ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ប្រទេសលោក ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ ខណៈដែលលោកបានជំរុញ ការពង្រឹងតួនាទីរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី នៅក្នុងប្រព័ន្ធអភិបាលកិច្ច សេដ្ឋកិច្ចសកលលោក។ លោក ស៊ី បានអំពាវនាវឱ្យធនាគារនេះ «វិវត្តទៅជាវេទិកាថ្មីមួយ ដែលជំរុញការអភិវឌ្ឍសម្រាប់សមាជិកទាំងអស់ និងសម្របសម្រួលការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នានៃមនុស្សជាតិ»។ លោក ស៊ី បានបញ្ជាក់ថា ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានផ្តល់ថវិកាជិត ២០ ប៊ីលានដុល្លារអាមេរិក នៅក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដល់សមាជិករបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមដំណើរការ នៅក្នុងឆ្នាំ ២០១៦ ដែលបច្ចុប្បន្ន មានសមាជិក ១០២ ប្រទេស មកពីអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិក។ គួរកត់សម្គាល់ផងដែរថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានបង្កើតឧបករណ៍ហិរញ្ញវត្ថុ ដើម្បីជួយសមាជិករបស់ខ្លួន ក្នុងការដោះស្រាយជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ក្នុងកំឡុងវិបត្តិជំងឺកូវីដ-១៩ ដោយឧបករណ៍ហិរញ្ញវត្ថុសម្រាប់ឥណទាននេះ ផ្តល់ហិរញ្ញប្បទាន ចន្លោះពី ៥ ប៊ីលាន ទៅ ១០ ប៊ីលានដុល្លារអាមេរិក។ រៀបរៀងដោយ៖ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន CNBC https://www.cnbc.com/2020/07/29/chinas-president-xi-jinping-reiterates-his-support-for-multilateral-cooperation.html
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com