IIMF ព្រមានពីផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ប្រសិនបើកំណើនអតិផរណា និងបំណុលឯកជនបន្តកើនឡើង
21-ធ្នូ-2022
មូលនិធិរូបិយវត្ថុអន្តរជាតិIMF ព្រមានមកលើកំណើនសេដ្ឋកិច្ចកម្ពុជាថា នឹងឆាប់ងាយរងគ្រោះសារជាថ្មី ដោយសារតែការកើនឡើងនៃអត្រាអតិផរណា បំណុលឯកជន និងកត្តារួមផ្សំនៃសេដ្ឋកិច្ចរបស់បណ្តាប្រទេសធំៗមួយចំនួននាពេលសព្វថ្ងៃ។ ក្នុងរបាយការណ៍របស់IMF ក៏ចាត់ទុកថា សេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២២នេះ កំពុងទទួលរងគ្រោះពីឥទ្ធិពលមិនស្ថិតស្ថេររបស់សេដ្ឋកិច្ចនៃប្រទេសចិន និងការធ្លាក់ចុះនូវតម្រូវការលើវិស័យកម្មន្តសាល និងវិស័យឧស្សាហកម្មរបស់បណ្តុំប្រទេសជឿនលឿន ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។
បើយោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិIMF ចេញផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅបានវាយតម្លៃឱ្យឃើញថា អតិផរណារបស់កម្ពុជានឹងរឹតតែកើនឡើងក្នុងឆ្នាំ២០២២នេះ ប៉ុន្តែវាអាចនឹងធ្លាក់ចុះមកវិញបន្តិចនៅឆ្នាំ២០២៣ខាងមុខ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ អតិផរណាក្នុងប្រទេសកម្ពុជាកំពុងស្ថិតក្នុងរង្វង់៧.៨% និងបន្តកើនឡើងជាលំដាប់នៅត្រឹមចុងឆ្នាំនេះ។
អង្គការនេះបន្តថា ផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជានឹងមានសារជាថ្មី ប្រសិនបើបំណុលឯកជន និងលក្ខខណ្ឌនៃសេដ្ឋកិច្ចរបស់បណ្តាប្រទេសធំៗបន្តមានភាពមិនប្រាកដប្រជា និងមិនច្បាស់លាស់ ដូចជាផលប៉ះពាល់ពីឥទ្ធិពលនៃសេដ្ឋកិច្ចចិន និងការថមថយនៃតម្រូវការបញ្ជាទិញទំនិញពីសហភាពអឺរ៉ុប។
ក្នុងនោះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចក្នុងស្រុកចាត់ទុកថា ផលប៉ះពាល់ពីឥទ្ធិពលនៃសេដ្ឋកិច្ចចិនមកលើសេដ្ឋកិច្ចកម្ពុជា ហាក់ស្ថិតនៅក្នុងកម្រិតទាបនៅឡើយ បើទោះបី ភាគច្រើនកម្ពុជានាំចូលទំនិញពីប្រទេសចិន។ ប៉ុន្តែបើផ្អែកទៅតាមការថមថយនៃសេដ្ឋកិច្ចចិននាពេលសព្វថ្ងៃនេះ ទំនិញភាគច្រើនដែលកម្ពុជានាំចូលដូចជា ទំនិញបម្រើលើវិស័យកសិកម្ម និងវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យកាត់ដេរបាននឹងកំពុងហក់ឡើងតម្លៃខ្លាំង ដែលធ្វើឱ្យការបញ្ជាទិញរបស់កម្ពុជាត្រូវកាត់បន្ថយដើម្បីទប់ទល់នឹងកំណើនអតិផរណាក្នុងប្រទេស។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិតសភាកម្ពុជាបានឱ្យដឹងថា កម្ពុជាមិនទាន់ស្ថិតក្នុងប្រទេសដែលរងហានិភ័យពីបញ្ហាសេដ្ឋកិច្ចខ្លាំងខ្លានោះទេ ដោយសារតែរដ្ឋាភិបាលកម្ពុជាបានរៀបចំគោលនយោបាយដើម្បីស្តារវិស័យសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងត្រឹមត្រូវ។
ក្រៅពីនេះ បញ្ហាបំណុលឯកជន រឺហៅម្យ៉ាងទៀតថា បំណុលដែលពលរដ្ឋខ្មែរជំពាក់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ហើយក៏ជាចំណុចដែលIMF ព្រមានហានិភ័យមកកម្ពុជាដែរនោះ ត្រូវបានលោកបណ្ឌិត គី សេរីវឌ្ឍន៍អះអាងថា នេះគ្រាន់តែជាការព្រួយបារម្ភ និងក្រើនរំលឹកបន្ថែមប៉ុណ្ណោះ តែសម្រាប់កម្ពុជាបញ្ហាបំណុលឯកជនដែលពលរដ្ឋខ្មែរជំពាក់ជាមួយធនាគារ ហើយធនាគារ ឬមីក្រូហិរញ្ញវត្ថុខ្ចីពីបរទេសនោះ នៅមិនទាន់ធ្លាក់ចូលក្នុងបន្ទាត់ក្រហមនៅឡើយ បើធៀបនឹងប្រទេសដទៃទៀត។
តែយ៉ាងណា ក្រុមអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិIMF ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រដល់ពលរដ្ឋងាយរងគ្រោះ និងចាត់វិធានការដោះស្រាយហានិភ័យផ្នែកហិរញ្ញវត្ថុ និងកត្តាងាយរងគ្រោះដោយសារតែអំពើពុករលួយ។ ហើយIMF ចង់ឃើញរដ្ឋាភិបាលអនុវត្តនូវច្បាប់ស្តីពីការក្ស័យធន់ ការកែសម្រួលឡើងវិញនៃកម្ចីធនាគារ និងក្របខណ្ឌគាំពារប្រាក់បញ្ញើធនាគារ។
បើយោងតាមការសិក្សារបស់វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍ និងសន្តិភាព (INEF) បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជា ចំនួន ១៦០, ០០០នាក់ បានលក់ដីដោយបង្ខំ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីសងបំណុល។
ទោះបីជាយ៉ាងណាក៏ដោយ IMF ក៏បានវាយតម្លៃមកលើសេដ្ឋកិច្ចកម្ពុជាថា នឹងមានកំណើន៥%នាឆ្នាំនេះ ហើយនៅឆ្នាំ២០២៣ នឹងមានអត្រាកំណើន៥.៥%។ កំណើននេះ បើតាម IMF គឺដោយសារតែការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រលើវិស័យសំខាន់របស់រដ្ឋាភិបាលបម្រើដល់សេដ្ឋកិច្ចកម្ពុជា៕
ប្រភពព័ត៍មាន៖ វិទ្យុបារាំងអន្តរជាតិ RFI : https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ