ចុះផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០
តំបន់ព្រៃឡង់ដែលជាជម្រកសត្វព្រៃនិងជាតំបន់អេកូឡូស៊ីធំជាងគេក្នុងអាស៊ាន បានលាតសន្ធឹងលើផ្ទៃដីជាង៤៣ម៉ឺនហិកតា (៤៣១ ៦៨៣ហិកតា) ស្ថិតនៅខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ដែលក្នុងនោះមានជីវៈចម្រុះជិត៤០០ប្រភេទកំពុងរស់នៅ។ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) ក្រសួងបរិស្ថាននិងក្រសួងពាក់ព័ន្ធមួយចំនួនទៀត បានចាប់ផ្តើមបើកយុទ្ធនាការការពារតំបន់ព្រៃឡង់ក្រោមប្រធានបទ «យុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីលើកកម្ពស់ និងអភិរក្សទ្រទ្រង់ជីវៈចម្រុះ ការពារការកាប់បំផ្លាញព្រៃឈើឱ្យកាន់តែប្រសើរ និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព» ដើម្បីអភិរក្សព្រៃឈើ សត្វព្រៃ និងទ្រទ្រង់ជីវៈចម្រុះនៅតំបន់ការពារធម្មជាតិព្រៃឡង់។ យោងតាមរបាយការណ៍របស់បណ្តាញយុវជនកម្ពុជា និងអង្គការ Jesuit Service Cambodia (JSC) បានបង្ហាញថា ក្នុងរយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ ព្រៃឈើក្នុងតំបន់ព្រៃឡង់ជាង១០ម៉ឺនហិកតា បានក្លាយជាវាលរហោឋាន និងកន្លែងខ្លះបានក្លាយទៅជាចម្ការជំនួសវិញ។ គិតត្រឹមឆ្នាំ២០១៩ ផ្ទៃដី៥៨ ១៣៨ហិកតាដែលបានមកពីការបាត់បង់ព្រៃឈើជាង១០ម៉ឺនហិកតា ត្រូវបានបំប្លែងទៅជាដីចម្ការដំណាំ ខណៈផ្ទៃដីចំនួន១ ១១១ហិកតា ត្រូវបានដុះឡើងវិញដោយធម្មជាតិ និងការដាំដុះដោយកម្មវិធីដាំដើមឈើ។ ព្រៃឡង់បាន និងកំពុងទទួលរងនូវបញ្ហាប្រឈមជាច្រើន ដូចជា ការកាប់ទន្រ្ទានដីធ្លី ការរុករករ៉ែ និងគម្រោងអភិវឌ្ឍន៍នានាក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនធំៗ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានវីអូឌី https://vodkhmer.news/2020/09/22/preay-lang-protection-campaign-by-cambodia-america-government/
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com