banner1
អ្នកជំនាញUN ជំរុញឱ្យកម្ពុជាទទួលស្គាល់គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នាស្របច្បាប់

 23-មករា-2023

ការ​ទទួល​ស្គាល់​ដោយ​ច្បាប់​ចំពោះ​គ្រួសារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​គឺ​ជា​គន្លឹះ​នៃ​សមាហរណកម្ម​ក្នុង​សង្គម​កម្ពុជា។​ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ១០ថ្ងៃ​ នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី២០​ ខែមករា។ ​មន្ត្រី​សិទ្ធិ​មនុស្ស​កម្ពុជា​វិញ​អះអាង​ថា ​កម្ពុជា​កំពុង​សិក្សា​ស្រាវជ្រាវ​ ដើម្បី​រៀបចំ​ទទួល​ស្គាល់​ចំពោះ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។​

កម្ពុជាមានឧបករណ៍គ្រប់គ្រាន់ ដើម្បីជំរុញវឌ្ឍនភាពឆ្ពោះទៅរកសមាហរណកម្មពេញលេញនៃអ្នកស្រឡាញ់​ភេទដូចគ្នាទៅក្នុងគ្រប់វិស័យទាំងអស់នៃសង្គម ដើម្បីធានាការពារពួកគេពីអំពើហិង្សា និងការរើសអើង។ នេះបើតាមប្រសាស៍របស់ លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ (Victor Madrigal-Borloz) អ្នកជំនាញអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែមករា។

លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការពារប្រឆាំងអំពើហិង្សា និងការរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ បានបង្ហាញសេចក្តីសន្និដ្ឋានរបស់លោកបែបនេះ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ នៅរាជធានីភ្នំពេញ  ខេត្តសៀមរាប និងបាត់ដំបង។

លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ បញ្ជាក់ថា ដោយគ្មានករណីលើកលែង ភ្នាក់ងាររដ្ឋដែលលោកបានធ្វើការសន្ទនាជាមួយ បានទទួលស្គាល់ពីដើមដំបូងថា ភាពចម្រុះនៃនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ គឺជាចរិតលក្ខណៈមួយរបស់មនុស្សជាតិ។ លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមទាំងសមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ គឺជាសមាជិកដ៏មានតម្លៃនៅក្នុងសង្គម ដែលមានសិទ្ធិរស់នៅប្រកបដោយសេរីភាព និងសម​ភាព។

តាមរយៈដំណើរទស្សនៈកិច្ចនៅកម្ពុជា និងក្រោយពីបានជួបភាគីពាក់ព័ន្ធ អ្នកជំនាញអង្គការសហប្រជាជាតិរូបនេះបានលើកទឹកចិត្តឱ្យរដ្ឋ ធ្វើឱ្យមានវឌ្ឍនភាពឆាប់រហ័ស ផ្អែកលើមូលដ្ឋានច្បាស់លាស់ដែលឆ្លុះបញ្ចាំងពីតថភាពនៃជីវិត និងសេចក្តីត្រូវការរបស់អ្នកស្រឡាញ់ភេទដូចគ្នា ស្របតាមការ​ប្តេ​ជ្ញា​ចិត្តជាចម្បងចំនួនបីដែលកម្ពុជាបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៩។ ការប្តេជ្ញាចិត្តទាំងនោះរួមមាន ការទទួលស្គាល់គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នាតាមរយៈការទទួលស្គាល់តាមផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ការទទួលស្គាល់តាមផ្លូវច្បាប់នៃអត្តសញ្ញាណយេនឌ័រ និងការអនុ​ ម័​ត​ច្បាប់គ្រប់ជ្រុងជ្រោយប្រឆាំងការរើសអើង ។”

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២២ ខែមករានេះថា កម្ពុជាបានបើកទូ​លាយ​ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ហើយពួកគាត់គឺមានសេរីភាពគ្រប់បែកយ៉ាង​រាប់ចាប់តាំងពីការស្លៀកពាក់ ការកែភេទ និងការរស់នៅជាមួយគ្នា បើធៀបនឹងប្រទេសផ្សេងៗ នៅក្នុងតំបន់។

លោក កត្តា អ៊ន បន្តថា កម្ពុជាកំពុងតែពិចារណាក្របខណ្ឌនៃការរៀបអាពាហ៍ពិពាហ៍ និងចុះសំបុត្រ អាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែត្រូវសិក្សាស្រាវជ្រាវ ពិនិត្យមើលបរិបទសកល និងថាតើវប្បធម៌ ប្រពៃណី និងផ្នត់គំនិតនៃសង្គមខ្មែរដល់ណាហើយ។ ពោលគឺត្រូវការសិក្សាច្បាស់លាស់មុននឹងឈានទៅដល់ការទទួលស្គាល់ផ្លូវច្បាប់ ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា