វិបត្តិស្បៀងអាហារសកលនៅមានកម្រិតខ្ពស់ទោះសង្គ្រាមបានកន្លងផុតទៅមួយឆ្នាំ
10-ឧសភា-2023
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលច្រើនជាងមួយឆ្នាំរួចទៅហើយ គិតមកដល់ពេលបច្ចុប្បន្ន។ សង្គ្រាមនេះបានធ្វើឱ្យទីផ្សារទំនិញកសិកម្ម និងតម្លៃម្ហូបអាហារសកល កើនឡើងក្នុងកម្រិតខ្ពស់បំផុត នៅដើមឆ្នាំ២០២២ ប៉ុន្តែបានធ្លាក់ចុះសន្សឹមៗរហូតមកដល់ថ្ងៃនេះ។ ទោះជាយ៉ាងណា មានប្រជាជនប្រមាណ១ពាន់លាននាក់ នៅក្នុងបណ្ដាប្រទេសយ៉ាងច្រើនដែលត្រូវរងគ្រោះ និងមានភាពផុយស្រួយនៅឡើយ។
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានលើកឡើងកាលពីខែមីនា ថា ទោះជាតម្លៃកសិកម្ម និងម្ហូបអាហារបានធ្លាក់ចុះសន្សឹមៗ ក្នុងរយៈពេល ១១ខែជាប់ៗគ្នា ប៉ុន្តែវាបានធ្វើឱ្យតម្លៃម្ហូបអាហារធ្លាក់ចុះតែ ១៩ភាគរយប៉ុណ្ណោះ ប្រៀបធៀបជាមួយកម្រិតថ្លៃខ្ពស់បំផុត កាលពីខែមីនាឆ្នាំមុន។
តួលេខផ្លូវការបង្ហាញថា កម្រិតអតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នៅតែមានកម្រិតខ្ពស់ជាងកម្រិតមធ្យម សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែ កម្រិតអតិផរណាកំពុងវិលត្រលប់ទៅរកកម្រិតនៅពីមុនសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ផ្អែកតាមសន្ទស្សន៍តម្លៃអាហាររបស់អង្គការ FAO លទ្ធផលបង្ហាញថា ប្រេងបន្លែ រួមជាមួយនឹងទឹកដោះគោ និងធញ្ញជាតិ បានធ្លាក់ថ្លៃ នៅពេលដែលស្ករ និងសាច់មានការប្រែប្រួលតិចតួច ចាប់តាំងពីដើមឆ្នាំមុន។
អង្គការមូលនិធិអន្ដរជាតិ (IMF) និងស្ថាប័នពិភពលោកផ្សេងទៀតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះ ស្តីពីសន្តិសុខស្បៀង ថា រដ្ឋាភិបាល និងម្ចាស់ជំនួយត្រូវតែបង្កើនការគាំទ្របន្ថែមសម្រាប់ជួយដល់ក្រុមពលរដ្ឋងាយរងគ្រោះបំផុត រួមផ្សំនឹងការជួយសម្រួលដល់ដំណើរការពាណិជ្ជកម្ម និងទីផ្សារ ដែលបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ពួកគាត់។
ប្រធានអង្គការ FAO អង្គការមូលនិធិអន្ដរជាតិ ធនាគារពិភពលោក កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “សកម្មភាពរួមគ្នាបន្ថែមទៀតលើវិស័យសំខាន់ៗគឺចាំបាច់ណាស់ដើម្បីទប់ស្កាត់វិបត្តិដ៏យូរអង្វែង រួមមានវិបត្តិសន្តិសុខស្បៀង និងវិបត្តិអាហារូបត្ថម្ភសកល។”
រហូតមកដល់ពេលនេះ កម្មវិធី Food Shock Window ថ្មីរបស់ អង្គការមូលនិធិអន្ដរជាតិបានគាំទ្រប្រទេសហ្គីណេ ហៃទី ម៉ាឡាវី ស៊ូដង់ខាងត្បូង និងអ៊ុយក្រែន។ លើសពីនេះទៀត ប្រទេសចំនួនប្រាំបួនដែលប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរក៏ទទួលបានអត្ថប្រយោជន៍ពីជំនួយហិរញ្ញវត្ថុរបស់ IMF តាមរយៈកម្មវិធីថ្មី ឬកម្មវិធីដែលមានស្រាប់ ដោយផ្តោតលើការពង្រឹងជំនួយកម្មវិធីសុវត្ថិភាពសង្គម និងគោលនយោបាយដើម្បីជួយដោះស្រាយផលប៉ះពាល់នៃវិបត្តិស្បៀងអាហារ។
យោងតាម កម្មវិធីស្បៀងអាហារពិភពលោក (WFP) ពិភពលោកប្រឈមនឹងវិបត្តិភាពអត់ឃ្លានជាសកល ក្នុងកម្រិតមិនធ្លាប់មានពីមុនមក។ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ចំនួនមនុស្សដែលប្រឈមមុខ ឬប្រឈមនឹងហានិភ័យនៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ បានកើនឡើងពី១៣៥លាននាក់ នៅក្នុង៥៣ប្រទេស មុនការរាតត្បាតជំងឺកូវីដ១៩ ដល់៣៤៥លាននាក់ក្នុង ៨២ប្រទេសនាពេលបច្ចុប្បន្ននេះ។ ជាទូទៅ នៅពេលដែលសង្គមមួយមានវិបត្តិ មិនថាវិបត្តិនោះជាវិបត្តិសេដ្ឋកិច្ច ឬវិបត្តិស្បៀងអាហារ ស្រ្ដី និងកុមារីត្រូវប្រឈមមុនគេ។
អង្គការ FAO បានប៉ាន់ប្រមាណថា ក្នុងចំណោមបណ្ដាប្រទេសដែលងាយរងគ្រោះបំផុតគឺប្រទេសអភិវឌ្ឍន៍តិចតួច ឬប្រទេសដែលមានចំណូលទាប។ ប្រទេសទាំងនេះមានជម្រើសតិចតួច ប៉ុន្តែត្រូវចំណាយក្នុងការនាំចូលស្បៀងអាហារ ក្នុងបរិមាណតិចជាងមុន។ រដ្ឋអនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិក និងប្រទេសផ្សេងទៀតដែលទិញអាហារច្រើនជាងពួកគេនាំចេញ ក៏ទំនងជាប្រឈមនឹងការកើនឡើងថ្លៃដើមនៃផលិតកម្ម ហើយពួកគេនឹងទទួលបាននូវស្បៀងអាហារសំខាន់ៗតិចជាងមុន។
នៅក្នុងតំបន់មួយចំនួនដូចជា នៅអាហ្រ្វិកខាងកើត និងម៉ាដាហ្គាស្កា ពួកគេបានជួបប្រទះនឹងគ្រោះរាំងស្ងួត និងទុរ្ភិក្សរួចហើយ ហើយការកើនឡើងតម្លៃស្បៀងអាហារត្រូវគេរំពឹងថានឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ