រដ្ឋាភិបាលស្វ៊ីសប្រជុំបន្ទាន់នៅក្រោយទីផ្សាររំជើបរំជួលដោយសារបញ្ហាធនាគារស្វ៊ីស Credit Suisse
17-មីនា-2023
តើវិបត្តិធនាគារនៅអាមេរិកកំពុងឆ្លងរាលដាលចូលដល់ធនាគារស្វ៊ីស ឬយ៉ាងណា? ធ្លាប់ចាត់ទុកជាធនាគារដ៏មានសុវត្ថិភាពរឹងមាំបំផុតនៅក្នុងលោក ធនាគារស្វ៊ីស ឈ្មោះ Credit Suisseកំពុងប្រឈមនឹងបញ្ហា ដែលធ្វើទីផ្សារហិរញ្ញវត្ថុអន្តរជាតិរំជើបរំជួលខ្លាំង។ នៅថ្ងៃព្រហស្បតិ៍តម្លៃភាគហ៊ុនរបស់ធនាគារបានឡើងមកវិញ នៅបន្ទាប់ពី ធនាគារកណ្តាលស្វ៊ីសប្រកាសចេញមុខជួយ Credit Suisseដែលជាធនាគារធំទី២របស់ស៊្វ៊ីស។ នៅថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលសហព័ន្ធស្វ៊ីសនឹងបើកការប្រជុំពិសេស ដើម្បីនិយាយពីបញ្ហារបស់ធនាគារ Credit Suisse។
រដ្ឋាភិបាលស៊្វីសបើកការប្រជុំពិសេស និយាយពីបញ្ហារបស់ធនាគារCredit Suisse នៅមួយថ្ងៃក្រោយ ភាគហ៊ុនរបស់ធនាគារធំទី២របស់ស្វ៊ីស ធ្លាក់ចុះខ្លាំង មិនធ្លាប់មាន នៅក្នុងប្រវត្តិរបស់ធនាគារ។
នៅថ្ងៃពុធ តម្លៃភាគហ៊ុនរបស់ធនាគារស្វ៊ីស Credit Suisse ធ្លាក់ចុះអស់៣០%។ អ្វីៗចាប់ផ្តើមឡើងនៅព្រឹកថ្ងៃពុធ នៅពេលប្រធានធនាគារអារ៉ាប៊ីសាអូឌីត លោកAmmar al-Khudairy ដែលមានចំណែកភាគហ៊ុនប្រមាណ ១០% របស់ធនាគារ Credit Suisseប្រកាសថា ធនាគារអារ៉ាប៊ីសាអូឌីត គ្មានផែនការវិនិយោគបន្ថែមទៅក្នុងធនាគារស្វ៊ីស ដែលធនាគារអារ៉ាប៊ីសាអូឌីតបានចូលសង្រ្គោះ ជួយទិញភាគហ៊ុន កាលពីខែវិច្ឆិកាកន្លងទៅ។
ការប្រកាសរបស់ប្រធានធនាគារអារ៉ាប៊ីសាអូឌីត បានបង្កឲ្យមានការរំជើបរំជួល នៅទីផ្សារភាគហ៊ុន នៅពេល អ្នកវិនិយោគចាប់ព្រួយបារម្ភពីការឆ្លងរាលដាលវិបត្តិធនាគារ នៅក្រោយការដួលរលំធនាគារអាមេរិក SVB។
ស្ថិតក្នុងក្លឹបធនាគារ ដែលដើរតួនាទីដ៏សំខាន់ ដោយមិនត្រូវដួលរលំងាយៗ ធនាគារ Credit Suisse ចង់ស្តារជំនឿចិត្តរបស់អ្នកវិនិយោគ ដោយបានប្រកាស នៅយប់ថ្ងៃពុធ ថា ធនាគារដាក់ពាក្យសុំខ្ចីប្រាក់ ប្រមាណ ៥០ពាន់លានហ្វ្រង់ស្វ៊ីស ពីធនាគារកណ្តាលស្វ៊ីស ដើម្បីពង្រឹងលំហូរសាច់ប្រាក់។ បន្ថែមពីលើនោះ ធនាគារCredit Suisseនឹងប្រកាសទិញប្រាក់បំណុល ប្រមាណ ៣ពាន់លានហ្វ្រង់ស្វ៊ីសបន្ថែមទៀត។
នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ ទីផ្សារអឺរ៉ុបចាប់បើកទ្វារជាមួយសញ្ញាវិជ្ជមាន។ តម្លៃភាគហ៊ុនរបស់ធនាគារ Credit Suisse បានឡើងវិញ ប្រមាណ ២២%នៅក្រោយ ធនាគារកណ្តាលស្វ៊ីស និងអាជ្ញាធរគ្រប់គ្រងហិរញ្ញវត្ថុFinma ប្រកាសនៅយប់ថ្ងៃពុធថា ធនាគារកណ្តាលត្រៀមផ្តល់សាច់ប្រាក់តាមការចង់បានរបស់ធនាគារ Credit Suisse។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ធនាគារកណ្តាលស្វ៊ីស និងអាជ្ញាធរគ្រប់គ្រងហិរញ្ញវត្ថុ នៅបានបញ្ជាក់ធានាថា ប្រព័ន្ធធនាគារ Credit Suisseរឹងមាំ និងឆ្លើយតបគ្រប់លក្ខខណ្ឌទាមទាររបស់អាជ្ញាធរ ហិរញ្ញវត្ថុស្វ៊ីស ពោលគឺមិនអាចជួបបញ្ហាខ្វះលំហូរសាច់ប្រាក់ឡើយ។ ស្ថាប័នហិរញ្ញវត្ថុទាំងពីររបស់ស្វ៊ីសវាយតម្លៃដែរថា វិបត្តិដួលរលំធនាគារនៅអាមេរិក នឹងមិនបង្កហានិភ័យឆ្លងចូលដល់ធនាគារស្វ៊ីស៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ