អង្គការទេសចរណ៍ពិភពលោក៖ ភ្ញៀវទេសចរអន្តរជាតិហក់ឡើងខ្លាំង នៅឆ្នាំ២០២៥
21-មករា-2026
នៅឆ្នាំ២០២៥ មានភ្ញៀវទេសចរចំនួនប្រមាណ ១៥០០លាននាក់ បានធ្វើដំណើរកំសាន្តចេញក្រៅប្រទេស។ នៅអឺរ៉ុប អាស៊ី និងអាហ្វិ្រក ចំនួនភ្ញៀវទេសចរកើនឡើងខ្លាំងយ៉ាងគំហុក។ ចំណែក នៅប៉ែកទ្វីបអាមេរិកវិញ ចំនួនភ្ញៀវទេសចរកើនឡើងតិចតួចបំផុត ដោយសារតែយុទ្ធនាការបោសសម្អាតគ្រឿងញៀន និងនយោបាយរឹតត្បិតទិដ្ឋាការរបស់រដ្ឋបាលលោកដូណាល់ ត្រាំ។

២០២៥ជាឆ្នាំពោរពេញដោយសង្រ្គាមស្ទើរគ្រប់ទិសទី មនុស្សម្នានៅតែសម្រុកនាំគ្នាដើរលែងកំសាន្តសប្បាយ។ នៅទ្វីបអឺរ៉ុប អាស៊ី និងអាហ្វ្រិក ចំនួនភ្ញៀវទេសចរហក់ឡើងខ្ពស់ ជាងឆ្នាំមុនៗ។ របាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក ដែលចេញផ្សាយ នៅថ្ងៃអង្គារ ទី២០ មករា បង្ហាញថា ភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២៥ មានប្រមាណ ១៥០០លាននាក់ ពោលគឺកើនឡើង ៤% បើធៀបនឹងឆ្នាំ២០២៤។
បើទោះបីជាសេវាកម្មទេសចរណ៍មានតម្លៃខ្ពស់ ហើយពិភពលោកប្រឈមនឹងភាពតានតឹងនៃភូមិសាស្រ្តនយោបាយយ៉ាងណាក៏ដោយ ក៏ដំណើរកំសាន្តចេញទៅក្រៅប្រទេស នៅតែកើនឡើង ក្នុងឆ្នាំ២០២៥ ។ នេះបើផ្អែកតាមអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក លោកស្រី Cheikha Nasser Al Nowais ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងម៉ាឌ្រីត ដោយបានបញ្ជាក់ថា ប្រាក់ចំណូលបានមកពីវិស័យមួយនេះ មានចំនួនប្រមាណ ១៩០០ពាន់លានដុល្លារ។
អង្គការដដែលបានបង្ហាញថា នៅអឺរ៉ុប ជាអាទិ៍ បារាំង និងអេស្ប៉ាញ ឈរនៅចំណាត់កំពូលដែលបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៧៩៣លាននាក់ មកពីគ្រប់ទិសទី។ ភ្ញៀវទេសចរកើនឡើង ៤% បើធៀបនឹងឆ្នាំ២០២៤ និង ៦% បើធៀបនឹងឆ្នាំ២០១៩ មុនការរីករាលដាលនៃជំងឺកូវីដ១៩។
ចំណែក ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរកំសាន្ត ទៅទ្វីបអាហ្វ្រិក កើនឡើង ៨%។ ក្នុងនោះ ម៉ារ៉ុក ជាប់ជាទិសដៅទេសចរណ៍ពេញនិយមជាងគេ ទទួលស្វាគមន៍ភ្ញៀវទេសចរជិត ២០លាននាក់ ពោលគឺ កើនឡើង ១៤%។ រីឯ នៅអាស៊ីប៉ាស៊ីហ្វិកវិញ ភ្ញៀវទេសចរកើនឡើង ៦%។ ក្រឡេកទៅមើលប្រទេសប្រេស៊ីល ចំនួនភ្ញៀវទេសចរបានហក់ឡើងខ្លាំង រហូតដល់ ៣៧%។
ផ្ទុយមកវិញ នៅប៉ែកទ្វីបអាមេរិក ចំនួនភ្ញៀវទេសចរកើនឡើងតិចតួចបំផុត ពោលគឺមានចំនួនត្រឹមតែ ១% ប៉ុណ្ណោះ។ ការណ៍នេះ បណ្តាលមកពីនយោបាយរបស់រដ្ឋបាលលោកត្រាំ ដែលរឹតត្បិតទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេស ដែលមកកំសាន្ត នៅសហរដ្ឋអាមេរិក។ បញ្ហាមួយទៀត គឺដោយសារយុទ្ធនាការបោសសម្អាតគ្រឿងញៀននៅសមុទ្រការ៉ាអ៊ីប ដែលបង្កអសន្តិសុខក្នុងតំបន់ និងបង្កភាពភ័យខ្លាច ដល់ភ្ញៀវទេសចអន្តរជាតិ។
លោកស្រីអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោករំពឹងថា វិស័យទេសចរណ៍នៅឆ្នាំ២០២៦ នឹងបន្តកើនឡើងដូចឆ្នាំមុន ប្រសិនបើសេដ្ឋកិច្ចពិភពលោកគ្មានអ្វីប្រែប្រួល៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ