banner1
កម្ពុជានាំចេញផ្លែទុរេនស្រស់ដោយផ្ទាល់ចំនួន ១៧តោន ជាលើកដំបូងទៅចិន

 7-សីហា-2025

កម្ពុជាបាននាំចេញទុរេនប្រមាណ ១៧តោន ជាលើកដំបូងទៅកាន់ប្រទេសចិន ខណៈទុរេនចំនួន៣កុងតឺន័របន្ថែមទៀត នឹងនាំចេញទៅចិនដែរនៅសប្តាហ៍ក្រោយ។ នេះបើតាមក្រសួងកសិកម្មកម្ពុជានៅថ្ងៃទី១៧ កក្កដា ២០២៥ និងថាកម្ពុជានឹងប្រឹងប្រែងបន្តនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនបន្ថែមទៀតនៅថ្ងៃអនាគត។ ដោយឡែក អ្នកដាំទុរេននៅក្នុង​ស្រុក​សម្តែង​ការ​សាទរ និងអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងគុណភាពអនាម័យ ស្តង់ដារសុវត្ថិភាព និងរក្សាគុណភាពរសជាតិទុរេនខ្មែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ផ្លែទុរេនស្រស់ចំនួន ១៧តោន ត្រូវបានដឹកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិនជាលើកដំបូង ក្រោយឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់គុណភាព។ បើតាមក្រសួងកសិកម្ម ផ្លែទុរេនកម្ពុជាទាំងនោះត្រូវបានវេចខ្ចប់ និងដឹកចេញដោយក្រុមហ៊ុន HF FRUIT ដែលសហការជាមួយក្រុមហ៊ុនទទួលទិញទុរេននៅប្រទេសចិន។ តាមគម្រោង ក្រុមហ៊ុនចិនត្រូវប្រមូលទិញទុរេនពីចម្ការ ដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដើម្បីនាំចេញទៅចិន។

ជាមួយគ្នានេះសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យរបស់ក្រសួងកសិកម្មបានបញ្ជាក់ថា ទុរេនទាំង ១៧តោន បានដឹកចេញទៅប្រទេសចិនតាមច្រកសមុទ្រនៅថ្ងៃទី១៨ ខែកក្កដានេះ និងរំពឹងទៅដល់ប្រទេសចិននៅរយៈពេល ៩ថ្ងៃខាងមុខ។ យ៉ាងណាមិញ លោក ឃឹម ហ្វីណង់ ថាកម្ពុជាគ្រោងនាំចេញទុរេន ៣កុងតឺន័របន្ថែមទៀតនៅសប្តាហ៍ក្រោយ ប្រសិនបើគ្មានការប្រែប្រួលណាមួយកើតឡើង។

ដោយឡែក លោក ឃឹម ប៊ុនឡែន ស្ថាបនិក និង ជាប្រធានសហគមន៍ចម្ការស្តេចទុរេន សម្តែង​ការ​សាទរចំពោះការនាំចេញទុរេនខ្មែរដោយផ្ទាល់ជាលើកដំបូងទៅកាន់ទីផ្សារចិន។ លោកយល់ថាកម្ពុជានឹងមានឯករាជ្យទីផ្សារពេញលេញ ដោយពុំចាំបាច់ពឹងដង្ហើមប្រទេសជិតខាងសម្រាប់ការនាំចេញតទៅទៀត។ យ៉ាងណាមិញ លោក ឃឹម ប៊ុនឡែន នៅតែមានក្តីបារម្ភចំពោះគុណភាពផ្លែទុរេនដែលត្រូវបាននាំចេញនៅពេលនេះ ក៏ព្រោះតែជារដូវភ្លៀងដែលអាចធ្វើឱ្យរសជាតិទុរេនមានរសជាតិមិនពេញលេញដូចទុរេនដែលប្រមូលផលនៅខែឧសភា និងមិថុនា។ ទន្ទឹមនឹងការព្រួយបារម្ភប្រធានសហគមន៍ចម្ការស្តេចទុរេនរូបនេះបានស្នើដល់រដ្ឋាភិបាល និងក្រុមហ៊ុននាំចេញ គួររក្សាគុណភាពទុរេនខ្មែរឱ្យបានខ្ពស់ តាមរយៈការរក្សាបាននូវអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារ។

ជាការកត់សម្គាល់ គយចិនបានសម្រេចយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែងនៅកម្ពុជា។ តាមទិន្នន័យរបស់ក្រសួងកសិកម្ម ទុរេនជាកសិផលខ្មែរទី ៩ ដែលកម្ពុជានាំចេញទៅប្រទេសចិនដោយផ្ទាល់បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោតផ្លែចេក ផ្លែស្វាយ ផ្លែមាន និងម្រេច។

សូមរម្លឹកថា កម្ពុជា និងចិនបានចុះហត្ថលេខាលើពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅប្រទេសចិនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពោលគឺអំឡុងពេលលោក ស៊ី ជីនពីង បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ បន្ទាប់មករដ្ឋបាលគយចិនបានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យកម្ពុជានាំផ្លែទុរេនស្រស់ចូលប្រទេសចិននៅថ្ងៃទី២៨ ខែមេសា និងតម្រូវឱ្យកម្ពុជាគោរពស្តង់ដារនាំចេញត្រឹមត្រូវ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 143
ឯកសារពិគ្រោះ : 556
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា