banner1
កាតាចុះកិច្ចសន្យាលក់ឧស្ម័នធម្មជាតិពង្រាវ ឲ្យ​អាល្លឺម៉ង់ សម្រាប់រយៈពេល ១៥ឆ្នាំ

 30-វិច្ឆិកា-2022

នៅក្នុងកិច្ចប្រឹងប្រែងធានាសន្តិសុខ​ថាមពល នៅក្រោយ​ដោះដៃ​ចេញពី​ប្រេង និង​ឧស្ម័ន​រុស្ស៊ី អាល្លឺម៉ង់បង្កើន​ការចុះកិច្ចសន្យា​ទិញថាមពល​ពីបណ្តា​ប្រទេស នៅ​ឈូងសមុទ្រ​ពែរ្ស៍។ នៅថ្ងៃ​អង្គារ រដ្ឋមន្រ្តី​ថាមពល​របស់​កាតា​បាន​ប្រកាស​ពីការចុះកិច្ចសន្យា​ដ៏ធំមួយ ដែល​នៅក្នុងនោះ កាតា​លក់ផ្គត់ផ្គង់​ឧស្ម័នធម្មជាតិ​ពង្រាវ​ទៅឲ្យ​អាល្លឺម៉ង់ សម្រាប់​រយៈពេល ១៥ឆ្នាំ។ រវាង តែ​បីខែ ​កាតា មហាសេដ្ឋី ឧស្ម័ន​ជាប្រទេស​ទី ២ បន្ទាប់ពី​អេមីរ៉ាត អារ៉ាប់រួម ដែល​អាល្លឺម៉ង់​ងាក​ទៅរក​ទិញ ឧស្ម័នធម្មជាតិ​ពង្រាវ ដើម្បី​យក​មក​ជំនួស​ឧស្ម័ន​រុស្ស៊ី។

ក្នុងបរិបទ​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិថាមពល​ឡើងថ្លៃ ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន កាតា ប្រទេស​នាំចេញ ឧស្ម័នធំ​ជាងគេ​ក្នុង​ពិភពលោក​បាន​បង្កើន​ការចុះ​កិច្ចសន្យា​លក់ឧស្ម័ន​ធម្មជាតិ​ពង្រាវ​ទៅ​ឲ្យបណ្តាប្រទេស​អឺរ៉ុប ដែលកំពុង​ត្រូវការ ឧស្ម័ន​សម្រាប់​រដូវរងា ដើមឆ្នាំក្រោយ។

នៅថ្ងៃ​អង្គារ ក្រុមហ៊ុន​ថាមពល​កាតា​ទើប​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​អាមេរិក Conocophillips ដើម្បី​ផ្គត់ផ្គង់​ឧស្ម័នធម្មជាតិ​ពង្រាវ​ទៅ​ឲ្យ​ប្រទេស​អាល្លឺម៉ង់ សម្រាប់​រយៈពេល​១៥ឆ្នាំ។ តាមកិច្ចសន្យា ដែល​ប្រកាស​ដោយ​រដ្ឋមន្រ្តី​ថាមពល​កាតា លោក​Saad Sherida al-Kaabi ចាប់ពី​ឆ្នាំ ២០២៦ កាតា​នឹង​លក់​ឧស្ម័ន​ប្រមាណ ២លាន​តោនក្នុងមួយឆ្នាំទៅ​ឲ្យអាល្លឺម៉ង់។

សម្រាប់លោក Ryan Lance ប្រធាន​ក្រុមហ៊ុន​អាមេរិក ដែលចូលរួម​វិនិយោគ​លើ​អណ្តូងឧស្ម័ន​របស់កាតា កិច្ចសន្យា​លក់ឧស្ម័ន​ពង្រាវ​ធម្មជាតិ របស់​កាតា​ចូលរួមចំណែក​ដ៏សំខាន់ ក្នុងការធានាសន្តិសុខ​ថាមពល​ពិភពលោក។ តាម​កិច្ចសន្យា ក្រុមហ៊ុនអាមេរិក​ជាអ្នកទទួលបន្ទុក​ដឹកជញ្ជូន​ឧស្ម័ន​របស់​កាតា​ទៅ​ដាក់ ​នៅ​ទីតាំង​ស្តុកបណ្តែត នៅកំពង់ផែ​ Brunsbuettel ភាគ​ខាងជើង របស់អាល្លឺម៉ង់។

រដ្ឋមន្រ្តីថាមពល​កាតា​មិនបាន​បញ្ជាក់​តម្លៃ​ឧស្ម័ន​ធម្មជាតិ​ពង្រាវ​ដែលខ្លួន​លក់​ទៅ​ឲ្យអាល្លឺម៉ង់ ប៉ុន្តែ ការចុះ​កិច្ចសន្យា​ទិញ​ឧស្ម័ន ក្នុងរយៈពេល​វែង នឹងជួយ​ឲ្យកាតា​ទទួលបាន​ទុនបន្ថែម​ដើម្បី​វិនិយោគ ធ្វើ​អាជីវកម្មលើ​អណ្តូងឧស្ម័នធម្មជាតិ​របស់ខ្លួន។

ទម្រាំអាច​មាន​កិច្ចសន្យា នៅ​ថ្ងៃអង្គារ អាល្លឺម៉ង់ជួបការលំបាកច្រើន។ អាល្លឺម៉ង់​ផ្ទាល់​ធ្លាប់​រារែក មិន​ចង់​ចុះកិច្ចសន្យា​រយៈពេល​វែង ដែលជា​ការទាមទារចង់បាន​របស់​កាតា​ពីភាគី​អ្នកទិញ។ ប៉ុន្តែ នៅចំពោះមុខ​នៃ​ការប្រឈម​ខ្វះថាមពល ដោយសារ ការដាក់ទណ្ឌកម្ម​លើ​វិស័យ ថាមពល​រុស្ស៊ី និង​ការប្រជែង​នៅក្នុងពិភពលោក អាល្លឺម៉ង់ គ្មានជម្រើសនោះទេ។ នៅសប្តាហ៍មុន មហាអំណាច​ចិនបាន​ចុះកិច្ចសន្យា​រយៈពេល ២៧ឆ្នាំ​ដើម្បី​ទិញ នាំចូល​ឧស្ម័នធម្មជាតិ​ពង្រាវ​ពី​កាតា ប្រមាណ ៤លានតោន ក្នុងមួយឆ្នាំៗ។ ចិន ជប៉ុន និងកូរ៉េខាងត្បូង​ជា​អតិថិជន​ធំរបស់​កាតា ប៉ុន្តែ នៅក្រោយ សង្រ្គាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ប្រទេស​នៅអឺរ៉ុប កាន់តែ​ច្រើន ងាកទៅ​ចែចង់ ទិញឧស្ម័នពីកាតា។

ជាប្រទេស​ផលិត​ឧស្ម័នធម្មជាតិ​ពង្រាវធំ​ជាងគេ​ក្នុងពិភពលោក កាតា​មានគោលដៅ​បង្កើន​ការផលិត​ឲ្យបាន​៦០%​ពីពេលនេះ ដល់​ឆ្នាំ ២០២៧ ដើម្បីអាច​នាំចេញ​ឧស្ម័ន​ប្រមាណ ១២៦លាន​តោន​ក្នុងមួយឆ្នាំ។ ជាមួយ តម្លៃឧស្ម័ន​ចេះតែ​កើនឡើង​នៅ​ទីផ្សាអន្តរជាតិ កាតា​ប្រមូលបានប្រាក់ចំណូល​ជិត ២ដង កាលពី​ឆ្នាំមុន។ នេះបើតាម​កាសែត​ផ្លូវរដ្ឋកាតា៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/km


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា