ចុះផ្សាយ៖ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីថ្ងៃអង្គារនេះថា រដ្ឋាភិបាលកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន របស់ព្រះរាជាណាចក្រកម្ពុជា និងធានាឱ្យបាននូវការប្រកួតប្រជែងវិស័យឡូជីស្ទីក នៅក្នុងតំបន់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំពុងសិក្សាពីលទ្ធភាពនៃការបង្កើតមជ្ឈមណ្ឌលឡូជីស្ទីក មួយ នៅខាងលិចរាជធានីភ្នំពេញ ដោយការវិភាគលទ្ធភាពនៅដំណាក់កាលដំបូងដែលទើប នឹងបញ្ចប់ បានបង្ហាញថា គម្រោងនេះអាចនឹងមានលទ្ធភាពផ្នែកសេដ្ឋកិច្ច។ មជ្ឈមណ្ឌល ឡូជីស្ទីកភ្នំពេញ នឹងមានទីតាំងស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌដង្កោ ដែលជាតំបន់ស្ថិតនៅខាងលិចព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ទីតាំងនេះមានសារៈសំខាន់ជា យុទ្ធសាស្ត្រ ដោយសារស្ថិតនៅចន្លោះកំពង់ផែស្វយ័តព្រះសីហនុ និងខ្សែរថភ្លើងប៉ោយប៉ែត ជាប់ព្រំប្រទល់ប្រទេសថៃ ហើយក៏ស្ថិតនៅជិតផ្លូវជាតិលេខ ៣ និងលេខ ៤ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផងដែរ។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទន់ខ្សោយនៅកម្ពុជា បានរារាំងវិស័យពាណិជ្ជកម្ម ដែលបណ្តាលឱ្យតម្លៃនាំចេញរបស់កម្ពុជា ខ្ពស់ជាងប្រទេសជិតខាង។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៦ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានប៉ាន់ប្រមាណថាកម្ពុជាគិតថ្លៃនាំចេញប្រមាណ ៥៤០ ដុល្លារអាមេរិក ក្នុងមួយឯកតាស្មើនឹងម្ភៃហ្វីត (twenty-foot equivalent units) បើធៀបនឹង ២០០ ដុល្លារអាមេរិក នៅប្រទេសថៃ និង ២៥០ ដុល្លារអាមេរិក នៅប្រទេសវៀតណាម។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.phnompenhpost.com/business/infrastructure-needs-upgrade
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com