សហភាពអឺរ៉ុបស្នើគម្រោងកញ្ចប់ថវិកាចំនួន ២ ០០០ពាន់លានអឺរ៉ូស ម្រាប់ឆ្នាំ២០២៨-២០៣៤
18-កក្កដា-2025
គណៈកម្មការអឺរ៉ុបបានស្នើគម្រោងកញ្ចប់ថវិកាសហភាពអឺរ៉ុបចំនួន ២ ០០០ ពាន់លានអឺរ៉ូ សម្រាប់រយៈពេលចន្លោះឆ្នាំ ២០២៨ និងឆ្នាំ២០៣៤។ សំណើគម្រោងកញ្ចប់ថវិកានេះ បានត្រូវលោកស្រីប្រធានគណៈកម្មការអឺរ៉ុបពន្យល់ថា គឺដើម្បីជំរុញការប្រកួតប្រជែងសកម្មភាពសេដ្ឋកិច្ច កំណែទម្រង់វិស័យកសិកម្ម និងបំផុសសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ផែនការនេះហាក់ទំនងជាលំបាកនឹងចេញទៅរួច ពីព្រោះមានសមាជិកមួយចំនួនជំទាស់។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ស្នើបង្កើនគម្រោងថវិកាសហភាពអឺរ៉ុប ចំនួន ២ ០០០ ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៨-២០៣៤។ © Yves Herman / REUTERS
គម្រោងកញ្ចប់ថវិកាសហភាពអឺរ៉ុបចំនួន ២ ០០០ ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៨ និងឆ្នាំ២០៣៤ ត្រូវបែងចែកទៅលើផ្នែកផ្សេងៗគ្នា តែគោលដៅចម្បង គឺជំរុញការប្រកួតប្រជែងសកម្មភាពសេដ្ឋកិច្ច និងផ្តល់សន្ទុះអភិវឌ្ឍ។ ថ្ងៃពុធ ទី១៦ កក្កដា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានពន្យល់ថា ក្នុងបរិបទតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ថវិកា ៤៥១ ពាន់លានអឺរ៉ូ ត្រូវប្រើសម្រាប់ទ្រទ្រង់មូលនិធិអឺរ៉ុប ដើម្បីបម្រើឲ្យការប្រកួតប្រជែងសកម្មភាពសេដ្ឋកិច្ច។ ថវិកាចំនួន ២១៨ពាន់លានអឺរ៉ូ ត្រូវចាត់ចែងសម្រាប់តំបន់ដែលអភិវឌ្ឍតិចតួច។
ការគ្រប់គ្រងលំហូរជនអន្តោប្រវេសន៍ត្រូវបង្កើនថវិកាគុណនឹង៣ដង ហើយការត្រួតពិនិត្យព្រំដែនអឺរ៉ុបក៏ត្រូវបង្កើនថវិកាទ្វេដង។
ក្នុងថ្ងៃដំណាលគ្នា កសិករអឺរ៉ុបបានធ្វើបាតុកម្មសម្តែងមតិនៅទីស្នាក់ការសហភាពអឺរ៉ុបតែម្តង។ កសិកម្មក៏ជាវិស័យកំពុងតែចម្រូងចម្រាសខ្លាំងនៅអឺរ៉ុប។ ម្ល៉ោះហើយ លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ក៏បានស្នើឲ្យដំឡើងថវិកាសម្រាប់កំណែទម្រង់កសិកម្ម រហូតដល់ចំនួន ៣៨៧ពាន់លានអឺរ៉ូ ដែលក្នុងនោះ ប្រាក់២៧០ពាន់លានអឺរ៉ូ គឺសម្រាប់ជួយផ្ទាល់ដល់កសិករអឺរ៉ុប។
ដោយឡែក ចំពោះសំណុំរឿងអ៊ុយក្រែន ស្នងការហិរញ្ញវត្ថុ លោក Piotr Serafin និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែនបានមូរមាត់ក្នុងសំឡេងតែមួយថា គឺត្រូវតែរក្សាទុកកញ្ចប់លុយ ១០០ពាន់លានអឺរ៉ុបសម្រាប់ជួយជ្រោមជ្រែង និងកសាងអ៊ុយក្រែន ដ្បិតអ៊ុយក្រែនជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏ចាំបាច់បំផុតរបស់សហភាពអឺរ៉ុប។ ស្នងការហិរញ្ញវត្ថុ និងប្រធានគណៈកម្មការអឺរ៉ុបបានលម្អិតថា ដើម្បីបំពេញគម្រោងថវិកា ចំនួន ២ ០០០ពាន់លានអឺរ៉ុប ជាវិធានការចំពោះមុខ គឺត្រូវមានវិភាគទានថវិកាបន្ថែមពីរដ្ឋសមាជិកទាំង២៧ និងត្រូវយកពន្ធបន្ថែមពីក្រុមហ៊ុនអឺរ៉ុបដែលមានចំណូលប្រចាំឆ្នាំច្រើន និងលើសពី ១០០លានអឺរ៉ូ ឡើងទៅ។
គួរបញ្ជាក់ថា ដើម្បីអនុម័តគម្រោងថវិកានេះបាន គឺចាំបាច់ត្រូវរដ្ឋសមាជិកទាំង២៧ ឯកភាពយល់ស្របគ្នា ហើយត្រូវឆ្លងកាត់សភាសហភាពអឺរ៉ុបមួយជាន់ទៀត។ ក៏ប៉ុន្តែពេលនេះ រដ្ឋសមាជិកខ្លះ បានបង្ហាញជំហរបដិសេធ រួចស្រេចទៅហើយ។ ជាក់ស្តែង អាល្លឺម៉ង់ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចទី១ របស់សហភាពអឺរ៉ុប បានជំទាស់នឹងគម្រោងកញ្ចប់ថវិកាស្នើដោយលោកស្រីប្រធានគណៈកម្មការអឺរ៉ុប។ ក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងខ្លី អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Stefan Kornelius បានគូសបង្ហាញថា អាល្លឺម៉ង់មិនអាចទទួលយកកញ្ចប់ថវិការបស់សហភាពអឺរ៉ុបនេះបាន ទាល់តែសោះនៅក្នុងដំណាក់កាលដែលរដ្ឋសមាជិកនីមួយៗកំពុងតែខំប្រឹងប្រែងដំឡើងថវិកាសម្រាប់ជាតិនីមួយៗស្រេចទៅហើយ។ នេះជាបន្ទុកទម្ងន់ធ្ងន់ជាន់គ្នាទ្វេដង។ អាស្រ័យហេតុនេះរដ្ឋាភិបាលក្រុងប៊ែរឡាំងមិនអាចយល់ស្របតាមសំណើរបស់គណៈកម្មការអឺរ៉ុបពេលនេះទេ។
ចំណែក ហុងគ្រីមិនត្រឹមតែបដិសេធចំពោះសំណើគម្រោងកញ្ចប់ថវិការបស់លោកស្រីប្រធានគណៈកម្មការអឺរ៉ុបប៉ុណ្ណោះទេ តែរដ្ឋាភិបាលក្រុងប៊ុយដាប៉ែសរបស់លោកនាយករដ្ឋមន្ត្រី វិកទ័រ អកបាន ថែមទាំងបានជំទាស់ដាច់ខាតចំពោះការផ្តល់លុយជំនួយជួយអ៊ុយក្រែនទៀតផង៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ