ខេត្តចំនួន៣ដែលទទួលបានការលើកលែងពន្ធគ្រប់ប្រភេទចាប់ពីខែកក្កដារហូតដល់ខែកញ្ញាខាងមុខគឺមានខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ចំពោះអាជីវកម្មដែលត្រូវបានលើកលែងពន្ធ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែអាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រងគ្រងអាករលើតម្លៃបន្ថែមជារៀងរាល់ខែក្នុងអំឡុងពេលនេះ។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលចុះថ្ងៃទី១៥កក្កដា២០២២។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានសាទរចំពោះការសម្រេចនេះ ខណៈភ្ញៀវទេសចរអន្តរជាតិដែលមកកំសាន្តនៅកម្ពុជានៅមានកម្រិត។ ប៉ុន្តែពេលសួរថា ហេតុអ្វីខេត្តដទៃទៀតមិនត្រូវបានលើកលែងពន្ធ លោកស្រីយល់ថា មកពីខេត្តទាំងនោះមានឱកាសទទួលបានភ្ញៀវទេសចរក្នុងស្រុកច្រើនដើម្បីបន្តដង្ហើមអាជីវកម្មរបស់ពួកគេ។
ប៉ុន្តែលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ចាត់ទុកការសម្រេចលើកលែង ពន្ធតែខេត្ត៣នេះគឺធ្វើឡើងមិនមានតម្លាភាពទេ ខណៈខេត្តផ្សេងទៀតក៏រងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ដែលធ្វើឲ្យអាជីវកម្មទេសចរណ៍មួយចំនួនបានដួលរលំទៅហើយ។ ការលើកលែងពន្ធបែបនេះ បើនៅតែបន្តអាចនឹងធ្វើឲ្យរដ្ឋជួបវិបត្តិសេដ្ឋកិច្ច ហើយថាគួរតែរកវិធីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវិញដូចប្រទេសជិតខាង។
បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាចំនួន ៨.៩៥លានដុល្លារអាមេរិក លើការផ្ដល់ប្រាក់ឧបត្ថម្ភ ១ខែ៤០ដុល្លារ សម្រាប់បុគ្គលិក ២៣ ០១០នាក់ ដែលបានព្យួរការងារក្នុងវិស័យនេះ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/km
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com