WHO គ្រោងនឹងផ្ដល់ថវិកាដល់កម្ពុជា សម្រាប់សម្រេចនូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២០នេះ
22-តុសា-2020
ចុះផ្សាយ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានជំរុញលើកទឹកចិត្តដល់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសត្រូវអនុវត្តន៍ផែនការយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមបណ្តាខេត្តដែលនៅមានករណីគ្រុនចាញ់នៅឡើយ។
កិច្ចពិភាក្សានេះ បាន ប្រព្រឹត្ដទៅនារសៀលថ្ងៃទី០៦ ខែតុលានេះ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (ម.គ.ច) ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធភាព និងសកម្មភាពសំខាន់ៗ សំដៅកំណត់បានជាយុទ្ធសាស្ត្របន្ថែម លើកិច្ចការការលុបបំបាត់ជំងឺគ្រុនចាញ់បច្ចុប្បន្ន នៅក្នុងខេត្តមួយចំនួន ដែលនៅមានអត្រាឈឺនៅឡើយ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន ម.គ.ច បានលើកឡើងអំពីស្ថានភាពជំងឺគ្រុនចាញ់ និងលទ្ធផលសម្រេចបាន លើការងារលុបបំបាត់គ្រុនចាញ់ គិតត្រឹមខែសីហាឆ្នាំ២០២០ និងជំហានបន្ទាប់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ ដោយមានការពន្យល់បន្ថែម ពីមន្ត្រីជំនាញអង្គការសុខភាពពិភពលោក ផ្នែកជំងឺគ្រុនចាញ់នេះ។
ក្រោយពីបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុលផុសពីគ្រប់ភាគីទាំងអស់ ជាលទ្ធផលនៃកិច្ចប្រជុំបានកំណត់នូវចំនុចសំខាន់ៗ សម្រាប់ដាក់ជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យ និងសម្រេច ដែលមានដូចខាងក្រោម៖
១-មន្ត្រីជំនាញទាំង ម.គ.ច និង WHO ត្រូវកំណត់ចំនួនខេត្តដែលនៅមានជំងឺគ្រុនចាញ់ ដើម្បីជំរុញអនុវត្តន៍ការងារលុបបំបាត់ជំងឺគ្រុនចាញ់ នៅជំហានចុងក្រោយនៃឆ្នាំ២០២០នេះ
២-ផ្តល់ជំនួយបច្ចេកទេសបន្ថែមពីអង្គការសុខភាពពិភពលោក និងការរៀបចំលម្អិតលើជំហានចុងក្រោយសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ នៅដំណាច់ ឆ្នាំ២០២០ និងឈានទៅគ្មានជំងឺគ្រុនចាញ់ប្រភេទគ្រុនសន្ធំនៅឆ្នាំ២០២៣ (Last Mile Malaria Elimination Efforts By 2020 for P.F elimination and maintain zero by 2023)
៣-ត្រូវធានាឲ្យមានលក្ខណៈបច្ចេកទេសសមស្រប និងធានាឲ្យការអនុវត្តការលេបថ្នាំការពារជាមុននេះ អាចធ្វើទៅបានដោយរួមបន្ថែមជាមួយកិច្ចការកំពុងតែធ្វើស្រាប់
៤-ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ និងការគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែម និងការជួយស្វែងរកធនធានបន្ថែមសម្រាប់បំពេញកង្វះខាត នៅក្នុងការអនុវត្តសកម្មភាពជាចាំបាច់សម្រាប់ជំហានលុបបំបាត់ជំងឺគ្រុនចាញ់ចុងក្រោយនេះ
៥-ត្រូវកែសម្រួលការប្រើប្រាស់ពាក្យសំខាន់ៗ សម្រាប់គោលដៅចំណុច ដូចជាពាក្យ អ្នកចូលព្រៃ (Forest-Goer) គួរប្តូរ ទៅជាអ្នកចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់(Travelers to malaria risk area)
៦-ត្រូវប្រើយុទ្ធសាស្ត្រចម្រុះ ក្នុងការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ ដោយដាក់បញ្ចូលថ្នាំលាបការពារមូសខាំផងដែរ ការប្រើប្រាស់មុងផង និងការលេបថ្នាំការពារជាមុនផង ដោយរួមបញ្ចូលការពន្យល់ពីរបៀបប្រើប្រាស់ និងការអប់រំសុខភាព។
៧-ត្រូវធ្វើតេស្តរកមេរោគគ្រុនចាញ់ និងលេបថ្នាំការពារជំងឺគ្រុនចាញ់ មុនចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ខេត្ត)
៨-ត្រូវបញ្ជាក់ និងបែងចែកតួនាទី និងភារកិច្ច អ្នកដែលចូលរួមក្នុងការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់នៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងចំនួនកម្លាំងដែលត្រូវចូលរួមការងារនេះ
៩-សកម្មភាពការងារ សម្រាប់ក្រុមដែលចូលទៅកាន់កន្លែងប្រឈមនឹងជំងឺគ្រុនចាញ់ រួមមាន ការផ្តល់មុងរយៈពេលវែង ការផ្តល់ថ្នាំលាបការពារមូសខាំ ការធ្វើតេស្តរកមេរោគគ្រុនចាញ់នៅតាមផ្ទះរាល់សប្តាហ៍ ការអប់រំសុខភាព/បំផុសសហគមន៍/ចលនាសហគមន៍ ផ្តល់ថ្នាំការពារ ការអង្កេតតាមដាន ការតាមដានផលប៉ះពាល់ដែលអាចនឹងកើតមាន និងការព្យាបាលជាដើម។
១០-ត្រូវពង្រឹងការងារតាមដានជំងឺ តាមដានសកម្មភាពការងារ តាមដានផលប៉ះពាល់ផ្សេងៗ និងការត្រៀមឆ្លើយតបក្នុងករណីមានបញ្ហាជាយថាហេតុ។
១១-ជំរុញ និងគាំទ្រអ្នកស្ម័គ្រចិត្តតាមភូមិ ដែលជួយលើការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដោយធ្វើឲ្យមានជំនឿលើការងារអ្នកស្ម័គ្រ ដែលមានកំណត់ច្បាស់លាស់ សុវត្ថិភាពនៃការធ្វើដំណើរ និងអំពើរំលោភបំពាននានាជាដើម។
១២-ត្រូវរៀបចំឯកសារលម្អិត ស្របតាមខ្លឹមសារនៃកិច្ចពិភាក្សាគ្នា ដោយកំណត់ឲ្យបានច្បាស់លាស់នូវយុទ្ធសាស្ត្រ ដែលត្រូវបន្ថែមលើយុទ្ធសាស្ត្រដែលមានស្រាប់ សំដៅលុបបំបាត់ជំងឺគ្រុនចាញ់នាជំហានចុងក្រោយនេះ ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យ និងសម្រេចជាចុងក្រោយ មុននឹងយកទៅអនុវត្តន៍នៅតាមមូលដ្ឋានដែលនឹងត្រូវកំណត់។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសង្គម ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន ហ្រ្វេសញូ Fresh News http://freshnewsasia.com/index.php/en/localnews/172766-2020-10-06-16-06-35.html
អត្ថបទពាក់ព័ន្ធ