តម្លៃប្រេងឆៅលើទីផ្សារបានហក់ឡើងយ៉ាងខ្លាំង ប្រមាណជាង៥% នៅថ្ងៃចន្ទទី ៣មេសា២០២៣នេះ ក្រោយពីក្រុមប្រទេសនាំប្រេងចេញប្រកាសកាត់បន្ថយការបូមប្រេង ចាប់ពីខែឧសភាទៅ រហូតដល់ដំណាច់ឆ្នាំ។ សម្រាប់ក្រុមអ្នកផលិតប្រេង នេះជាវិធានការបង្ការដើម្បីទ្រទ្រង់ស្ថិរភាពទីផ្សារ។
បញ្ចុះបរិមាណបូមប្រេង នឹងប្រព្រឹត្តទៅនៅគ្រប់ទីកន្លែង និងដោយសហការសម្របសម្រួលជាមួយគ្រប់ប្រទេសជាសមាជិកនិងមិនមែនជាសមាជិកអង្គការប្រទេសអ្នកនាំចេញប្រេង Opep ទាំងអស់។ អ៊ីរ៉ាក់ អាល់ហ្សេរី អារាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម អូម៉ង់ និងកូវែត នឹងកាត់បន្ថយការបូមប្រេងចាប់ពីខែឧសភា រហូតដល់ដំណាច់ឆ្នាំ។ ជាការកាត់បន្ថយបរិមាណ ផលិតកម្មបូមប្រេងសរុបចំនួន ប្រមាណ១លានធុងបារីលក្នុងមួយថ្ងៃ ពោលគឺជាកាត់បន្ថយដ៏ខ្លាំងបំផុតគិតតាំងពីខែតុលាមក។ នេះបើតាមប្រភពក្រសួងថាមពលអាល់ហ្សេរី ដោយពន្យល់ថា តម្លៃប្រេងលើទីផ្សារក្នុងខែមីនា បានធ្លាក់ចុះថោកខ្លាំង (ក្រោម៨០ដុល្លារក្នុងមួយធុងបារីស) ដែលក្រុមប្រទេសអ្នកផលិតមិនអាចទទួលយកបានទេ។ សម្រាប់អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់ … ការបន្ថយផលិតកម្មពេលនេះ ជាវិធានការ ប្រកបដោយទំនួលខុសត្រូវ ដោយការស្ម័គ្រចិត្ត និងជាវិធានការបង្ការ ដើម្បីនាំទីផ្សារប្រេងឱ្យមានសិ្ថរភាព។
ថ្វីបើអ្នកជំនាញគិតថាអាចនឹងមានករណីកាត់បន្ថយការបូមប្រេងជាថ្មីទៀតមែន ប៉ុន្តែពួកគេភ្ញាក់ផ្អើលបំផុត នៅពេលឃើញទំហំនៃការបញ្ចុះ ព្រោះវាជាការកាត់បន្ថយ ជាន់បន្ថែមពីលើកិច្ចព្រមព្រៀងកាលពីខែតុលា២០២២ ដែលសម្រេចបន្ថយផលិតកម្មប្រេងចំនួន២លានធុងបារីលក្នុងថ្ងៃដើម្បីទ្រទ្រង់តម្លៃប្រេងឆៅលើទីផ្សារ។ ជាប្រតិកម្ម តម្លៃប្រេងឆៅបានស្ទុះឡើងថ្លៃ ជាង ៥% នៅព្រឹកថ្ងៃចន្ទទី៣មេសានេះ។
សេចក្តីប្រកាសកាត់បន្ថយការបូមប្រេងថ្ងៃនេះ ធ្វើឡើងចំពេលដែលគណៈកម្មការអន្តរក្រសួង នៃអង្គការប្រទេសនាំចេញប្រេងនិងសម្ព័ន្ធមិត្ត Opep+ ត្រូវជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ។ កាលពីខែកុម្ភៈ សមាជិកគណៈកម្មការនេះ បានបញ្ជាក់ម្តងហើយ អំពីការប្តេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងបញ្ចុះការបូមប្រេងខែតុលានោះ ដោយមិនខ្វល់នឹងការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យដំឡើងបរិមាណបូមប្រេងប្រចាំថ្ងៃ ដើម្បីទប់ទល់អតិផរណា និងការបើកសេដ្ឋកិច្ចឡើងវិញរបស់ចិន៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com