ចុះផ្សាយ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០
នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ ម៉ោង១៦:០០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅកម្ពុជា។
បន្ទាប់ពីបានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា លោកអគ្គនាយក Wang Bingham មានគម្រោងធ្វើវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិន ដោយលោកជឿជាក់ថានឹងទទួលបានការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេសចិន នៅពេលដែលផលិតផលទាំងនេះដាក់លក់លើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងគាំទ្រ ចំពោះគម្រោងនេះ ព្រោះថាវាជាគម្រោងដែលស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ជាការឆ្លើយតបនឹងសំណើសុំយោបល់របស់លោកអគ្គនាយក ពាក់ព័ន្ធនឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញទៅប្រទេសចិន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនឲ្យសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុលនៃផលិតកម្មឈើហូបផ្លៃខាងលើ រួចរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួង ដើម្បីក្រសួងមានលទ្ធភាពអាចជួយសម្របសម្រួលក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងជាពិសេសនីតិវិធីនៃការនាំចេញ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន ប្រភពព័ត៌មាន៖ ទំព័រហ្វេសប៊ុកផ្លូវការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ https://www.facebook.com/maff.gov.kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com