banner1
ចិនយល់ព្រមសើរើ​បំណុល ដើម្បី​ជួយធានា​ឲ្យ​ស្រីលង្កា​អាចទទួល​ប្រាក់កម្ចីពី​មូលនិធិ​IMF

 14-មីនា-2023

នៅក្រោយការចរចា​ដ៏តឹងតែង​អស់រាប់ខែ ស្រីលង្កា នៅទីបំផុត​បាន​ទទួល​ការធានា​ពីចិន ប្រទេស​ម្ចាស់បំណុលធំចុងក្រោយ ដែលយល់ព្រម​ពិនិត្យ​សើរើបំណុល ដែល​ស្រីលង្កាជំពាក់ចិន។ ថ្លែងទៅកាន់​សភាស្រីលង្កា​កាលពីថ្ងៃ​អង្គារ ទី ៧​មីនា លោកប្រធានាធិបតី រ៉ានីល វីក្រេមេស៊ីងហ្កេ និយាយ​ថា នៅក្រោយ​ភាគី​ចិន ផ្ញើ​លិខិត​ធានា​អះអាង​ពីការសើរើប្រាក់បំណុល​របស់ស្រីលង្កា​ទៅកាន់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ស្រីលង្កា​បាន​បញ្ជូន​លិខិត ដែល​បញ្ជាក់​ជំហរ​របស់​ស្រីលង្កា ក្នុង​ការអនុវត្ត​តាម​កម្មវិធី​របស់​មូលនិធិរូបិយវត្ថុអន្តរជាតិ ​IMF ជាថ្នូរ​នឹងការទទួល​បាន​ប្រាក់កម្ចី ២,៩ពាន់លាន​ដុល្លារ ពីស្ថាប័នមួយនេះ។

ជា​ម្ចាស់បំណុល​ធំជាងគេ​របស់​ស្រីលង្កា ចិន​ក្លាយជា​ប្រទេស​ម្ចាស់បំណុល​ទី​៣ បន្ទាប់ពី ឥណ្ឌា និង​ជប៉ុន ដែល​យល់ព្រមសើរើ​ប្រាក់បំណុល​ដែល​ស្រីលង្កា​ជំពាក់។ តាមការអះអាង​របស់​ប្រធានាធិបតី​ស្រីលង្កា លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ នៅថ្ងៃ​ចន្ទ ធនាគារ​រដ្ឋ​ចិន Exim ដែលជា​ម្ចាស់បំណុល របស់​ស្រីលង្កា​បាន​បញ្ជូន​លិខិត​ធានា​មួយ ទៅកាន់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF ដែលនៅក្នុងនោះ ធនាគារ​ចិន​យល់ព្រម​សើរើ​បំណុល​ប្រមាណ២,៨៣ពាន់លាន ដែលស្រីលង្កា​ជំពាក់​ធនាគារ។

ប្រធានាធិបតី​ស្រីលង្កា​មិនបាន​លម្អិត​ខ្លឹមសារ​នៅក្នុង​លិខិត​របស់​ធនាគារ​ចិន​ទៅកាន់​មូលនិធិរូបិយវត្ថុIMF។ នៅក្នុងលិខិត​មួយ កាលពី​ខែ មករា ដែល​ធនាគារ​ផ្ញើ​ទៅកាន់​មូលនិធិ​IMF ប៉ុន្តែ ដែល​អ្នកជំនាញ​វាយតម្លៃថា មិន​គ្រប់គ្រាន់​ដើម្បីបញ្ចុះបញ្ចូល IMF ធនាគារ​ចិនអះអាងថា ធនាគារ​យល់ព្រម​ផ្អាក មិន​ឲ្យ​ស្រីលង្កា​បង់សង​ប្រាក់បំណុល​រយៈពេល ២ឆ្នាំ ប៉ុន្តែ ធនាគារ​បដិសេធ​មិន​កាត់បន្ថយ​ប្រាក់បំណុល​សម្រាប់​ស្រីលង្កាឡើយ។

លិខិតធានារបស់​ធនាគារ​ចិន នៅ​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍នេះ ហាក់​មាន​ប្រសិទ្ធិភាព ទៅបញ្ចុះបញ្ចូល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​ធ្លាប់​បាន​ដាក់លក្ខខណ្ឌ​ថា គ្រប់​ប្រទេស​ម្ចាស់​បំណុល​ទាំងអស់​របស់​ស្រីលង្កាត្រូវ​ធានា​សើរើ កាត់បន្ថយ​ប្រាក់​បំណុល​របស់​ស្រីលង្កាជាមុនសិន បើចង់ឲ្យ​​មូលនិធិ​យល់ព្រម​ផ្តល់​ប្រាក់កម្ចី ២,៩ពាន់លាន​ដុល្លារ សម្រាប់​ជួយសង្រ្គោះ​សេដ្ឋកិច្ច​របស់​ស្រីលង្កា។

នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​អង្គារ ប្រធាន​នាយកដ្ឋាន​អាស៊ី និង​ប៉ាស៊ីហ្វិក របស់​មូលនិធិ IMF លោក​Krishna Srinivasan និយាយ​ថា ស្រីលង្កា​បាន​ទទួលគ្រប់គ្រាន់ ​ការធានា​ផ្នែកហិរញ្ញវត្ថុ​ពី​សំណាក់ប្រទេស​ម្ចាស់បំណុល។ ការធានា​ដែល​នឹង​ទៅបើកផ្លូវ​ឲ្យ​មូលនិធិ​ទម្លាក់​ប្រាក់កម្ចី​សម្រាប់ស្រីលង្កា នៅក្នុងកិច្ចប្រជុំ នៅថ្ងៃ​ទី ២០​មីនា​ខាងមុ។ សម្រាប់​មន្រ្តី​IMF ខាងលើ ធានាពិភពលោក និង​ធនាគារ​អភិវឌ្ឍអាស៊ី នឹង​ដើរតាមផ្លូវ​របស់​IMF ដើម្បី​ផ្តល់​ឥណទាន ជួយ​សង្រ្គោះ​ស្រីលង្កា ដែលកំពុងលង់ខ្លួន​ក្នុង​វិបត្តិបំណុល និងវិបត្តិសេដ្ឋកិច្ច។

ជាប់​បំណុល​បរទេស ៥១​ពាន់​លាន​ដុល្លារ ដែលនៅក្នុងនោះ ជាង៧ពាន់លាន​ដុល្លារ ជា​បំណុល​ចិន ស្រីលង្កា​ខកខាន មិន​បាន​សងបំណុល​បរទេស ជាលើកទី ១ កាលពី​ខែមេសា ឆ្នាំ​២០២២។ វិបត្តិកូវីដ និង​វិបត្តិនយោបាយ នៅ​៣ឆ្នាំចុងក្រោយនេះ​បាន​រុញច្រាន​ប្រទេស​អាស៊ី​ខាងត្បូងមួយនេះ ដែល​មាន​ប្រជាជន​២២​លាននាក់ ឲ្យធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ។ នៅប៉ុន្មាន​សប្តាហ៍មកនេះ ប្រជាជន​ស្រីលង្កា​ដែល​ជួប​បញ្ហា​ខ្វះប្រេង ​ថ្នាំពេទ្យ និងទំនិញ​ឡើងថ្លៃ​កប់ពពក បាន​ចុះថ្នល់ធ្វើ​បាតុកម្ម ប្រឆាំង វិធានការរឹតបន្តឹង​ថវិកា របស់រដ្ឋាភិបាល​ជាពិសេស ការដំឡើងពន្ធ និង​ការលុបបំបាត់​ជំនួយឧបត្ថម្ភរដ្ឋ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា