យោងតាមសេចក្តីជូនដំណឹងនាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានពីការផ្អាកជាបណ្តោះអាសន្ន និងការដកហូតរាល់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដែលមិនបានអនុវត្តតាមលក្ខខណ្ឌតម្រូវរបស់ក្រសួង ពីទីផ្សារ។ ការចាត់វិធានការនេះ គឺបន្ទាប់ពីក្រសួង បានសង្កេតឃើញថា ការចរាចរផលិតទាំងនេះ នៅលើទីផ្សារមួយចំនួន មិនបានអនុលោមតាមមាត្រា៩ មាត្រា១០ មាត្រា១១ និងមាត្រា១២ នៃអនុក្រឹត្យ ស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ក៏ដូចជាប្រកាសរួម ស្តីពី ការអនុវត្តអនុក្រឹត្យ ស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ពោលគឺមិនបានបង្ហាញអំពីវិធីប្រើប្រាស់ផលិតផលជាខេមរភាសា និងពាក្យ «គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ រហូតបាន ៦ ខែ និងបន្តការបំបៅដោះម្តាយ រហូតបានអាយុ ២ ឆ្នាំ ឬលើសឡើយ» នៅលើសំបកវេចខ្ចប់។ ក្នុងន័យនេះ ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ប្រសិនបើមានករណីល្មើសអនុក្រឹត្យ និងប្រកាសរួមខាងលើ ក្រសួងនឹងផ្អាក ដកហូត ឬចាត់វិធានការ នានា តាមច្បាប់ និងបញ្ញត្តិជាធរមាន។ រៀបរៀងដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន FreshNews http://freshnewsasia.com/index.php/en/localnews/166594-2020-07-29-07-33-28.html
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com