banner1
អង់គ្លេស ប្រកាសមិនយកពន្ធលើសម្លៀកបំពាក់ និងផលិតផលមួយចំនួនទៀតពីកម្ពុជា

 18-កក្កដា-2025

ប្រទេសអង់គ្លេសបានប្រកាស មិនយកពន្ធលើទំនិញនាំចូលដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀតពីកម្ពុជា។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ តាមអង់គ្លេស ការប្រកាសមិនយកពន្ធនាំចូលទំនិញនេះ គឺជាវិធានការពាណិជ្ជកម្មថ្មី ដើម្បីបើកឱកាស និងជំរុញការធ្វើពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាមួយប្រទេសដៃគូកំពុងអភិវឌ្ឍន៍ទាំងអស់នៅក្នុងពិភពលោក។

អង់គ្លេសប្រកាសមិនយកពន្ធលើសម្លៀកបំពាក់ និងផលិតផលមួយចំនួនទៀតពីកម្ពុជា © AFP

សេចក្តីព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបញ្ជាក់ថា វិធានការថ្មីក្នុងកំណត់មិនយកពន្ធបដិការនាពេលនេះ នឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើពាណិជ្ជកម្ម គាំទ្រលទ្ធភាពការងារ និងបើកឱកាសសម្រាប់អាជីវកម្មរបស់ចក្រភពអង់គ្លេសចូលទៅក្នុងទីផ្សារសេដ្ឋកិច្ច។ តាមពិតទៅ អង់គ្លេសបានប្រកាសលើកលែងពន្ធនាំចូលសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកពីប្រទេសកម្ពុជាតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥មកម្ល៉េះ។

គួរបញ្ជាក់ថា វិធានការអនុគ្រោះពន្ធថ្មីរបស់ចក្រភពអង់គ្លេសនាពេលនេះ គឺជាប្រព័ន្ធអនុគ្រោះព័ន្ធមួយបន្ថែមទៀតលើគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ DCTS ដែលត្រូវបានផ្តើមផ្តួចឡើងនៅឆ្នាំ២០២៣ ក្រោយអង់គ្លេសផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលបានភាពអនុគ្រោះផ្នែកពាណិជ្ជកម្មក្រោមគម្រោងនេះផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានស្រង់សម្តីរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិអង់គ្លេសលោកស្រី ជេននី ឆាប់មេន (Jenny Chapman) ថា គោលការណ៍អនុគ្រោះពន្ធថ្មីនេះនឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយអង់គ្លេស។ លោកស្រី ជេននី ឆាប់មេន បន្ថែមថា ពិភពលោកកំពុងមានការផ្លាស់ប្តូរ ហើយប្រទេសមួយចំនួននៅបែកខាងត្បូងចង់បានទំនាក់ទំនងជាមួយអង់គ្លេស ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងវិនិយោគ មិនមែនជាម្ចាស់ជំនួយទៀតនោះទេ។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លើកឡើងថា នៅពេលបច្ចុប្បន្ននេះកម្ពុជាមានក្រុមហ៊ុនបញ្ជាទិញទំនិញវាយកភណ្ឌកាត់ដេរជាច្រើនពីចក្រភពអង់គ្លេស និងថានិន្នាការនៃការអនុគ្រោះ​​ពន្ធនេះនឹងធ្វើឲ្យមានការពង្រីកទីផ្សារនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសនាពេលអនាគត។ ប៉ុន្តែយ៉ាងណាមិញលោក ឃុន ថារ៉ូ នៅតែមើលឃើញថា មិនទាន់មានប្រទេសណាមួយដែលអាចជំនួសទីផ្សារនាំចេញរបស់កម្ពុជាបានឡើយ ក្រៅពីសហរដ្ឋអាមេរិក។

តាមលោក ឃុន ថារ៉ូ ស្ថិតក្នុងអន្តរកាលមិនប្រាកដប្រជានៃពន្ធបដិការរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនបញ្ជាទិញរបស់ចក្រភពអង់គ្លេសក៏គួរពិចារណាចរចា ឬបង្កើនក្របខណ្ឌការបញ្ជាទិញរបស់ខ្លួនពីរោងចក្រក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសជាប្រទេសទីផ្សារនាំចេញលំដាប់ទី៧របស់កម្ពុជា បន្ទាប់ពីអាមេរិក វៀតណាម ​ចិន ជប៉ុន កាណាដា ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និង​អេស្ប៉ាញ។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេសរយៈពេល ៦ខែ ឆ្នាំ២០២៥ មានទំហំប្រមាណ ៥១៥លានដុល្លារ កើនឡើង ១៣,២%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ការនាំចេញរបស់កម្ពុជាទៅចក្រភពអង់គ្លេសវិញ មានទំហំទឹកប្រាក់ជិត​ ៥០០លានដុល្លារ កើនឡើង ១៤,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 143
ឯកសារពិគ្រោះ : 556
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា