៩ កញ្ញា ២០២០
គណៈប្រតិភូគណៈកម្មាធិការនយោបាយអាយប៉ានៃរដ្ឋសភាកម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន អាយប៉ា តាមរយៈប្រព័ន្ធវីដេអូ ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី ៤១ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។ គណៈប្រតិភូកម្ពុជាបានមានប្រសាសន៍លើកឡើងពីការគំរាមកំហែងនៃជម្ងឺរាតត្បាតសកលកូវីដ១៩ និងការកើនឡើងនៃនិន្នាការឯកតោភាគីនិយម ការគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ ទន្ទឹមគ្នានឹងបញ្ហាប្រឈមដែលមានស្រាប់ក៏នៅមិនទាន់ត្រូវបានដោះស្រាយ ដូចជា ការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខទឹក ស្បៀង ជម្លោះហិង្សា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណែត អន្តោប្រវេសន៍ខុសច្បាប់ និងភាពក្រីក្រជាដើម។
គណៈប្រតិភូកម្ពុជា ក៏បានមានប្រសាសន៍ថា សភាកម្ពុជាសូមគាំទ្រ និងជំរុញការបន្តកិច្ចសន្ទនា កសាងទំនុកចិត្ត ស្វែងយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្ដូរទស្សនៈ បទពិសោធន៍ ការអនុវត្តល្អៗ និងការដើរតួនាទីការទូតសភាឲ្យកាន់តែសកម្ម ដើម្បីគាំទ្រប្រព័ន្ធអន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ស្របតាមគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ តាមរយៈការប្រើមធ្យោបាយសន្តិវិធីក្នុងការដោះស្រាយជម្លោះ ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានរស្មីកម្ពុជា https://www.rasmeinews.com/archives/362445
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com