់បាញ់ក្នុងឆ្នាំ ២០១១ក៏ដោយតែកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនេះត្រូវបានបិទទាំងស្រុងរយៈពេល១៥​ឆ្នាំមកហើយ។

បើទោះបីជាបទឈប់បាញ់​បានអនុវត្តរយៈពេល ១២ឆ្នាំក៏ដោយតែ កម្ពុជា និងថៃបានព្រមព្រៀងគ្នាត្រូវតែមានមន្ត្រីមកពីប្រទេសថៃ ៥ នាក់ និងពីកម្ពុជា ៥ នាក់ ឈរជើងនៅចំណុចសម្របសម្រួលព្រំដែន ដើម្បីជួយបកប្រែ និងសម្របសម្រួលចលនារបស់ពួកគេ ជៀសវាងការយល់ច្រឡំ។

បើតាម​កាសែតថៃដដែលនេះ ក្រៅ​ពី​ការពារ​ព្រំដែន ទាំង​ទាហាន​ថៃ និង​ខ្មែរ​នៅ​តំបន់​នោះ បាន​ចំណាយ​ពេល​លេង​កម្សាន្ត​ជាមួយ​គ្នា​ដូច​ជា​លេង​បាល់ទះ បាល់​ផ្តៅ និង​ប៉េតង់។

ប្រភព​ដដែល​បន្ត​ថា ដំណោះស្រាយ​ដ៏​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​បន្ធូរបន្ថយ​ជម្លោះ​ព្រំដែន​រវាង​ថៃ និង​កម្ពុជា គឺ​ការ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​ទឹកដី​ខេត្ត​ស៊ីសាកេត និង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​ក្នុង​តំបន់ Pha Mor E-Daeng ក្នុង​ឧទ្យានជាតិ Khao Phra Viharn។ គេរំពឹងថា លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងដោះស្រាយវិវាទជុំវិញប្រាសាទព្រះវិហារ ដែលអាចឈានទៅដល់ការដកទ័ពជាអចិន្ត្រៃយ៍ និងអនុញ្ញាតឲ្យបើក​ច្រកទេសចរណ៍នេះប្រកបដោយនិរន្តរភាពនាពេលអនាគត។នេះ​បើតាម​បាងកកប៉ុស្តិ៍៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា