ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០
ក្រសួងសុខាភិបាល និង KOICA ចុះហត្ថលេខាលើកកំណត់ត្រាពិភាក្សាគ្នា ស្តីពីគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីការពារ ការរកឃើញ និងឆ្លើយតបចំពោះជំងឺឆ្លងនៅកម្ពុជា ក្នុងគម្រោងទឹកប្រាក់ប្រមាណ៨.៥លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ដោយគ្រោងនឹងចាប់ផ្តើមពីឆ្នាំ២០២១នេះតទៅ។
សម្រាប់ថវិកាមួយចំនួនធំ នឹងផ្តល់ដោយKOICA ជូនទៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) ដោយផ្ទាល់។ ក្រោមជំនួយ USCDC នេះ ត្រូវបានជ្រើសរើសដោយឯកតោភាគី KOICA ឲ្យធ្វើជាអ្នកផ្តល់ការជួយគាំទ្រដល់ក្រសួងសុខាភិបាល។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួង សុខាភិបាល ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាមួយលោក RHO Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃប្រព័ន្ធតាមដានជំងឺឆ្លង មន្ទីរពិសោធន៍ ធនធានមនុស្ស និងប្រព័ន្ធឆ្លើយតបបន្ទាន់ ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបទប្បញ្ញត្តិសុខភាពអន្តរជាតិ ឆ្នាំ២០០៥។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្តថា «ក្រសួងសុខាភិបាលកម្ពុជា នឹងបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសាធារណរដ្ឋកូរ៉េ និយាយដោយឡែកជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េ ប្រចាំកម្ពុជា និងសូមឲ្យមានការពិនិត្យពិភាក្សាជាបន្តបន្ទាប់ ដើម្បីឲ្យការអនុវត្តគម្រោងនេះ អាចប្រព្រឹត្តទៅដោយរលូន»។
លើសពីនោះ ក្រសួងសុខាភិបាល ក៏សំណូមពរឲ្យ KOICA ពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើគម្រោងផ្សេងៗ ជាពិសេសលើផ្នែក ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយការធ្វើទំនើបកម្មមន្ទីរពេទ្យរដ្ឋ ការពង្រឹង និងការអភិវឌ្ឍសេវាតាមបែបឌីជីថល នៅក្នុងវិស័យសុខាភិបាល នៅថ្នាក់ជាតិ ឬថ្នាក់ខេត្តជាដើម៕ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសង្គម ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានហ្រ្វេសញូ Fresh News http://freshnewsasia.com/index.php/en/localnews/171682-2020-09-25-04-26-46.html
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com