ចុះផ្សាយ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើង នៅក្នុងពិធីអបអរសាទរទិវាប្រាក់រៀល ខួបលើកទី ៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ កាលពីថ្ងៃច័ន្ទនេះថា តម្រូវការប្រាក់រៀលមានការកើនឡើងជាលំដាប់ ក្នុងចំណោមសាធារណជន និងវិនិយោគិន ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ ដែលបានជួយជំរុញការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ច។ ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចចិត្តចេញប្រាក់រៀលឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីបង្ហាញឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់កម្ពុជា និងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហម។ ឯកឧត្តមបានបន្តទៀតថា របបប៉ុលពតបានបំផ្លាញមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា ហើយប្រាក់រៀលត្រូវបានបោះបង់ចោល។ យ៉ាងណាមិញ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀល បានកើនឡើងជាមធ្យមប្រមាណ ១៦ ភាគរយ ក្នុងមួយឆ្នាំ។ ដោយសេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងអត្រាជាមធ្យមប្រមាណ ៧.៨ ភាគរយ ក្នុងមួយឆ្នាំ ហើយអតិផរណាមានចំនួនប្រហែល ២.៥ ភាគរយ នោះប្រាក់រៀលគឺមានស្ថិរភាព ប្រហែល ៤,០៥០ រៀល ក្នុងមួយដុល្លារអាមេរិក។ គួរបញ្ជាក់ថា ដុល្លារូបនីយកម្មបានហូរចូលសេដ្ឋកិច្ចកម្ពុជា នៅដើមទសវត្សឆ្នាំ១៩៩០។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការអនុវត្តសេដ្ឋកិច្ចទីផ្សារ និងប្រព័ន្ធធនាគារពីរថ្នាក់ (two-tier banking system) ប្រាក់រៀលត្រូវបានប្រើប្រាស់ជាមួយនឹងប្រាក់ដុល្លារអាមេរិក នៅក្នុងសេដ្ឋកិច្ចជាតិ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.phnompenhpost.com/business/nbc-riel-demand-driving-banking-financial-services
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com