សមាជិកអង្គការសហប្រជាជាតិ ត្រូវរ៉ូវគ្នាសម្រេចបានសន្ធិសញ្ញាអន្តរជាតិ ដើម្បីការពារប្រព័ន្ធជីវចម្រុះសមុទ្រ
6-មីនា-2023
ឆ្លងកាត់ការប្រជុំចរចាគ្នាជាច្រើនឆ្នាំ ទៅបំផុត ប្រទេសជាង១០០ សមាជិកនៃអង្គការសហប្រជាជាតិ បានមូលមតិគ្នាសម្រេចបាននូវសន្ធិសញ្ញាអន្តរជាតិ ដ៏សំខាន់មួយ ដើម្បីការពារប្រព័ន្ធជីវចម្រុះសមុទ្រ របស់ភពផែនដីយើង។ តំណាងអង្គការការពារបរិស្ថាន បានថ្លែងអបអរជាខ្លាំង ថានេះ គឺជាការបោះជំហានដ៏មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការអភិរក្សប្រព័ន្ធជីវចម្រុះ នៃដែនលំហសមុទ្រ។
ជជែកគ្នា១៥ឆ្នាំ
គេបានចំណាយពេលអស់១៥ឆ្នាំមកហើយ ដើម្បីជជែកពិភាក្សាគ្នា លើគម្រោងធ្វើសន្ធិសញ្ញាអន្តរជាតិ អភិរក្សប្រព័ន្ធជីវចម្រុះសមុទ្រនេះ។ ការចរចាគ្នាជាផ្លូវការ ជាមួយតំណាងប្រទេសទាំងអស់ រួមជាមួយភាគីពាក់ព័ន្ធ គឺបានចំណាយពេល៤ឆ្នាំ ជាមួយការចរចា ដែលមាន៥ដំណាក់កាល ទំរាំបានលទ្ធផលនៅពេលនេះ។ នៅទីបំផុត កាលពីថ្ងៃសៅរ៍ទី៤មីនា នៅទីក្រុងញូយ៉ក តំណាងប្រទេសជាង១០០នៃអង្គការសហប្រជាជាតិ បានស្រុះស្រួលគ្នា សម្រេចកំណត់យកខ្លឹមសារចុងក្រោយនៃអត្ថបទសន្ធិសញ្ញា ដែលមានឈ្មោះពេញថា “សន្ធិសញ្ញាដើម្បីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាព នៃប្រព័ន្ធជីវចម្រុះក្នុងលំហរសមុទ្រ ដែលមិនស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយ”។ ជំហានបន្ទាប់ គឺអត្ថបទនេះ នឹងត្រូវបញ្ជូនទៅកាន់ការិយាល័យគតិយុត្តិនៃអង្គការសហប្រជាជាតិ ដើម្បីឲ្យក្រុមអ្នកច្បាប់ ពិនិត្យលម្អិតលើខ្លឹមសារវា មុននឹងយកវាទៅបកប្រែ ជា៦ភាសា ដែលជាភាសាផ្លូវការនៃអង្គការសហប្រជាជាតិ។ បន្ទប់មកទៀត គឺការបោះឆ្នោតអនុម័តជាផ្លូវការ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
លោកស្រី Veronica Frank តំណាងអង្គការ Greenpeace បានលើកឡើង ដំណើរការអនុម័តសន្ធិសញ្ញានេះមិនទាន់ចប់ស្រួលបួលទេ។ តែយ៉ាងណាលោកស្រីអះអាងថា ប្រទេសសមាជិកទាំងអស់ ទើបតែបានបោះជំហានឆ្លងផុតដំណាក់កាលដ៏សំខាន់បំផុត តែក៏ត្រូវតែប្រយ័ត្នដែរ កុំឲ្យមានការរុះរើកែប្រែខ្លឹមសារ បង្កើតជាសំណួរ ឬការខ្វែងគំនិតគ្នាណាមួយផ្សេងទៀត។
សមុទ្រជាប្រភពទ្រទ្រង់ជីវិតមនុស្ស
ដូចយើងដឹងហើយថា ប្រមាណ៧០% នៃផ្ទៃផែនដីយើង គឺគ្របដោយទឹកសមុទ្រ។ នៅក្នុងលំហនេះ គឺយើងត្រូវចែក ដែនសមុទ្រដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសនីមួយៗ ដែលមានរយៈចម្ងាយ ប្រវែង៣៧០គីឡូម៉ែត្រ ពីឆ្នេរ។ ឆ្ងាយបន្តពីនេះទៅ វាគឺជាដែនលំហសមុទ្រអន្តរជាតិ ដែលមិនមែនជារបស់ប្រទេសណាទាំងអស់ ពោលគឺវាជាសម្បតិ្តរួមរបស់មនុស្សជាតិទាំងមូល។
គឺដែនលំហសមុទ្រអន្តរជាតិនេះហើយ ដែលជាកម្មវត្ថុនៃការការពារ របស់សន្ធិសញ្ញាអន្តរជាតិថ្មីនេះ។ ក្នុងចំណោមផ្ទៃសមុទ្រទាំងអស់របស់ផែនដីយើង ដែនលំហសមុទ្រអន្តរជាតិនេះ គឺវាមានទំហំដល់ជាង៦០%ឯណោះ ពោលគឺវាជិតស្មើនឹងពាក់កណ្តាលនៃផ្ទៃផែនដីយើងទៅហើយ។ កន្លងមក គ្មានលិខិតបទដ្ឋានអន្តរជាតិណា មកការពារតំបន់ដ៏ធំល្វឹងល្វើយនេះទេ។ យុទ្ធនាការការពារបរិស្ថានធម្មជាតិ ដែលពិភពលោកយើងបានធ្វើកន្លងមក គឺបានផ្តោតអាទិភាព តែទៅលើតំបន់ឆ្នេរ និងការអភិរក្សពូជសត្វជិតផុតពូជមួយចំនួនតែប៉ុណ្ណោះ ដោយមិនបានយកចិត្តទុកដាក់ គិតទៅដល់បាតសមុទ្រ និងប្រព័ន្ធជីវចម្រុះដែលស្ថិតនៅដែនលំហសមុទ្រឆ្ងាយៗនោះទេ។
ប្រមាណ២០ឆ្នាំកន្លងមកនេះ វិទ្យាសាស្ត្រកាន់តែរីកចម្រើនជឿនលឿន ការស្រាវជ្រាវមានកាន់ច្រើន ដែលបានបង្ហាញឲ្យឃើញ អំពីសារៈសំខាន់មិនអាចកាត់ថ្ងៃបាន នៃដែនលំហសមុទ្រ។ ប្រព័ន្ធជីវចម្រុះសមុទ្រជាអ្នកចិញ្ចឹមជីវិតមនុស្សយើង។ សមុទ្រផ្តល់អុកស៊ីសែន ចំនួនប្រមាណពាក់កណ្តាល ដើម្បីឲ្យមនុស្សយើងដកដង្ហើម។ ជាមួយគ្នានេះសមុទ្រក៏ស្រូបយកទៅវិញនូវឧស្ម័នកាបូនិក ដែលកើតចេញពីសកម្មភាពរបស់មនុស្សដែរ ពោលគឺវាចូលរួមជួយកាត់បន្ថយការកើនឡើងនៃកំដៅផែនដី។ ដូច្នេះ សមុទ្រវាគឺជាប្រភពទ្រទ្រង់ជីវិត របស់មនុស្សយើងនៅលើផែនដីនេះ។
តុល្យភាពនៃប្រព័ន្ធជីវចម្រុះសមុទ្រ កំពុងតែរងគ្រោះ
ដែនលំហសមុទ្រអន្តរជាតិ មិនមែនជាកម្មសិទ្ធិអ្នកណា ដែលវាក៏មានន័យថា អ្នកណាក៏អាចទៅប្រមូលផល និងបំផ្លេចបំផ្លាញបានដែរ។ ពោលគឺឲ្យតែអ្នកនោះមានសមត្ថភាពបច្ចេកទេស អាចធ្វើបាន មិនថាជាអាជ្ញាធររដ្ឋ ឬក៏ក្រុមហ៊ុនឯកជនឡើយ។
ផលប៉ះពាល់ធំបំផុតមួយ គឺការនេសាទហួសប្រមាណ។ ការនេសាទហួសប្រមាណ បានសម្លាប់ផ្តាច់ពូជសត្វសមុទ្រមួយចំនួន។ ជាងនេះទៀត ការអូសអួនសំណាញ់នេសាទធំៗក្នុងបាតសមុទ្រ គឺវាបានរើកកកាយ ឲ្យបាតសមុទ្រខូចទ្រង់ទ្រាយ គាស់រំលើង បំផ្លាញផ្កាថ្ម និងទីដែនជំរកផ្សេងៗទៀតរបស់សត្វនៅក្នុងសមុទ្រ។ សកម្មភាពទាំងអស់នេះ គឺវាធ្វើឲ្យខូច និងបាត់បង់តុល្យភាព នៃប្រព័ន្ធជីវចម្រុះនៅក្នុងសមុទ្រ។
ការបង្ហូរកាកសំណល់សារធាតុពុលចូលសមុទ្រ ក៏ជាបញ្ហាគួរឲ្យបារម្ភ ព្រមជាមួយនឹងកាកសំណល់ប្លាស្ទិក របស់មនុស្សយើង។ កាកសំណល់ប្លាស្ទិក ដែលមនុស្សយើងប្រើប្រាស់រាល់ថ្ងៃនេះ គឺចំនួនធំ គឺត្រូវរសាត់ចូលទៅក្នុងសមុទ្រ ឬក៏ត្រូវគេយកចោលដោយចេតនាតែម្តង។ កាកសំណល់ទាំងនេះ បែករលាយជាល្អងតូចៗ ជ្រាបចូលទៅក្នុងខ្លួនសត្វក្នុងទឹក ដែលមនុស្សយើងបរិភោគ ពោលគឺវាត្រលប់ចូលមកក្នុងខ្លួនមនុស្សយើងវិញ បង្កជាបញ្ហាសុខភាព។ ការកើនឡើងកំដៅផែនដីកាន់តែខ្លាំង ក៏ជាបញ្ហាគ្រោះថ្នាក់មួយគម្រាមសុខភាពរបស់សមុទ្រដែរ។ ជាមួយនឹងកម្រិតឧស្ម័នកាបូនិកកាន់តែច្រើន ទឹកសមុទ្រកាន់តែក្តៅ ហើយមានកម្រិតជាតិអាស៊ីដកាន់តែខ្លាំង។
ពង្រីកទំហំដែនទឹកដែលត្រូវទទួលបានការការពារ
សម្រាប់ពេលនេះ ខ្លឹមសារទាំងស្រុងនៃសន្ធិសញ្ញានេះ នៅមិនទាន់ត្រូវបានគេផ្សព្វផ្សាយនៅឡើយទេ។ ក៏ប៉ុន្តែ ក្រុមសកម្មជនការពារបរិស្ថាន បានអបអរសាទររួចទៅហើយ ដោយអះអាងថា វាគឺជាការបោះជំហានដ៏សំខាន់ខ្លាំងណាស់ ដើម្បីឈានទៅការពារអភិរក្សដែនលំហសមុទ្រ។ លោកស្រី Laure Meller តំណាងម្នាក់របស់អង្គការ Greenpeace បានថ្លែងថា វាគឺជាថ្ងៃប្រវត្តិសាស្ត្រហើយ នៅក្នុងបរិបទដែលពិភពលោកយើងរាល់ថ្ងៃនេះ ឈ្លោះប្រកែកបែកខ្ញែកគ្នា។ ការការពារធនធានធម្មជាតិ និងអាយុជីវិតមនុស្ស វាត្រូវតែបានជោគជ័យ ឈ្នះលើជម្លោះភូមិសាស្ត្រនយោបាយ។
យោងតាមមន្ត្រីការទូត ដែលស្និទនឹងសំណុំរឿងនេះ បានបញ្ជាក់ឲ្យដឹងថា សន្ធិសញ្ញាបានកំណត់ អំពីការពង្រីក ចាត់បញ្ចូលដែនទឹកកាន់តែច្រើន ចូលជាតំបន់អភិរក្ស។ បច្ចុប្បន្ននេះ មានដែនលំហសមុទ្រ ក្នុងទំហំតែប្រមាណ១%ប៉ុណ្ណោះ ដែលត្រូវបានអភិរក្សការពារ។ ពោលគឺវាតិចខ្លាំងណាស់ បើប្រៀបធៀបទៅនឹងកម្មវត្ថុ របស់អង្គការសហប្រជាជាតិ ដែលបានកំណត់អភិរក្សការពារ ដែនដីនិងដែនទឹកក្នុងទំហំ៣០% ពីនេះដល់ឆ្នាំ២០៣០។ អង្គការ Greenpeace បានអះអាងថា យ៉ាងហោចណាស់ គេត្រូវតែចាត់បញ្ចូលផ្ទៃទឹកទំហំ ១១លានគីឡូម៉ែត្រក្រឡា ជារៀងរាល់ឆ្នាំ ចូលទៅក្នុងតំបន់អភិរក្សការពារ ទើបអាចសម្រេចកម្មវត្ថុឆ្នាំ២០៣០បាន។
ប្រទេសអ្នកមាន ត្រូវប៉ះប៉ូវ ផ្តល់យុត្តិធម៌ដល់ប្រទេសក្រីក្រ
សន្ធិសញ្ញានេះ ក៏បានកំណត់ផងដែរ នូវកាតព្វកិច្ច ដែលត្រូវតែធ្វើការសិក្សាអំពីផលប៉ះពាល់ លើបរិស្ថាន មុននឹងអាចចាប់ផ្តើមអនុវត្តគម្រោង ឬសកម្មភាពណាមួយ នៅក្នុងដែនលំហសមុទ្រ។ ហើយជាចុងក្រោយ ដែលជាចំណុចបង្កឲ្យមានការជជែកតឹងសសៃកបំផុតនោះ គឺទាក់ទិននឹងការបែងចែកផលចំណេញគ្នា ស្តីពីការប្រមូលផលលើធនធានហ្សេណេទិកពីសមុទ្រ។ បច្ចុប្បន្ននេះ សកម្មភាពប្រមូលផលនេះ កំពុងរីកដុះដាលខ្លាំងណាស់ ដែលភាគច្រើន គឺសហគ្រាសផលិតឱសថ និងគ្រឿងសំអាងជាដើម ដែលជាអ្នកទទួលផលចំណេញ។
ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍ ដែលពុំមានសមត្ថភាពបច្ចេកទេស គឺមិនអាចទៅស្រាវជ្រាវ ប្រមូលវាយកមកទទួលផលនោះទេ ដែលវាជារឿងអយុត្តិធម៌ ព្រោះថាដែនសមុទ្រវាគឺជាសម្បតិ្តរួម។ ចំណុចនេះហើយ បានជាក្រុមប្រទេសអ្នកមាន ដែលមានសហគ្រាសធំៗជឿនលឿន បានសន្យាថានឹងប៉ះប៉ូវ តាមរយៈការជួយជាថវិកាឲ្យប្រទេសក្រីក្រវិញ។
ជាជំហានដំបូង សហភាពអឺរ៉ុបសន្យាផ្តល់ចំនួន ៤០លានអឺរ៉ូ ដើម្បីជួយពន្លឿនដល់ដំណើរការផ្តល់សច្ចាប័នលើសន្ធិសញ្ញា ក៏ដូចជាការចាប់ផ្តើមអនុវត្តវា។ បន្ថែមពីនេះ នៅក្នុងឱកាស សន្និសីទ សមុទ្រយើង ដែលទើបតែបានបិទបញ្ចប់ទៅនៅប្រទេសប៉ាណាម៉ាកាលពីថ្ងៃសុក្រកន្លងទៅ គឺសហភាពអឺរ៉ុបសន្យាជួយ ៨០០លានអឺរ៉ូ ដើម្បីជួយការពារដែនសមុទ្រជាទូទៅ ក្នុងឆ្នាំ២០២៣នេះ។ ជារួម ក្រុមប្រទេសអ្នកមានបានសន្យាចំនួន ៣៤១ចំណុច ដោយគិតជាទឹកប្រាក់ចំណាយប្រមាណ ២ម៉ឺនលានដុល្លារ ក្នុងនោះសហរដ្ឋអាមេរិកជួយចំនួន ៦ពាន់លានដុល្លារ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ