banner1
ក្រុមប្រទេស​ហ្សេ៧ (G7) សម្រេច​ចាប់​អនុវត្តយន្តការថ្មី​ ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក

 15-ឧសភា-2023

ក្នុង​ឱកាស​ជួប​ប្រជុំ​នៅទីក្រុង​នីហ្កាតា ប្រទេស​ជប៉ុន ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​គេទាំង៧​ (G7) បាន​សម្រេច​ព្រមព្រៀង​គ្នា ​ផ្តើម​អនុវត្តចាប់ពី​​ដំណាច់​ឆ្នាំ​២០២៣នេះ​ទៅ​​យ៉ាង​យូរ នូវ​យន្តការ​ថ្មី សំដៅ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក។ ការ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ ឱ្យ​ទូលំទូលាយ​ ជា​មធ្យោបាយមួយ​​ កាត់​បន្ថយ​ភាព​រំពឹង​លើ​ចិន។

យន្តការ​ថ្មី គឺ​ជា​ប្រព័ន្ធ​ដែល​មាន​បូកផ្សំ​​ជំនួយ​ហិរញ្ញវត្ថុ ការ​ផ្តោះប្តូរចំណេះ​ធ្វើ និង​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​មាន​ចំណូលទាប​និង​ចំណូល​មធ្យម ដើម្បី​ជួយ​ពួកគេ​ឱ្យ​ដើរ​តួនាទី​ខ្ពស់​ មាន​តម្លៃ​មិន​អាច​ខ្វះ​បាន​ក្នុង​ដំណើរការ​ឧស្សាហកម្ម​ពិភពលោក។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ហ្សេ​៧ ក្រោយ​ការ​បិទ​បញ្ចប់​ជំនួប​ប្រជុំ​នៅទីក្រុង​នីហ្កាតា ប្រទេស​ជប៉ុន​ ថ្ងៃសៅរ៍​ទី ១៣ឧសភា។

ក្រុម​ហ្សេ​៧ បាន​ប្រសិទ្ធនាម​ឱ្យយន្តការ​ថ្មី​នេះ​ថា Rise Resilient and inclusive Supply-chain Enhancement ដែល​អាច​បក​ប្រែបាន​ថា ការ​ពង្រឹង​បណ្តាញ​ផ្គត់ផ្គង់​ដែល​ធុន​និង​មិន​ចោល​នរណា​ម្នាក់សោះ។ យន្តការ​ដែល​ចំណុច​គោលៗ​ត្រូវ​បាន​បង្ហើប​បង្ហាញ​តាំងពី​ខែ​មេសា​ នឹង​មាន​ដំណើរការ​អមដោយ​កិច្ចសហការ​ជាមួយ​ធនាគារ​កណ្តាល​ពិភពលោកនិង​ស្ថាប័ន​អង្គការ​អន្តរជាតិ​មាន​សមត្ថកិច្ច​ជា​ច្រើន​ផ្សេង​ទៀត។

យន្តការ ​​កាត់​បន្ថយ​ភាព​រំពឹង​តែ​លើ​​ចិន

ដោយជាក់ស្តែង​ទៅ​នោះ យន្តការ​ថ្មី ត្រូវ​ជួយ​ជាឧទាហរណ៍​ប្រទេស ឱ្យ​ត្រឹម​តែ​អាច​ទាញ​យក​ធនធាន​រ៉ែ​ធម្មជាតិ​ ចេញ​ពី​ដី មក​ធ្វើ​ជា​វត្ថុធាតុដើម​សម្រាប់​​​ឧស្សាហកម្ម​ទេ តែ​ត្រូវ​ឱ្យ​ប្រទេស​នោះ​មាន​សមត្ថភាព​កែច្នៃ​ធនធាន​ធម្មជាតិ​នោះ​នៅផ្ទាល់​នឹង​កន្លែង​តែ​ម្តង។ ការ​ធ្វើ​បែ​ប​នេះ​នឹង​អាច​បញ្ចៀស​មិន​ឱ្យ​គេ​ទៅ​ពឹង​ពាក់​ចិន បាន​មួយ​ចំណែក។ ប៉ុន្តែបើ​តាម​អនុរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន អះអាង​ប្រាប់​អ្នក​សារព័ត៌មាន ​កញ្ចប់​ថវិកា​សម្រាប់​ដំណើរការ​យន្តការ​ថ្មីនេះ​នៅ​ពុំ​ទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ។ បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក ជា​វិស័យ​យុទ្ធសាស្ត្រ​ខ្លាំងណាស់។ ការ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ នេះ​ឱ្យ​ទូលំទូលាយ​ ដែល​ជា​គំនិត​ស្រប​គ្នា​របស់​ប្រទេស​ហ្សេ៧ គឺ​ជា​មធ្យោបាយ​ កាត់​បន្ថយ​ភាព​រំពឹង​លើ​ចិន ក្នុង​វិស័យ​យុទ្ធសាស្ត្រមួយ និង​មាន​ទិសដៅ​​​កាត់​បន្ថយ​ហានិភ័យ​នៃ​បណ្តាញ​ផ្គត់ផ្គង់​ មិនមែន​ជា​លុប​បំបាត់​​ទំនាក់ទំនង​ជាមួយចិន​ទេ។

​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ហ្សេ​៧​ទាំងអស់ ​មិន​បាន​ចាត់​ទុក​យន្តការ​ថ្មី​នេះ​ជា​ផែនការ​ប្រឆាំង​ចិនដែរ។ គ្មាន​ទេ​ឈ្មោះឬ​ពាក្យ​ “ប្រទេស​ចិន” ចែង​ក្នុង​សេចក្តីថ្លែងការណ៍​។ គ្មាន​សោះ​ការ​ដៅ ចង្អុល​ ឬ​បន្ទោស​ចិន​នោះ។ ការ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក​ អាច​ចូល​រួម​ចំណែក​រក្សា​និងការពារ​សុវត្ថិភាព​ថាមពល និង​ជួយ​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច។ នេះ​ជា​ហេតុផល​បញ្ជាក់​ដោយ​ក្រុម​រដ្ឋមន្ត្រី​ហ្សេ៧។ លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន ថែម​ទាំង​បាន​លើក​ឧទាហរណ៍ចំៗ​មក​រំលេច​សេចក្តី​សម្រេច​របស់​ហ្សេ​៧​ថា ​វិបត្តិរាតត្បាត​សកល​​កូវីដ​១៩ ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ អំពី​គុណវិបត្តិ​នៃ​ការ​ផ្តុំ​បណ្តាញ​ផ្គត់​ផ្គង់​ពិភពលោក តែ​មួយ​ដុប។ ការ​បិទ​ខ្ទប់​ប្រទេស​ដ៏​យូរ​របស់​ចិន កាលពី​ឆ្នាំទៅ​បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ពិភពលោក​រអាក់រអួល​យ៉ាង​ខ្លាំង។​

G៧ និង​អ៊ុយក្រែន

ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ ក្រុមហ្សេ​៧ (សហរដ្ឋ​អាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស​ បារាំង​ អ៊ីតាលី និង​កាណាដា បាន​ប្រកាស​គាំទ្រ​អ៊ុយក្រែន​ជា​ថ្មី ដោយ​ឥតងាករេ និង​ថ្កោលទោស​សង្គ្រាម​ឈ្លានពានខុស​ច្បាប់​និង​គ្មាន​ហេតុផល​របស់​រុស្ស៊ី។ ជា​ការ​គាំទ្រផ្នែក​ថវិកា​និង​សេដ្ឋកិច្ច​ សម្រាប់​អ៊ុយក្រែន ដែលមាន​ទំហំឡើង​ដល់៤៤ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០២៣ និង​ដើម​ឆ្នាំ​២០២៤ ទល់​នឹង​៣៩ពាន់​លាន​ដុល្លារ​គិត​ត្រឹម​សេចក្តីប្រកាស​នៅ​ខែ​កុម្ភៈ។ ហ្សេ​៧​បាន​រំលឹក​អំពី​ឆន្ទៈ​ដាច់​ខាត​របស់​ខ្លួន​ក្នុង​ការប្រយុទ្ធ​​ប្រឆាំងនឹង​ការ​ប៉ុនប៉ង​ពង្វាង​ទណ្ឌកម្ម​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​ដែល​ដាក់​លើ​រុស្ស៊ី តែ​មិន​បាន​ប្រកាស​វិធានការ​ថ្មី ឬ​ចង្អុល​មុខ​ប្រទេស​ណា​ជា​អ្នក​ជួយ​ពង្វាង​ទណ្ឌកម្ម​ទេ។

G៧និង​អាកាសធាតុ

ជំនួប​ប្រជុំ​បី​ថ្ងៃ​នេះ បាន​ការ​ចូល​រួម​ពី​សំណាក់ធនាគារកណ្តាល និង​អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​អន្តរជាតិ​ធំៗ​ដូច​ជា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​ពិភពលោក ព្រមទាំង​ជាការ​ជួប​ជុំ​ត្រៀម​លក្ខណៈ​បើក​ជំនួប​កំពូល​ហ្សេ​៧​ នៅ​អ៊ីរ៉ូហ្ស៊ីម៉ា​ ផង មានលើក​​យកប្រធានបទ​ជា​ច្រើន​ផ្សេង​ទៀត​​ មក​ជជែក​ ដូច​ជា​វិស័យ​ធនាគារ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុ ឬ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ហ្សេ​៧ ត្រូវ​ជួយ​ក្រុមប្រទេស​ទាំង​អស់​នេះ​ឆ្លង​អន្តរកាល​ថាមពលផង និង​ជួយ​កំរិត​ផលវិបាក​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្តៅ​អាកាសធាតុ​ចំពោះ​សេដ្ឋកិច្ច​និង​ប្រជាពលរដ្ឋ​ផង។ កញ្ចប់​ថវិកា​ថ្មី សម្រាប់ពិភពលោក​ប្រឈម​នឹង​អាកាសធាតុ នឹង​ត្រូវ​លើក​មក​ជជែក​នៅក្នុង​ជំនួប​កំពូល​នៅទីក្រុង​ប៉ារីស នា​ចុង​ខែ​មិថុនា​ខាង​មុខ ដែល​ជា​ដំណាក់កាល​ដ៏​សំខាន់​សម្រាប់​ផ្តល់​សន្ទុះ​ដល់​សន្និសីទ​អាកាសធាតុ​ពិភពលោក COP២៨ នៅ​ក្រុង​ឌូបៃ​៕

ប្រភពព័ត៌មាន៖ វទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា