banner1
អគ្គលេខាធិការ​អ.ស.ប លើកឡើង​ថា​ត្រូវតែ​​ផ្តន្ទាទោស​ក្រុមហ៊ុន​​ប្រេង ដែល​​កុហក​​រឿង​​អាកាសធាតុ

 19-មករា-2023

ថ្មីៗនេះ រឿងអាស្រូវមួយបាន​ផ្ទុះឡើង ពាក់ព័ន្ធនឹងក្រុម​ហ៊ុនប្រេងអាមេរិកដ៏ធំ ឈ្មោះ​ExxonMobil ដែលត្រូវបាន​​ទស្សនាវត្តី ​Science ចុះផ្សាយថា បាន​ភូតកុហក ថាបម្រែបម្រួលអាកាសធាតុសកល មិនមែន​បណ្តាល​មកពី​ឧស្ម័នផ្ទះកញ្ចក់ ដែល​​កើតចេញពីចំហេះប្រេង ឧស្ម័ន​ ឬធ្យូងថ្មនោះទេ។ ទស្សនាវត្តី​ Science អះអាងថា ការពិតអ្នកវិទ្យាសាស្ត្ររបស់​ក្រុមហ៊ុន ExxonMobil បានស្រាវជ្រាវនិងសន្និដ្ឋាន​ដឹង តាំងតែពីទសវត្សឆ្នាំ​៧០ម្លេះ ថាប្រភពថាម ពលហ្វូស៊ីល គឺជាកត្តាបង្កវិបត្តិអាកាសធាតុ​។ ថ្លែងនៅក្នុង​វេទិកា​សេដ្ឋកិច្ច នៅក្រុងដាវ៉ូស កាលពីថ្ងៃពុធ​ ទី​១៨មករា​ លោកអគ្គលេខាធិការអង្គការ សហប្រជាជាតិ បាន​អំពាវនាវ ថាត្រូវតែ​ផ្តន្ទាទោស​ក្រុមហ៊ុន​ប្រេង ​ដែលនិយាយ​​​កុហកពិភពលោក។

នៅវេទិកាសេដ្ឋកិច្ចសកលោក ដែលធ្វើជារៀងរាល់ឆ្នាំនៅក្រុងដាវ៉ូសប្រទេសស្វ៊ីស លោកអង់តូនីញ៉ូ​ ហ្គូតទែរស៍ បាន​ថ្លែងដោយ​កំហិងថា ក្រុមហ៊ុន​រកស៊ីផលិត​និង​លក់ថាមពលហ្វូស៊ីលខ្លះ ដឹងតាំងតែពីទសវត្ស​​ឆ្នាំ​៧០ម្លេះ​ ថាផលិតផលរបស់ខ្លួន នឹងដុតផែនដីយើងឲ្យឆាបឆេះ។ ក៏ប៉ុន្តែពួកក្រុមហ៊ុន​ឧស្សា ហកម្មអស់ទាំងនេះ គ្មានមនសិកាទេ ដោយ​បានព្យាយាម​និយាយកុហក បំភ្លៃការពិត។

សូមបញ្ជាក់ថា កាលសប្តាហ៍​មុននេះ ទស្សនាវត្តី Science បានចុះផ្សាយថា តាំងតែពីដើមទសវត្សឆ្នាំ​៨០ម្លេះ ដែល​ក្រុមហ៊ុនExxonMobil មានទិន្នន័យ​វិទ្យាសាស្ត្រព្យាករណ៍យ៉ាងប្រត្យក្ស ធ្វើឡើងអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុននេះផ្ទាល់ ស្តីអំពីដំណើរវិវឌ្ឍន៍​នៃវិបត្តិអាកាសធាតុ ដែលកាន់តែធ្ងន់ធ្ងរទៅ នៅរវាងប៉ុន្មានទសវត្សខាងមុ​ខ​។ ជាការព្យាករណ៍ដែលត្រឹមត្រូវបំផុត ប្រសិនបើយើងក្រឡេកមើលស្ថានភាពវិបត្តិអាកាសធាតុ នាពេលបច្ចុប្បន្ន។ ក៏ប៉ុន្តែ ទស្សនាវត្តី Science អះអាងថា ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន ExxonMobil បាន​ព្យាយាម​និយាយជាសាធារណៈ​ លើកឡើងពីភាព​មិនអាច​គួរឲ្យទុកចិត្តបាន នៃ​ការព្យាករណ៍វិទ្យាសាស្ត្រ​ទាំងឡាយណា​ ស្តីពីវិបត្តិអាកាសធាតុ​ បង្កឡើងដោយ​ឧស្ម័នផ្ទះកញ្ចក់។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យ​មានការផ្តន្ទាទោស ចំពោះក្រុមហ៊ុនឧស្សាហកម្មប្រេងធ្យូងថ្ម និងឧស្ម័ន​ ដែលនិយាយកុហកទាំងនេះ ឲ្យដូចករណី​ក្រុមហ៊ុន​ផលិតបារី ដែលនិយាយកុហក ថាបារីមិន​​បង្កឲ្យខូចសុខភាព​។ ការលើកឡើងរបស់​អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ គឺចង់សំដៅ​ទៅលើករណី ដែល​កាលពីឆ្នាំ​១៩៩៨ ក្រុមហ៊ុនឧស្សាហកម្ម​ផលិតបារីនៅអាមេរិក ត្រូវបានតុលាការផ្តន្ទាទោស ឲ្យ​បង់ប្រាក់ចំណងជំងឺចិត្ត​ថ្លៃមើលថែសុខភាពអ្នកជក់ ចំនួន​សុរប​​២៤៦ពាន់លានដុល្លារ​។

ក្រោយ​ការលើកឡើងរបស់លោកអង់តូនីញូ ហ្គូតទែរស៍ អង្គការ​ដើម្បី​សន្ធិសញ្ញាមិនរីកសាយ​ភាពថាមពលហ្វូស៊ីល បានចេញ​លិខិតប្រកាស អបអរ នឹងអំពាវនាវថា ត្រូវតែបញ្ឈប់ឲ្យ​បាននូវវប្បធម៌និយាយកុហកបោកប្រាស់ របស់ឧស្សាហកម្ម​ប្រភពថាមពហ្វូស៊ីល។ អង្គការនេះ បាន​អះអាង ជាច្រើនទសវត្សមកនេះ ពិភពលោក​បាន​ដើរយឺតយ៉ាវខ្លាំង ក្នុងការចាត់វិធានការទប់ស្កាត់​ការកើនឡើងកំដៅផែនដី គឺដោយសារក្រុមឡុបប៊ី បម្រើឲ្យ​ឧស្សាហកម្ម​ប្រេង ដែលជាអ្នកដាក់ឧបសគ្គអូសទាញ យកជើងរាទឹក៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា