នៅថ្ងៃចន្ទទី ២០មីនា២០២៣នេះ ក្រុមអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិ Giec បានចេញផ្សាយរបាយការណ៍ដែលជាលទ្ធផលនៃការងាររយៈពេល៩ឆ្នាំ។ ជារបាយការណ៍ ដាស់ប្រាប់មនុស្សជាតិអំពីភាពចាំបាច់ដែលត្រូវតែបញ្ចេញសកម្មភាពដាច់ខាតក្នុងទសវត្សរ៍នេះ ទើបប្រាកដថា មនុស្សលោកអាចត្រដររស់បាននាពេលអនាគត។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ បានចាត់ទុករបាយការណ៍ដ៏ថ្លៃថ្លា នេះ ជាមគ្គុទេសក៍សម្រាប់ភាពរស់រានរបស់មនុស្សជាតិ។
របាយការណ៍ ដែលជាសំយោគការងារ៩ឆ្នាំនេះ គឺជាសារនៃក្តីសង្ឃឹម ព្រោះក្នុងរបាយការណ៍មានបញ្ជាក់អំពីភាពបន្ទាន់នៃចំណាត់ការផង និងបង្ហាញឱ្យឃើញថាបើគេបញ្ចេញសកម្មភាពពេលនេះ ពិភពលោកពិតជាអាចរស់បាននាពេលអនាគត។ បើតាមប្រធានក្រុមអ្នកជំនាញអាកាសធាតុអង្គការសហប្រជាជាតិGiec ជាតិកូរ៉េ លោក Hoesung Lee ពេលនេះយើងមានចំណេះធ្វើ មានបច្ចេកវិទ្យា មានឧបករណ៍ មានធនធាននិងមានគ្រប់លទ្ធភាពសម្រាប់ប្រឈមនឹងបញ្ហាអាកាសធាតុ នៅខ្វះតែឆន្ទៈនយោបាយដោះស្រាយបញ្ហាតែម្តងឱ្យសេ្រចតែប៉ុណ្ណោះ។
ជាលម្អិត អ្នកជំនាញបានយល់ស្របគ្នាអំពីតួនាទីស្នូលរបស់ថាមពលផូស៊ីល (ថាមពលប្រេង ហ្កាស ធ្យូងថ្ម) និងបានផ្តល់ភាពស្របច្បាប់ដល់បច្ចេកវិទ្យាចាប់ឧស្ម័នកាបូនិក។ បើគ្មានបំពាក់ឧបករណ៍ខ្ទប់ឧស្ម័នកាបូនិកទេ រចនាសម្ព័ន្ធថាមពលផូស៊ីលមានស្រាប់ អាចនឹងធ្វើឱ្យផែនដីឡើងកម្តៅអាកាសធាតុ១,៥អង្សា នៅរវាងឆ្នាំ២០៣០-២០៣៥ហើយ។ នេះជាការព្រមានរបស់អ្នកជំនាញGiec ដោយពន្យល់ថា កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឱ្យបានច្រើន ឱ្យបានលឿន និងជាបន្ត នឹងពន្យឺតការឡើងកម្តៅអាកាសធាតុ បានក្នុងពេលតែប្រមាណ២ទសវត្សរ៍។
ក្នុងរបាយការណ៍ អ្នកវិទ្យាសាស្ត្របានសរសេរទៀតថា នាពេលអនាគត ការឡើងកម្តៅអាកាសធាតុទោះក្នុងកំរិតណា ក៏ហានិភ័យមានកំរិតខ្ពស់ជាងសេចក្តីសន្និដ្ឋានមុនដែលចេញផ្សាយកាលពីឆ្នាំ២០១៤ដែរ។ ហានិភ័យសម្រាប់ប្រព័ន្ធអេកូសាស្ត្រតាមឆ្នេរ ហានិភ័យបុគ្គល និងហេដ្ឋារចនាសម្ព័ន្ធនឹងកើនជាលំដាប់ចាប់ពីឆ្នាំ២១០០ទៅ ព្រោះតែកម្ពស់ទឹកសមុទ្ទឡើង។ ហើយអាកាសធាតុដែលឡើងក្តៅខ្លាំងនារយៈពេល៨ឆ្នាំកន្លងមកនេះ នឹងក្លាយជាអាកាសធាតុដ៏ត្រជាក់បំផុតសម្រាប់ក្មេងជំនាន់(សតវត្សរ៍)ក្រោយ ទោះបីឧស្ម័នផ្ទះកញ្ចក់មានកំរិតណាក៏ដោយ។ ហេតុដូច្នេះ ហើយបានជាគេត្រូវប្រឹងសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ និងប្រឹងកាត់បន្ថយការបញ្ចេញផ្សែងពុលដើម្បីកុំឱ្យស្ថានភាពកាន់តែធ្លាក់ធ្ងន់ធ្ងរខ្លាំង។
បើតាមGiec ធ្វើវិនិយោគប្រសើរជាងដេកចាំរងផលវិបាក។ ដោយសារការវិវត្តផ្នែកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ យ៉ាងលឿនរហ័ស ពីឆ្នាំ២០១០ ទៅឆ្នាំ២០១៩ ថាមពលសូឡាបានចុះថ្លៃ៨៥% ថាមពលវាយោ៥៥% និងអាគុយលីចូម ៨៥%។ ក្រៅអំពីឥទ្ធិពលលើអាកាសធាតុ ពន្លឿនការវិនិយោគអាចពាំនាំមកនូវគុណប្រយោជន៍ជាប្រយោលផ្សេងទៀត ជាពិសេសគុណភាពខ្យល់ និងសុខភាព៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com