បារាំងរកឃើញថ្នាំជាទីសង្ឃឹមរបស់អ្នកជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
25-កក្កដា-2024
ក្រុមវេជ្ជបណ្ឌិតបារាំងនៅមន្ទីរពេទ្យម៉ុងប៉ឺលីយ៉េ ទើបចេញផ្សាយ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ “New England Journal of Medicine” លទ្ធផលគួរជាទីមោទនៈ នៃការស្រាវជ្រាវរកថ្នាំមកសង្គ្រោះអ្នកជំងឺដាច់ឬស្ទះសរសៃឈាមខួរក្បាល។ តើជាថ្នាំអ្វី? មានប្រសិទ្ធភាពយ៉ាងណា? សម្រាប់អ្នកជំងឺក្នុងស្ថានភាពណា?
ក្នុងមួយឆ្នាំៗ ប្រទេសបារាំងរាប់ឃើញមានអ្នកជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលប្រមាណ១៥ម៉ឺននាក់ ពោលគឺរាល់បួននាទីម្តងមានមនុស្សម្នាក់ធ្លាក់ខ្លួនឈឺដ៏គួរឱ្យខ្លាចនេះ។
គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលជាអ្វី ?
គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ដែលហៅកាត់ជាភាសាបារាំងថា AVC ឬ Stroke ជាភាសាអង់គ្លេស គឺជាអាការៈជំងឺដែលសរសៃឈាមអាទែររបស់ខួរក្បាលគ្មានឈាមហូរទៅដល់ ជួនបណ្តាលមកពីសរសៃឈាមនោះដាច់ហូរចេញឈាម ជួនដោយហេតុតែសរសៃឈាមត្រូវកកស្ទះ។ AVC ឬ Stroke ដោយការកកស្ទះ ដោយដុំកំណកឈាម ជាករណីដែលគេជួបប្រទះញឹកញាប់ជាងគេ។
នៅពេលសរសៃអាទែរខួរក្បាលស្ទះ លែងមានហើយចរន្តឈាមហូរទៅកាន់បណ្តាញសរសៃតូចៗទាំងឡាយរបស់ខួរក្បាល និងលែងមានឈាមសម្រាប់ចិញ្ចឹមសរសៃឈាមខួរក្បាល។ ប្រព័ន្ធប្រសាទត្រូវរងទុក្ខ ហើយបើគ្មានការព្យាបាលទាន់ពេលវេលាទេ នោះកោសិការនៃប្រព័ន្ធប្រសាទខួរក្បាលផ្នែកដែលគ្មានឈាមទៅដល់ ត្រូវចុះខ្សោយខ្សោះហើយស្វិតងាប់តែម្តង។ ហេតុដូច្នេះហើយបានជាគេនិយាយអំពីពេលវេលាសង្គ្រោះអ្នកជំងឺមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដោយគិតជានាទី។ ពីមួយនាទីទៅមួយនាទី ជំងឺធ្លាក់ធ្ងន់ធ្ងរខុសគ្នាឆ្ងាយណាស់។ ពាក្យស្លោកបូរាណថា ពេលវេលាជាមាសប្រាក់ តែក្នុងករណីមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល ពេលវេលាជាចំនួនកោសិកាសរសៃប្រសាទ។ នៅពេលខ្វះអុកស៊ីហ្សែន គ្មានឈាមហូរទៅចិញ្ចឹម មួយនាទី ខួរក្បាលត្រូវបាត់បង់កោសិកាសរសៃប្រសាទអស់២លាន។ អ៊ីចឹងហើយបានជាគ្រូពេទ្យតែងផ្តល់អនុសាសន៍ឱ្យអ្នកជំងឺ និងអ្នកជុំវិញខ្លួនចេះសម្គាល់អំពីអាការៈជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យបានឆាប់រហ័សជាទីបំផុតតាមដែលអាចធ្វើទៅបាន និងកាន់តែប្រសើរឱ្យបានក្នុងអំឡុងពេលបួនម៉ោងកន្លះដំបូងយ៉ាងយូរ។
តើអាការៈសញ្ញាសម្គាល់ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលមានយ៉ាងដូចម្តេចខ្លះ? រោគសញ្ញាទីមួយ អាចជាការចុះខ្សោយ បាត់កម្លាំងនៅដៃ នៅជើង នៅមុខ ឬទាំងបីក្នុងពេលជាមួយគ្នាតែម្តង។ អ្នកជំងឺមានអារម្មណ៍ថាស្ពឹក បាត់បង់ភាពរំញោច ជាសញ្ញាទីពីរ ឯសញ្ញាទីបី គឺការនិយាយស្តី ពិបាកយល់ និងចុងក្រោយ មានបញ្ហាភ្នែក ស្រវាំងមើលមិនច្បាស់។ ជួនកាលអ្នកជំងឺអាចមានសញ្ញារោគផ្សេងទៀត ដូចជាវិលមុខ ឃ្លីឃ្លោង ឬឈឺក្បាលយ៉ាងខ្លាំង។ ក្នុង៩ករណីលើ១០ ជំងឺនេះបានស្តែងឡើងក្នុងរយៈពេលដ៏ខ្លី ពីរទៅបីនាទីប៉ុណ្ណោះ។ ដូច្នេះត្រូវរួសរាន់ធ្វើរោគវិនិច្ឆ័យឱ្យបានលឿន ដើម្បីឆាប់បានបញ្ជូនទៅមន្ទីរពេទ្យ។ សូមស្តាប់ប្រសាសន៍របស់វេជ្ជបណ្ឌិត ស៊ន ផលនីកា គ្រូពេទ្យជំនាញប្រព័ន្ធប្រសាទ ពន្យល់អំពីរបៀបផ្ទៀងផ្ទាត់ ដើម្បីដឹងថាអ្នកជំងឺពិតជាមានគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល៖
ការផ្ទៀងផ្ទាត់ត្រូវធ្វើឱ្យបានលឿន ក្នុងពីរទៅបីនាទី តាមក្បួនអង់គ្លេស F-A-S-T
– Face- មុខវៀច ៖ ឱ្យអ្នកជំងឺញញឹម ដើម្បីសម្គាល់មើលថាតើ មាត់មានវៀចដែរឬទេ ?
– Arm- ដៃខ្សោយម្ខាង ៖ ឱ្យអ្នកជំងឺលើកដៃ ទាំងពីរ ដាក់ទៅមុខ ក្នុងកំរិត ៩០ដឺក្រ តើគាត់អាចលើកបានស្មើគ្នាដែរឬអត់? ឬឱ្យអ្នកជំងឺចាប់ឬច្របាច់ដៃយើង តើគាត់មានកម្លាំងដៃម្ខាងខ្លាំងជាងម្ខាងទៀតដែរឬទេ ?
– Speak- ពិបាកនិយាយស្តី ៖ ហៅអ្នកជំងឺឱ្យនិយាយ សួរសំណួរតើអ្នកជំងឺអាចឆ្លើយ បានដែរឬអត់
– Time -ពេលម៉ោង ៖ អ្នកនៅជុំវិញ ត្រូវចងចាំអំពីពេលវេលា និងរយៈពេលដែលអ្នកជំងឺធ្វើទុក្ខ រហូតដល់ជួបគ្រូពេទ្យ និងដល់មន្ទីរពេទ្យ។
ត្រូវជួយសង្គ្រោះ និងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឱ្យបានឆាប់រហ័ស។ កាន់តែឆាប់ កាន់តែប្រសើរ ព្រោះការព្យាបាល អាស្រ័យលើពេលវេលាខ្លាំងណាស់ដែរ។ បើជាករណីគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ដោយការកកស្ទះដុំកំណកឈាមក្នុងសរសៃ ការព្យាបាលដោយចាក់ថ្នាំរំលាយឈាមមានប្រសិទ្ធភាពខ្ពស់ខ្លាំង បើមកដល់មន្ទីរពេទ្យ ក្នុងកំឡុងពេលមុនបួនម៉ោង។
គោលការណ៍នៃការរំលាយដុំកំណកស្ទះសរសៃឈាម ជាយន្តការសាមញ្ញដូចចាក់ ទម្លុះកំណកពេលស្ទះលូ ឬទុយយោទឹកដូច្នោះ។ ក្នុងការស្ទះសរសៃឈាមខួរក្បាល គ្រូពេទ្យអាចចាក់ថ្នាំបំបែកកំណក ឬដាក់ប្រដាប់ចូលតាមសរសៃឈាមអាទែរ នៅជើង សសៀឡើងតាមសរសៃឈាមនោះ ទៅចាប់ដុំកំណកក្នុងសរសៃអាទែរនៅខួរក្បាល។
ជាដំណឹងល្អ នៅពេលនេះ សូម្បីតែអ្នកជំងឺធ្ងន់ខ្លាំង ដែលគ្រូពេទ្យលែងធានា និងមិនសង្ឃឹមសោះពីមុន ក៏អាចសង្គ្រោះបានដែរ។ នៅប្រទេសបារាំងដែលល្បីខាងមានគ្រូពេទ្យ និងបច្ចេកវិទ្យាព្យាបាលខ្ពស់ គ្រូពេទ្យសម្រេចព្យាបាលអ្នកជំងឺមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដោយសាកល្បងទៅចាប់ ឬបំបែកដុំកំណកឈាមចេញពីសរសៃខួរក្បាល តែនៅពេលណាលទ្ធផលថតអឹមរ៉ាយ IRM បង្ហាញថា ខួរក្បាលរងការខូចខាតតិចតួចប៉ុណ្ណោះ។ បើតាមសម្មតិកម្មកាលពីមុន បើខួរក្បាលខូចខាតធំខ្លាំងជ្រុលហើយ គេមិនអាចទៅបាញ់បញ្ចូលថ្នាំក្នុងសរសៃឈាមដែលស្ទះនោះបានទៀតទេ។ និយាយឱ្យស្តាប់ទៅគឺ គេចាត់ទុកថា ជាលិកាខួរក្បាលបើស្វិតស្លាប់ហើយ គឺស្លាប់រហូត គ្មានសង្ឃឹមអាចស្តារឱ្យប្រសើរឡើងវិញបានទេ។
ប៉ុន្តែកោសិការប្រព័ន្ធប្រសាទ ឬខួរក្បាលដែលគេគិតថាងាប់បាត់ទៅហើយនោះ មិនប្រាកដជាស្លាប់មែនទែនឡើយ។ នេះជាគឺសេចក្តីសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យជំនាញប្រព័ន្ធប្រសាទ និងថតឆ្លុះប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យម៉ុងប៉ឺលីយ៉េរ ប្រទេសបារាំង នៅក្នុងការសិក្សារបស់ពួកគេ។ សេចក្តីសន្និដ្ឋានថ្មីនេះ បានផ្តល់ក្តីសង្ឃឹមយ៉ាងធំធេង ដល់អ្នកជំងឺស្ត្រូបកំរិតធ្ងន់ ឬដែលមិនអាចជាត្រលប់មករកភាពដើមវិញបាន។ ដូច្នេះ ទោះបីជាស្ថានភាពនៃជំងឺហាក់គ្មានលទ្ធភាពស្តារបានយ៉ាងណាក៏ដោយ ក៏គ្រូពេទ្យនៅតែសាកល្បងទៅយកឬប្រើថ្នាំទៅបំបែកដុំកំណកឈាមនោះដែរ។ ហើយគួរឱ្យភ្ញាក់ផ្អើលមែនទែន នៅពេលដកកំណកឈាមនោះបាន ហានិភ័យស្លាប់ដោយអាវេសេ បានធ្លាក់ចុះ២០%។ អ្នកជំងឺម្នាក់ក្នុងចំណោម៥នាក់ អាចជាត្រលប់មកផ្ទះវិញបានពីរបីខែក្រោយពីបានទទួលការព្យាបាល និងហាត់រៀនធ្វើកាយវិការ ដែលបាត់បង់ពេលមានគ្រោះថ្នាក់។ នេះគឺជារបកគំហើញដ៏ជឿនលឿនបំផុតមួយ និងដែលគេសូមអរគុណក្រុមអ្នកស្រាវជ្រាវបារាំង។ ជាថ្នាំដែលមានសមត្ថភាពពង្រាវឈាមមិនឱ្យកកក្លាយជាដុំកំណក តែមិនបង្កើនគ្រោះដាច់ហូរឈាមទេ។
ថ្នាំរកឃើញថ្មី ដែលត្រូវប្រើបន្ថែមពីលើការព្យាបាលតាមក្បួនវេជ្ជសាស្ត្រកំណត់បច្ចុប្បន្ន ទំនងអាចកាត់បន្ថយហានិភ័យស្លាប់បានជាង៥០% និងកាត់បន្ថយពិការភាពធ្ងន់ធ្ងរ ដោយជំងឺស្ត្រូប បានច្រើនទៀត។ សូមបញ្ជាក់ថាអាវេសេ ឬស្ត្រូប ជាមូលហេតុទីមួយនាំឱ្យមានភាពពិការ (ពិការដោយគ្មានបុកទង្គិច)។ ប៉ុន្តែសម្រាប់ពេលនេះ ថ្នាំស្ថិតនៅក្នុងការសិក្សាសាកល្បងដំណាក់កាលទីពីរនៅឡើយទេ។ អ្នកស្រាវជ្រាវនឹងបញ្ជាក់អំពីប្រសិទ្ធភាពនៃថ្នាំ ក្រោយបានទទួលលទ្ធផលសាកល្បងដំណាក់កាលទីបី៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ