banner1
កាតា​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិដល់​ចិន​រយៈ​ពេល​វែង

 24-វិច្ឆិកា-2022

នៅថ្ងៃ​ចន្ទទី ២១​វិច្ឆិកា​២០២២ កាតា​បាន​ប្រកាស​ចុះ​កិច្ចព្រមព្រៀង​ ផ្គត់ផ្គង់​ឧស្ម័ន​រាវ​ធម្មជាតិដល់​​ចិន ​ សម្រាប់​រយៈ​ពេល​២៧​ឆ្នាំ។ បើ​តាម​កាតា នេះ​ជាកិច្ចសន្យា​ រយៈ​ពេល​វែងបំផុត ​លើក​ទីមួយ​ក្នុង​ប្រវត្តិឧស្សាហកម្ម​ថាមពលឧស្ម័ន​ធម្មជាតិ។ ដំណឹង​នេះ​ធ្លាក់​មក​ចំ​ពេល​ពិភពលោក​កំពុង​មាន​វិបត្តិ​ថាមពល​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ស្វះស្វែង​រក​ជម្រើសថាមពល​ថ្មី​មក​ជំនួស​ថាមពល​របស់​រុស្ស៊ី។

អឺរ៉ុប​ប្រឹង​ប្រែង​ខ្លាំង​ណាស់ដែរ​តែមិន​​សម្រេច ព្រោះ​ការ​ចរចា​ជួប​ភាព​ស្មុគស្មាញ​ខ្លាំង ហើយ​ប្រទេស​ខ្លះ​មាន​ជា​អាទិ៍​អាល្លឺម៉ង់ បាន​បដិសេធ​មិន​ព្រម​ចុះ​កិច្ចសន្យា​ ដែល​មាន​រយៈ​ពេល​វែង​ទេ​។ តែ​ចិន​ព្រម !

ដូច្នេះ​ក្រុមហ៊ុន​ថាមពល​របស់​រាជាណាចក្រ​ប្រេងកាតា បាន​ជ្រើសរើស​ចុះ​កិច្ចសន្យា​ នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​រាវ GNL ចំនួន​៤ពាន់​លាន​តោន​ ក្នុង​មួយឆ្នាំៗ បូម​ពីគម្រោង​ថ្មី គឺ​​អណ្តូងឧស្ម័ន ​North Field East​ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​Sinopec សម្រាប់​រយៈ​ពេល​២៧​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​​​​ក្រសួង​ថាមពល​កាតា Saad Sherida Al-Kaabi ដោយ​លើក​សរសើរ​ថា នេះ​ជា​កិច្ចព្រមព្រៀង​ដ៏​វែង​ជា​ងគេ​បំផុត​ក្នុង​ប្រវត្តិឧស្សាហកម្ម​ឧស្ម័នរាវធម្មជាតិ។ ចំណែក​ប្រធាន​ក្រុមហ៊ុន​ថាមពល​ស៊ីណូប៉ិចចិន បាន​ថ្លែង​អបអរ​តាម​អនឡាញ​ពី​ប៉េកាំង​មក​ថា​ជា​កិច្ចព្រមព្រៀង​ ជា​ប្រវត្តិសាស្ត្រ​ រវាង​កាតា​អ្នក​ផ្គត់ផ្គង់ដ៏​សំខាន់​ជាង​គេ​នៅលើ​លោក​ និង​ចិនអ្នក​​នាំ​ចូល​​ឧស្ម័ន​ធម្មជាតិ​រាវ​ដ៏​ធំ​បង្អស់​​នៅលើផែនដី។

ជា​ប្រទេស​ផលិត​ឧស្ម័ន​រាវ​ធម្មជាតិ​ដ៏​ចំបង​មួយ​​នៅ​ពិភពលោក​ ដូច​សហរដ្ឋ​អាមេរិក​និង​អូស្ត្រាលី កាតា​មាន​អណ្តូង​ឧស្ម័ន​រាវ​ធម្មជាតិ​ដ៏​ធំ​ជាង​បង្អស់​​នៅ​លើ​ពិភពលោក ដែល​ចែក​រំលែក​ជាមួយ​នឹង​អ៊ីរ៉ង់ គឺ អណ្តូង​ North Field។ ចែក​ជាពីរ​ផ្នែក អណ្តូង ​North Field ដ៏​យុទ្ធសាស្ត្រ​នេះ មាន​​សក្តានុពលបង្កើន​​ផលិតកម្ម​​ឧស្ម័ន​របស់​កាតា​ឱ្យ​ឡើង​​បាន​៦០% ឬ​អាច​បូម​យក​ឧស្ម័ន​បាន​ដល់​ទៅ​១២៦​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ នៅ​ឆ្នាំ​២០២៧។

សម្រាប់​ពេល​នេះ ក្រុមហ៊ុន​ Conocophillips របស់​អាមេរិក​ TotalEnergie បារាំង និង Shell ​អង់គ្លេស មានចំណែកសំខាន់​​នៅ​ North Field ខាង​ត្បូង កំរិត​​២៥% ​និងកាតា​​៧៥%​។ ប៉ុន្តែ ​Sinopec បានប្រកាស​ជា​ផ្លូវ​ការ​​សុំមាន​ចំណែក​លើ​អណ្តូង​North Field south ​ដែរ កាល​ពី​ខែ​តុលា​២០២១។ ការ​នេះបាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ចិន​កាតា​កាន់​តែ​ប្រសើរឡើង។ អាស៊ី (ចិន​ ជប៉ុន កូរ៉េខាង​ត្បូង​)​ជា​ទីផ្សារ​ឧស្ម័ន​ដ៏​ចម្បង​របស់​កាតា​ ហើយ​ទំនាក់ទំនង​សេដ្ឋកិច្ច​ចិន​ជាមួយ​ក្រុមប្រទេស​នៅ​តំបន់​ឈូង​សមុទ្ទពែក្ស​ដែល​ល្អ​ស្រាប់ ត្រូវ​បាន​ពង្រឹង​កាន់​ខ្លាំង​នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI ៖ https://www.rfi.fr/km


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា