ការនាំចេញរបស់កម្ពុជាក្នុងវិស័យកាត់ដេរបានកើនឡើងជិត ១៦% ក្នុងឆ្នាំ២០២៥
20-មករា-2026
នៅឆ្នាំ២០២៥ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌផ្សេងៗទៀតក្នុងតម្លៃជិត ១៦ពាន់លានដុល្លារ ពោលកើន ១៥,៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ១៣,៥ពាន់លានដុល្លារ។ បើតាមក្រសួងការងារ មានកត្តាសំខាន់ៗមួយចំនួនដែលបានរុញកំណើននៃការនាំចេញនេះ រួមមាន ពន្ធបដិការរបស់សហរដ្ឋអាមេរិក ការបង្កើនផលិតភាពខ្ពស់ និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រួលដល់បរិយាកាសនៃការវិនិយោគ។
កម្មការិនីកាត់ដេរកំពុងបំពេញការងារ Samer Muscati/Human Rights Watch
ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើររបស់ប្រទេសកម្ពុជានៅតែរក្សាបាននូវកំណើន បើទោះបីជាបរិបទនៃសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ កន្លងទៅ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលវាយនភណ្ឌផ្សេងៗទៀតមានតម្លៃ ១៥,៧ពាន់លានដុល្លារ ពោលកើន ១៥,៨% បើធៀបទៅនឹងឆ្នាំ ២០២៤ ដែលមាន ១៣,៥ពាន់លានដុល្លារ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា មានកត្តាសំខាន់ៗមួយចំនួនដែលជំរុញឲ្យវិស័យកាត់ដេររបស់កម្ពុជាមានការកើនឡើង ក្នុងនោះ ពន្ធបដិការរបស់អាមេរិកបានដើរតួនាទីយ៉ាងសំខាន់ តាមរយៈការទម្លាក់ពន្ធពី ៤៩% រហូតដល់ ១៩%។ ផលិតភាពកាន់តែខ្ពស់ តាមរយៈការបណ្តុះបណ្តាលជំនាញរបស់ក្រសួងការងារក៏ជាកត្តាសំខាន់មួយដែរ។ បន្ថែមពីនេះ ច្បាប់ថ្មីរបស់កម្ពុជា ដែលសម្រួលដល់បរិយាកាសវិនិយោគ ដូចជាការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលដល់ឆ្នាំ២០២៨ ការកាត់បន្ថយចំណាយ និងពេលវេលាក្នុងការនាំចេញសុទ្ធសឹងជាការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកាត់ដេរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូខ្មែរមួយរូបបានហៅវិស័យកាត់ដេរកម្ពុជាថាជាវិស័យមួយដែលមានភាពធន់ និងបន្តមានកំណើនចន្លោះពី១៥% ទៅ២០% ក្នុងមួយឆ្នាំៗ។ តែលោកមិនភ្លេចព្រមានថា វិស័យកាត់ដេរកម្ពុជាអាចនឹងថមថយ ប្រសិនបើសហរដ្ឋអាមេរិក និងអឺរ៉ុបជួបវិបត្តិ។
សូមរម្លឹកជូនថា ទន្ទឹមនឹងកំណើននៃការនាំចេញរបស់កម្ពុជាលើវិស័យកាត់ដេរនេះ ចំនួនរោងចក្រ សហគ្រាស និងគ្រឹះស្ថានដែលបានចុះបញ្ជីនៅក្រសួងការងារក៏មានការកើនឡើងរហូតដល់ជាង ៤៦ ០០០សហគ្រាស។ ចំណែកចំនួនកម្មករនិយោជិតបានកើនដល់ជាង ២,១លាននាក់៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ