banner1
ទស្សនវិស័យសេដ្ឋកិច្ចសកលឆ្នាំ២០២៣

 12-មករា-2023

កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣នឹងអាចមានកម្រិតខ្សោយខ្លាំង រាប់ចាប់តាំងពីឆ្នាំ២០០១។ មូលហេតុចម្បងគឺដោយសារពិភពលោក ត្រូវបន្ដប្រឈមទល់នឹងវិបត្តិភូមិសាស្រ្ដនយោបាយ វិបត្តិនៃការឡើងថ្លៃទំនិញជាទូទៅ វិបត្តិសង្គ្រាមឈ្លានភាពរបស់រុស្ស៊ីលើអ៊ុយក្រែន និងវិបត្តិជំងឺកូវីដ១៩។ រីឯ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញបានល្អ ប្រៀបធៀបជាមួយអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះអាចនឹងត្រូវប្រឈមជាមួយវិបត្តិសកលនានាដែលកំពុងកើតមានឡើង នៅលើសកលលោក។

ផ្អែកតាមរបាយការណ៍ចេញផ្សាយដោយស្ថាប័នធំៗ រួមមាន ធនាគារស៊្វីស Credit Suisse ធនាគារអាមេរិក Goldman Sachs ស្ថាប័នហិរញ្ញវត្ថុអាមេរិក J.P. Morgan ​ធនាគារអង់គ្លេស HSBC និងប្រភពគួរឱ្យទុកចិត្តផ្សេងៗ ទស្សនវិស័យសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២៣ អាចសង្ខេបបានដូចខាងក្រោម៖

ទីមួយ៖ កត្តាភូមិសាស្ត្រនយោបាយនឹងបន្ដកំណត់ជោគវាសនាសេដ្ឋកិច្ចសកល នៅប៉ុន្មានឆ្នាំខាងមុខ

អស់រយៈពេលជាច្រើនឆ្នាំមកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលខ្លាំងទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាងប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស នៅក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក តាំងពីជំនាន់លោក ដូណាល់ ត្រាំ។ ការប្រឈមមុខលើវិសាលភាពកាន់តែធំបានបន្ដកើនឡើងនៅជំនាន់លោក ចូ បៃឌិនផងដែរ។ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើនមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន។

ទីពីរ៖ កំណើនសេដ្ឋកិច្ចសកលនឹងមានកម្រិតខ្សោយបំផុត រាប់ចាប់តាំងពីឆ្នាំ២០០១

កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ត្រូវគេព្យាករណ៍ថាអាចមានកម្រិត១,៦%ប៉ុណ្ណោះនៅទូទាំងពិភពលោក។ អត្រាអ្នកគ្មានការងារធ្វើទំនងមានកម្រិតកាន់តែខ្ពស់ រីឯអតិផរណានឹងនៅតែបន្ដមានកម្រិតខ្ពស់ជាងអំឡុងពេលមុនវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែអាចទាបជាងឆ្នាំ២០២២។ ផ្អែកតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សកម្មភាពសេដ្ឋកិច្ចសកលជារួមកំពុងធ្លាក់ចុះច្រើន និងខ្លាំងជាងការរំពឹងទុក។ កម្រិតអតិផរណាបានកើនឡើងខ្ពស់ខ្លាំង ប្រៀបធៀបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ វិបត្តិនៃការឡើងថ្លៃការចំណាយក្នុងការរស់នៅ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុនៅក្នុងតំបន់ភាគច្រើន ការឈ្លានភាពរបស់រុស្ស៊ីលើអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ១៩ បានរួមចំណែកបន្ថែមទម្ងន់ទៅលើការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។ យោងតាមស្ថាប័ននេះ កំណើនសេដ្ឋកិច្ចសកលនឹងមានកម្រិតខ្សោយបំផុតចាប់តាំងពីឆ្នាំ២០០១ លើកលែងតែយើងប្រៀបធៀបជា មួយអំឡុងពេលនៃវិបត្តិហិរញ្ញវត្ថុពិភពលោកនៅឆ្នាំ២០០៨ និងអំឡុងពេលធ្លាក់ចុះខ្លាំង នៅពេលដែលជំងឺកូវីដ១៩កំពុងកើនឡើងខ្លាំង នៅឆ្នាំ២០២០។

ទីបី៖ ឆ្នាំ២០២៣គឺជាឆ្នាំដែលអាចកើតមាននូវលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចសកល

នាពេលបច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុននឹងវិបត្តិយ៉ាងច្រើនដំណាលគ្នា មិនថាវិ​បត្តិជំងឺសកល វិបត្តិសង្គ្រាម ឬវិបត្តិផ្សេងៗ។ មូលហេតុនេះហើយដែលស្ថាប័នធំៗភាគច្រើនលើកឡើងអំពីសេណារីយ៉ូថា សេដ្ឋកិច្ចនៅបណ្ដាប្រទេសជឿនលឿនទំនងជាអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាល នៅឆ្នាំ២០២៣។ តំបន់ចាយប្រាក់អឺរ៉ូ និងចក្រភពអង់គ្លេសប្រហែលជាស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ព្រោះថាប្រាក់ចំណូលរបស់ប្រជាជនត្រូវរងផលប៉ះពាល់ខ្លាំងពីវិបត្តិឡើងថ្លៃថាមពល និងទំនិញជាទូទៅ។ កំណើនសេដ្ឋកិច្ចចិននឹងបន្ដមានកម្រិតយឺតយ៉ាវ យ៉ាងហោចណាស់នៅពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំ២០២៣។ ទោះក្រោយការបើកប្រទេសឡើងវិញ កំណើនសេដ្ឋកិច្ចចិននៅតែត្រូវប្រឈមជាមួយស្ថានភាពដែលប្រទេសនេះនឹងមានអ្នកឆ្លងជំងឺ កូ វីដ១៩កើនឡើង ផលប៉ះពាល់ពីវិបត្តិអចលនទ្រព្យ ការធ្លាក់ចុះចំនួនប្រជាសាស្រ្ត និងការធ្លាក់ចុះផលិតភាព។ សហរដ្ឋអាមេរិកគួរតែអាច ជៀស វាងការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ព្រោះថាកម្រិតអតិផរណារបស់ប្រទេសនេះកំពុងថមថយ ហើយអត្រាអ្នកគ្មានការងារធ្វើកំពុងធ្លាក់ចុះមកវិញ។

ទីបួន៖ សេដ្ឋកិច្ចកម្ពុជាទំនងមានភាពប្រសើរឡើងវិញ ប៉ុន្តែត្រូវប្រឈមកត្តាខាងក្រៅខ្លាំង

យោងតាមរបាយការណ៍ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចនៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើន ៥,២ភាគរយនៅឆ្នាំ២០២៣ ព្រោះថា​អត្រាអ្នកមានការងារធ្វើកើនឡើង ការប្រើប្រាស់ក្នុងស្រុកកើនឡើង អមដោយការធ្លាក់ចុះនៃអតិផរណា។ ឧស្សាហកម្មកាត់ដេរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅតែរក្សា​បាន​ភាពល្អប្រសើរ​របស់​ខ្លួន​។ វិស័យសេវាកម្ម ជាពិសេសវិស័យ​ធ្វើដំណើរ និងវិស័យទេសចរណ៍ មានដំណើរការ​បានល្អ ក្រោយពេលរដ្ឋា​ភិបាល​ដាក់ចេញនូវយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ១៩” នាចុងឆ្នាំ២០២១ ហើយចំនួន​​ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ ១,២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។ ទំនុកចិត្តរបស់អ្នកធុរកិច្ច​ និង​អ្នកប្រើប្រាស់បានកើនឡើង អម​ដោយ​ការ​កើនឡើងនៃការវិនិយោគក្នុងប្រទេស​ និងពីក្រៅប្រទេសផងដែរ។ ជារួម សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងងើបឡើងវិញបានល្អ ប្រៀបធៀបអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងត្រូវប្រឈមជាមួយវិបត្តិសកលនានាដែលកំពុងកើតមានឡើង នៅ​លើសកលលោក៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ៖ https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា