banner1
ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតយល់ព្រមទិញភាគហ៊ុនចំនួន១០% របស់​ក្រុមហ៊ុន​ប្រេងចិន

 30-មីនា-2023

ជំនួញប្រេង​រវាង​អារ៉ាប៊ី សាអូឌីត​និងប្រទេស​ចិន កាន់តែរីកធំ ជាលំដាប់។ នៅថ្ងៃ​ចន្ទ Aramco ក្រុមហ៊ុនប្រេង​អារ៉ាប៊ី សាអូឌីត ដែលជា​ក្រុមហ៊ុន​នាំចេញ​ប្រេង​ធំជាងគេ​នៅក្នុង​ពិភពលោក បាន​ប្រកាសថា ក្រុមហ៊ុន​យល់ព្រមទិញភាគហ៊ុន​​១០%​របស់​ក្រុមហ៊ុន​ប្រេងចិន RongSheng។ កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ចិន ស​បញ្ជាក់​ពី​ជំនឿទុកចិត្ត​របស់​អារ៉ាប៊ី សាអូឌីត ប្រទេស​មហាសេដ្ឋីប្រេង ទៅលើ​ភាពរឹងមាំ​នៃ​វិស័យ​នាំចូលប្រេង​របស់​ចិន។

នៅក្នុងសេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ ក្រុមហ៊ុន​ប្រេង​ដ៏ធំជាងគេ​របស់​អារ៉ាប៊ី សាអូឌីត​អះអាង​ថា ការយល់ព្រមព្រៀង​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុនប្រេង​ចិន Rongsheng ឆ្លុះបញ្ចាំង​ពី​ការធ្វើជំនួញ​យូរអង្វែង​របស់ក្រុមហ៊ុនប្រេង​អារ៉ាប៊ី សាអូឌីត ជាមួយ​ប្រទេសចិន។ ក្រុមហ៊ុន​Aramco របស់​អារ៉ាប៊ីសាអូឌីត​ទើបប្រកាស​ទទួល​បាន​​ប្រាក់ចំណេញ​ពីការលក់ប្រេង ប្រមាណ ១៦១ពាន់លាន​ដុល្លារ ពោលគឺ កើនឡើង ៤៦% នៅ​ឆ្នាំ២០២២។

ការប្រកាស​ទិញ​ភាគហ៊ុន​១០%​របស់​ក្រុមហ៊ុន​ប្រេង​ចិន ដែលមានតម្លៃ​ជាង ៣ពាន់លាន​ដុល្លារ  ជាលទ្ធផល​នៃ​ការយល់ព្រមព្រៀងគ្នា តាំង​ពី​ឆ្នាំ ២០១៨ រវាង​ក្រុមហ៊ុន​ប្រេង​អារ៉ាប៊ីសាអូឌីត Aramco​ និង​អាជ្ញាធរចិន​នៅ​ខេត្ត Zhejiang (ភាគខាងកើត​ប្រទេស​ចិន)។ មួយវិញទៀត ដោយចុះ​កិច្ចព្រមព្រៀង​ទិញ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង​ចិន ក្រុមហ៊ុន​ប្រេង Aramco របស់​អារ៉ាប៊ីសាអូឌីត ត្រូវ​ធានាផ្គត់ផ្គង់ លក់ប្រេង​ប្រមាណ ៤៨០ ០០០​បារីល ក្នុង​មួយថ្ងៃ ទៅ​ឲ្យក្រុមហ៊ុន​ចិន សម្រាប់​រយៈពេល ២០ឆ្នាំ។

ការប្រកាស​ទិញភាគហ៊ុន​របស់ក្រុមហ៊ុនចិន ធ្វើឡើង​នៅ​មួយថ្ងៃ​ក្រោយ ដែលក្រុមហ៊ុនប្រេង ​អារ៉ាប៊ីសាអូឌីត ដដែល​ចុះកិច្ចសន្យាចូលរួមជាមួយក្រុមហ៊ុន​រដ្ឋចិន​ចំនួន ពីរ ដើម្បី សាងសង់​រោងចក្រ​ចម្រាញ់ប្រេង និង​រោងចក្រ​ចម្រាញ់​សារធាតុគីមី​ចេញពី​ប្រេង នៅ​ខេត្ត Liaoning ដែលនឹង​អាច​ចាប់ដំណើរការ នៅ​ឆ្នាំ ២០២៦។

នេះជា​លើកទី១ ដែលអារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ដ៏ធំ គិតចាប់តាំង ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន នៅរីយ៉ាដ កាលពីខែ​ធ្នូ ចុងឆ្នាំ មុន ដែលនៅក្នុងនោះ ​ប្រមុខរដ្ឋចិន​បានអំពាវនាវ​ឲ្យ​មានការដោះដូរលក់ប្រេង ដោយប្រើលុយយ័ន។ ម្យ៉ាង វាធ្វើឡើង​នៅ​ប៉ុន្មាន​សប្តាហ៍ក្រោយ ដែល​ចិន​ចូលរួមជួយ សម្របសម្រួល​ឲ្យ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់ និយាយចុះសម្រុង ភ្ជាប់ចំណងការទូត​នឹងគ្នាឡើងវិញ។

ការវិនិយោគ​របស់​ក្រុមហ៊ុន​ប្រេង​អារ៉ាប៊ី សាអូឌីត ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធិ​រវាង​រីយ៉ាដ និងប៉េកាំងបាន​ធ្វើ​ឲ្យ​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ របស់​អារ៉ាប៊ីសាអូឌីត ព្រួយបារម្ភ​ពីបញ្ហា​អសន្តិសុខ។ ប៉ុន្តែ អារ៉ាប៊ី សាអូឌីត ក៏ដូចជា​អេមេរ៉ាតអារ៉ាប់រួម បានបង្ហាញជំហរហើយថា ពួកគេ​មិន​ជ្រើសរើស​ភាគីជម្លោះ​ណា​ទាំងអស់។ ផ្ទុយទៅវិញប្រទេស​មហាសេដ្ឋីប្រេង​ទាំងពីរ​នឹង​បង្កើន​ដៃគូធ្វើ​ជំនួញ ដើម្បី​ផលប្រយោជន៍សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិរបស់ខ្លួន។

ដោយ​បង្កើន​ការផ្គត់ផ្គង់ប្រេង​ទៅ​ឲ្យក្រុមហ៊ុន​ចិន អារ៉ាប៊ីសាអូឌីត​នឹងត្រូវ​​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត នៅក្នុងក្រុមប្រទេសនាំចេញប្រេង។ ដើម្បី​គេចចេញពី​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​របស់លោកខាងលិច ដោយសារ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន រុស្ស៊ី បានបង្វែរ​ការលក់ប្រេង​របស់ខ្លួន ភាគច្រើន នៅក្នុង​តម្លៃថោក ទៅកាន់​ទីផ្សារលក់ប្រេងនៅ​ប្រទេស​ចិន។ ជាក់ស្តែង នៅ​ពីរខែ ដើមឆ្នាំនេះ រុស្ស៊ី បានដណ្តើម​កន្លែង​របស់​​អារ៉ាប៊ី សាអូឌីត ក្នុងនាមអ្នកផ្គត់ផ្គង់លក់ប្រេងច្រើនជាងគេ​ទៅ​ឲ្យប្រទេសចិន៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា