តើគេត្រូវព្រួយបារម្ភពីផលវិបាកនៃការដួលរលំធនាគារ SVB របស់អាមេរិកដែរឬទេ?
16-មីនា-2023
នៅអាមេរិក លោកប្រធានាធិបតី ចូ បៃដិនព្យាយាមនិយាយធានាពីភាពរឹងមាំរបស់ប្រព័ន្ធធនាគារអាមេរិក នៅក្រោយ ធនាគារចំនួន៣ របស់អាមេរិក ដួលរលំបន្តបន្ទាប់គ្នា កាលពីប៉ុន្មានថ្ងៃមុននេះ។ ការដួលរលំធនាគារ ឈ្មោះ SVB (Silicon Valley Bank) ដែលជាធនាគារដ៏ធំមួយ នៅអាមេរិក កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានធ្វើឲ្យអាជ្ញាធរអាមេរិកសម្រេចចិត្តបិទធនាគា និងយកទ្រព្យរបស់ធនាគារមកដាក់ក្រោមការចាត់ចែងបណ្តោះអាសន្ន ដើម្បីស្តារទំនុកចិត្ត និងដើម្បីរំងាប់ក្តីបារម្ភរបស់សាធារណជន។ នៅថ្ងៃចន្ទទី ១៣ មីនា លោកចូ បៃដិនបានប្រកាសចេញមុខធានាលើលុយតម្កល់របស់អតិថិជនធនាគារ។ ប៉ុន្តែ ទោះមានការចេញមុខធានាពីប្រធានាធិបតីអាមេរិក ទីផ្សារហិរញ្ញវត្ថុអន្តរជាតិនៅតែបន្តរំជើបរំជួលដោយសារការដួលរំលំធនាគារSVB ដែលអាចបង្កើតជាក្តីបារម្ភ ពីវិបត្តិឆ្លងរាលដាលតគ្នា។ តើវិបត្តិធនាគារអាមេរិកលើកនេះ នឹងអាច ឆ្លងរាលដាលទៅកន្លែងផ្សេង ឬឆ្លងរីកមុក ក្លាយជាទៅជាវិបត្តិធំ ដូចកាលពីវិបត្តិហិរញ្ញវត្ថុសកល កាលពីឆ្នាំ២០០៨ដែរឬទេ?
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃច័ន្ទម្សិលមិញ លោកប្រធានាធិបតី ចូ បៃដិនបានព្យាយាមធានាភាពរឹងមាំ របស់ប្រព័ន្ធធនាគារអាមេរិក នៅចំពោះមុខក្តីបារម្ភរបស់សាធារណជនដែលខ្លាចថា ការដួលរលំធនាគារ SVB នឹងអាចឆ្លងរាលដាលទៅកាន់ធនាគារដទៃទៀត នៅអាមេរិក។នៅចំពោះមុខការដួលរលំធនាគារអាមេរិក ដល់ទៅ៣ នៅប៉ុន្មានថ្ងៃមកនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានធានាអះអាងថា ប្រព័ន្ធធនាគារអាមេរិករឹងមាំ និងមានសុវត្ថិភាព។ ដូច្នេះ ប្រជាជនអាមេរិកអាចទុកចិត្តលើប្រព័ន្ធធនាគារអាមេរិក។ តាមប្រធានាធិបតីអាមេរិក គេនៅតែអាចទៅបើកយកសាច់ប្រាក់ពីធនាគារ នៅរាល់ពេលគេត្រូវការ។
ប៉ុន្តែ យ៉ាងណាក៏ដោយ ពាក្យធានារបស់ប្រធានាធិបតីអាមេរិក និងការលូកដៃរបស់អាជ្ញាធរអាមេរិក ដើម្បី ចូលទៅគ្រប់គ្រងទ្រព្យរបស់ធនាគារ SVB ដែលបានដួលរលំ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងគោលដៅ ស្តារទំនុកចិត្តលើប្រព័ន្ធធនាគារអាមេរិក និងដើម្បីបញ្ចៀសការសម្រុកទៅដកលុយពីធនាគារ នៅតែមិនទាន់ទៅរំងាប់ក្តីបារម្ភរបស់អ្នកវិនិយោគ។
តាំងពីថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារនេះ តម្លៃភាគហ៊ុននៅលើទីផ្សារ នៅស្ទើរតែគ្រប់កន្លែងនៅទូទាំងពិភពលោក នៅតែធ្លាក់ចុះខ្លាំងនៅឡើយ ជាពិសេស ភាគហ៊ុនរបស់ធនាគារ។ នៅអាមេរិកផ្ទាល់ តម្លៃភាគហ៊ុនរបស់ធនាគារធំបានធ្លាក់ចុះអស់ជាងពាក់កណ្តាល ចំណែក តម្លៃភាគហ៊ុន របស់ធនាគារអាល្លឺម៉ង់ ធ្លាក់ចុះ ជាង ១០%។
ហេតុអ្វីអាជ្ញាធរអាមេរិកបណ្តែតបណ្តោយឲ្យធនាគារដ៏ធំដួលរលំ ក្នុងរយៈពេលតែ ប៉ុន្មានថ្ងៃ?
ការដួលរលំធនាគារSVBដែលមានទ្រព្យសកម្មដល់ទៅ ២០០ពាន់លានដុល្លារ ក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកបានធ្វើឲ្យចោទសួរពីកំហុសឆ្គងក្នុងការគ្រប់គ្រងទាំងពីខាងធនាគារផ្ទាល់ និងពីខាងអាជ្ញាធរអាមេរិក។
Silicon Valley Bankហៅកាត់ដោយខ្លីថាធនាគារ SVBជាធនាគារដែលរកស៊ីភាគច្រើនជាមួយក្រុមហ៊ុនប្រភេទ Startup នៅក្នុងវិស័យបច្ចេកវិទ្យា។ អ្វីដែលគេស្តីបន្ទោសទៅលើធនាគារ នៅត្រង់ថា ធនាគារមួយនេះ ធ្វើការរកស៊ីតែមួយក្រុមហ៊ុនបច្ចេកវិទ្យា ដោយមិនព្រម ពង្រីកប្រភពទុនរបស់ខ្លួន ពីវិស័យផ្សេងទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យាStartup ថ្មីថ្មោង អាចទទួលជោគជ័យ ក៏ឆាប់ ប៉ុន្តែ ក៏ជួបបញ្ហាប្រឈមងាយៗដែរ។
ម្យ៉ាង ធនាគារចាត់ចែងមិនត្រូវពីលំហូរសាច់ប្រាក់របស់ខ្លួន។ នៅពេលអតិថិជនរបស់ធនាការភាគច្រើន ដែលជាក្រុមហ៊ុនStartup ឧស្សាហ៍ត្រូវការសាច់ប្រាក់សម្រាប់អភិវឌ្ឍ វិនិយោគលើគម្រោងការរបស់ខ្លួន ធនាគារ SVB បែរជាយកលុយរបស់អតិថិជនទៅទិញមូលប័ត្របំណុលរយៈពេលវែងរបស់រតនាគារជាតិអាមេរិក។ ប្រឈមនឹងតម្រូវការសាច់ប្រាក់ដើម្បីបើកឲ្យអតិថិជននេះ ធនាគារ SVB ក៏បានលក់ចេញមូលបត្រទាំង ២១ពាន់លានដុល្លារ ដោយសុខចិត្តខាតលុយរហូតដល់ទៅ ១,៨ពាន់លានដុល្លារ។
មួយវិញទៀត ការដួលរលំភ្លាមៗ ធនាគារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី ១៦ នៅអាមេរិក ឆ្លុះបញ្ចាំងផងដែរ ពីការគ្រប់គ្រង ខ្វះចន្លោះរបស់អាជ្ញាធរអាមេរិក។ នៅក្រោយវិបត្តិហិរញ្ញវត្ថុ ឆ្នាំ ២០០៨ ដែលបណ្តាលធនាគារដែលធ្វើជំនួញចំបងជាមួយ វិស័យអចលនទ្រព្យ អាជ្ញាធរអាមេរិកបានចេញច្បាប់រឹតបន្តឹងប្រព័ន្ធធនាគារអាមេរិក។
ជាក់ស្តែង ច្បាប់បានចាប់តម្រូវឲ្យធនាគារត្រូវដាក់កំហិតឲ្យអតិថិជន ដែលមានប្រាក់តម្កល់ច្រើនបំផុត ២៥ម៉ឺនដុល្លារ ត្រូវតែមានការធានារ៉ាប់រ៉ងពីអាជ្ញាធរ។ ប៉ុន្តែ អតិថិជនភាគច្រើនរបស់ធនាគារSVB មានប្រាក់តម្កល់ ដល់ទៅ រាប់លាន ដោយគ្មានប័ណ្ណធានារ៉ាប់រង។ ហើយអាជ្ញាធរក៏មិនបានតាមដានយកចិត្តទុកដាក់ពីរឿងនេះ។
នៅត្រង់ចំណុចនេះ រដ្ឋបាលលោកចូ បៃដិនបានទម្លាក់កំហុសទៅលើរដ្ឋបាលអាមេរិកមុនរបស់លោកដូណាល់ ត្រាំ ដែលបានបន្ធូរបន្ថយច្បាប់គ្រប់គ្រងធនាគារអាមេរិក។ តាមច្បាប់ថ្មីរបស់រដ្ឋបាលលោកដូណាល់ ត្រាំ រាល់ធនាគារធំៗដែលមានទ្រព្យសកម្មចាប់ពី ២៥០ពាន់លានឡើងទៅ ទើបស្ថិតក្នុងបញ្ជីតាមដាន មើលរបស់អាជ្ញាធរ។ ចៃដន្យ ធនាគារ SVB រួចផុតពីសំនាញ់តាមដានរបស់អាជ្ញាធរ ព្រោះវាទ្រព្យសកម្ម ២០០ពាន់លានដុល្លារ។
វិបត្តិធនាគាអាមេរិកនឹងអាចឆ្លងរាលដាល បង្កជាវិបត្តិសកល ដូចវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨?
ដោយសារធនាគារSVB ស្ថិតក្នុងក្រុមធនាគារមធ្យម ហើយវាធ្វើជំនួញចំបងតែជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Startup គេវាយតម្លៃថា វិបត្តិធនាគារនៅអាមេរិកទំនងនឹងមិនបង្កហានិភ័យធំដុំ ហើយវាកើតមានតែនៅទឹកដីអាមេរិក ដោយមិនឆ្លងរាលដាលទៅដល់ធនាគារធំៗនៅប្រទេសដទៃទៀត ដែលមានប្រព័ន្ធគ្រប់គ្រងរឹងមាំ។
ប៉ុន្តែ ហានិភ័យ សូន្យក្នុងវិបត្តិធនាគារគ្មាននោះទេ ព្រោះថា នៅពេលគេនិយាយពីធនាគារ គេនិយាយពីទំនុកចិត្ត។ បើសិន អតិថិជនលែងទុកចិត្ត ហើយចេះតែភ័យខ្លាច ថា ធនាគារមួយអាចដួលរលំគ្រប់ពេលវេលា នោះអតិថិជនអាចភ័យស្លន់ស្លោ លែងមានហេតុផល និងគិតតែសម្រុកទៅដកសាច់ប្រាក់ ចេញពីធនាគារ។ អ្វីដែលគេបារម្ភនៅពេលនេះ គឺការភ័យខ្លាច គ្មានហេតុផលរបស់អតិថិជន ដែលទៅសម្រុកដកសាច់ប្រាក់ ដែលជាមូលហេតុចំបងធ្វើឲ្យធនាគារមួយអាចដួលរលំដោយងាយ។
ប្រព័ន្ធធនាគារអាមេរិកមិនរង្គោះរង្គើ ប៉ុន្តែ វិបត្តិធនាគារSVB កំពុងបង្កហានិភ័យដល់វិស័យStartup
នៅក្រោយការអន្តរាគមន៍លូកដៃរបស់អាមេរិក ដើម្បីទប់ស្កាត់កុំឲ្យការដួលរលំធនាគារSVB ក្លាយទៅជាវិបត្តិរាលដាលឆ្លងទៅធនាគារដទៃទៀត គេបារម្ភថា ធនាគារកណ្តាលអាមេរិកនឹងអាចផ្អាកការដំឡើងការប្រាក់ ដែលជានយោបាយរបស់ធនាគារកណ្តាលអាមេរិកដើម្បីកាត់បន្ថយអត្រាអតិផរណា។
គេបារម្ភថា បើសិន ធនាគារកណ្តាលអាមេរិក ឈប់ដំឡើងអត្រាការប្រាក់ នោះសេដ្ឋកិច្ចអាមេរិកនឹងដើរថយក្រោយ។ បើសិនសេដ្ឋកិច្ចអាមេរិកផ្តាសាយ នឹងវានឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសដទៃទៀត មិនថា នៅអឺរ៉ុប និងអាស៊ី។
មួយវិញទៀត បើទោះជាធនាគារកណ្តាលអាមេរិក សម្រេចផ្អាកការដំឡើងការប្រាក់មែន ដើម្បីជួយដោះស្រាយបញ្ហារបស់ធនាគារមែន ប៉ុន្តែ វានឹងមិនទៅជួយដោះស្រាយបញ្ហាភ្លាមៗ របស់អតិថិជន ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាStartupនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាStartupជាអ្នករងគ្រោះ មុនគេ ដោយសារវិបត្តិធនាគារSVB។ ពួកគេមួយចំនួនអាចត្រូវបិទទ្វារ កាត់បន្ថយបុគ្គលិក ឬឈប់ធ្វើគម្រោងស្រាវជ្រាវថ្មីៗ ដោយសារតែធនាគាររបស់ពួកគេត្រូវក្ស័យធន បិទទ្វារ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ