ច្បាប់ស្តីពី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយមហិច្ឆតាបំផុតរបស់សហភាពអឺរ៉ុប បានចូលជាធរមាននៅថ្ងៃអាទិត្យ ទី២ កុម្ភៈ ២០២៥នេះ។ ប៉ុន្តែគេទំនងជាអាចបន្តជជែកវែកញែក ឬតវ៉ាប្រឆាំងនឹងច្បាប់នេះបានទៀត ជាពិសេសនាឱកាសជំនួបកំពូលក្រុងប៉ារីសស្តីពី បញ្ញាសិប្បនិម្មិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១កុម្ភៈ ២០២៥ ខាងមុខ។ ច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអឺរ៉ុបចូលជាធរមាន © CC0 Pixabay/Gerd Altmann
នៅមួយសប្តាហ៍មុនការបើកជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិត នៅក្រុងប៉ារីស ច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់សហភាពអឺរ៉ុប AI Act ផ្នែកទីមួយ បានចូលជាធរមាន នៅថ្ងៃអាទិត្យ ទី២ កុម្ភៈ ២០២៥នេះទៅ។ ដូច្នេះ ចាប់ពីពេលនេះតទៅ អឺរ៉ុបមិនអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិតបែបគ្រោះថ្នាក់ខ្លាំង ដូចជាកម្មវិធីដាក់ពិន្ទុសង្គមជាលក្ខណៈឯកជន ឬសាធារណៈដូចនៅចិន ឬកម្មវិធីប៉ូលិសវែករកមុខ សម្គាល់មនុស្សប្រព្រឹត្តបទល្មើសទេ។ កម្មវិធីសម្គាល់អារម្មណ៍ វិភាគអត្តចរិតបុគ្គលិក ឬសិស្ស នៅកន្លែងធ្វើការ ឬនៅសាលា ក៏មានចែងហាមឃាត់ក្នុងផ្នែកទីមួយនៃច្បាប់ Ai Act របស់អឺរ៉ុបដែរ។
បើតាមការលម្អិតរបស់គណៈកម្មការអឺរ៉ុប ច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិតអឺរ៉ុប មិនអនុញ្ញាតឱ្យប្រើកម្មវិធី Ai កេងចំណេញលើបុគ្គលទន់ខ្សោយទេ។ ការកំណត់អត្តសញ្ញាណមនុស្សតាមរយៈបច្ចេកវិទ្យាថតមុខ ថតក្រយៅ ដោយផ្ទាល់តាមទីសាធារណៈ ដើម្បីបានដឹង ពីពូជ ពីទស្សនៈនយោបាយ-សាសនា ពីទិន្ននាការផ្នែកផ្លូវភេទ ត្រូវហាមឃាត់ជាផ្លូវការចាប់ពីថ្ងៃច្បាប់ចូលជាធរមាននេះទៅ។ សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មក្រុមហ៊ុនល្មើសនឹងការហាមឃាត់ដោយពិន័យរហូតដល់៧%នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន។
ផ្នែកផ្សេងទៀតនៃច្បាប់ មានជាអាទិ៍ផ្នែកទាក់ទងនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិតជាទូទៅ នឹងចាប់អនុវត្តជាបន្តបន្ទាប់ ជាដំណាក់ៗ និងចូលជាធរមានទាំងស្រុង យ៉ាងយូរត្រឹមថ្ងៃទី១ សីហា ២០២៥។
ក៏ប៉ុន្តែច្បាប់អឺរ៉ុបត្រូវប្រឈមនឹងឧបសគ្គជាច្រើនទៀតណាស់។ សម្រាប់ពេលនេះ ច្បាប់បញ្ញាសិប្បនិម្មិតអឺរ៉ុបនៅតែប្រធានបទនៃការជជែកតស៊ូមតិ និងការតវ៉ាប្រឆាំងបានជានិច្ច។ ចំណោទជាច្រើនអាចនឹងលើកមកលម្អិត ក្នុងជំនួបកំពូលក្រុងប៉ារីស ស្តីពីបញ្ញាសិប្បនិម្មិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ កុម្ភៈ ២០២៥ សប្តាហ៍ក្រោយ។ ជំនួបកំពូលផ្តួចផ្តើមដោយប្រធានាធិបតីបារាំង រង់ចាំទទួលប្រមុខរដ្ឋ រដ្ឋាភិបាលជាងមួយប្រទេស រួមមានប្រធានាធិបតីអាមេរិក ចិន ព្រមទាំងតំណាងសង្គមស៊ីវិល ប្រធានក្រុមហ៊ុនយក្សផ្នែកបញ្ញាសិប្បនិម្មិតជាច្រើន ដូចជា OpenAi Google…ជាពិសេសទៅទៀត អឺរ៉ុបអាចមានហានិភ័យប្រឈមនឹងសម្ពាធរបស់ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអាមេរិក ដែលបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីប្រធានាធិបតីដូណាល់ត្រាំ។ លោក ត្រាំ បានសន្យាការពារក្រុមហ៊ុនបច្ចេកវិទ្យាទំនើបអាមេរិក ពីការពិន័យតាមច្បាប់ជាធរមានរបស់អឺរ៉ុបផង៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com