លោក ហ៊ុន សែន ត្រៀមអនុវត្តកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនក្រីក្រដោយមិនគិតថ្លៃ ចាប់ពីឆ្នាំក្រោយ
24-មករា-2023
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបពីគម្រោងដែលរដ្ឋាភិបាលត្រៀមអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនក្រីក្រ ដោយមិនគិតថ្លៃ ចាប់ពីឆ្នាំក្រោយនេះតទៅ។ ការបង្ហើបឲ្យដឹងនេះ ធ្វើឡើងនៅពេលដែល លោក ហ៊ុន សែន បានចូលរួមចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ប្រមាណជាង៧ពាន់នាក់ នៅថ្ងៃចន្ទទី២៣មករានេះ។
មូលហេតុដែលលោក ហ៊ុន សែន លើកឡើងពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបចេ្ចកទេស ដល់យុវជនក្រីក្រ ដោយមិនគិតថ្លៃ គឺព្រោះតែកំណើនសិស្សដែលជាប់បាក់ឌុកមានការកើនឡើង ដែលអាចឲ្យពួកគេមួយចំនួនប្រឈមនឹងកង្វះថវិកាសម្រាប់ការសិក្សាបន្តនៅថ្នាក់សាកលវិទ្យាល័យ។ បើតាមលោក ហ៊ុន សែន រដ្ឋអាចផ្គត់ផ្គង់សិស្សចូលរៀនជាង១ម៉ឺននាក់តែប៉ុណ្ណោះ ក្នុងមួយឆ្នាំ ខណៈដែលនិស្សិតជាប់បាក់ឌុកមានរហូតដល់ជាង១០ម៉ឺននាក់ កាលពីឆ្នាំ២០២២។ ម៉្លោះហើយសម្រាប់លោក ហ៊ុន សែន គឺ និស្សិតដែលសេសសល់ជាង៩ម៉ឺននាក់ផ្សេងទៀត អាចប្រឈមនឹងការណ៍ដែលមិនអាចបានសិក្សារៀនសូត្រនៅថ្នាក់ឧត្តមសិក្សា។
បើតាមលោក ហ៊ុន សែន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គឺមានប្រមាណមាន១លាន៥សែននាក់ នៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិតមួយ ដោយមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំ។
លោកថា រដ្ឋាភិបាលនឹងរ៉ាប់រងការចំណាយសម្រាប់សិស្សដែលទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញពីគ្រួសារដែលក្រីក្រ និងគ្មានលទ្ធភាពសម្រាប់ការបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។
យ៉ាងណាគម្រោងនេះ មិនអាចដាក់ឲ្យអនុវត្តបានភ្លាមៗនៅពេលនេះទេ។ លោក ហ៊ុន សែន អះអាងថា នេះក៏ព្រោះតែច្បាប់ថវិកាសម្រាប់ឆ្នាំ២០២៣ បានអនុម័តរួចរាល់ទៅហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកតាមដានបញ្ហាសង្គមយល់ថា ជារឿងល្អដែលរដ្ឋាភិបាលបានគិតគូរពីបញ្ហាធនធានមនុស្ស។ សម្រាប់ក្រុមអ្នកតាមដានសង្គម គឺបញ្ហានេះ រដ្ឋត្រូវតែដោះស្រាយ ដើម្បីធានាថា រាល់សិស្ស និស្សិត អាចទទួលបានការសិក្សា និងទទួលបានវិជ្ជាជីវៈ ដើម្បីប្រកបអាជីពការងាររបស់ពួកគេពេលអនាគត។
តែយ៉ាងណាក្តី ការណ៍ដែលរដ្ឋសម្រេចដាក់ចេញគម្រោងនេះ ក្រុមអ្នកតាមដានសង្គមក៏យល់ឃើញថា ជាយុទ្ធសាស្ត្រឃោសនារកសំឡេងគាំទ្របន្ថែមទៀត នៅចំពោះមុខនៃការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដា ខាងមុខ។ នេះដ្បិតថា មកដល់ពេល រដ្ឋបានដាក់ចេញគម្រោងចាយសាច់ប្រាក់ជាច្រើនដើម្បីជួយដល់ប្រជាពលរដ្ឋ។ តួយ៉ាង អ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិអតិផរណាជាដើម៕
ប្រភពព័ត៍មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ