សេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិសេរីភាព និងជំនឿសាសនានៅកម្ពុជា នឹងបញ្ចប់នៅចុងឆ្នាំ២០២៥
4-កុម្ភៈ-2025
ក្រសួងធម្មការ និងសាសនាកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយស្តីពី សិទ្ធិសេរីភាព និងជំនឿសាសនានៅកម្ពុជា ដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។ ក្រសួងធម្មការបានអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវធ្វើឡើងឲ្យចប់នៅចុងឆ្នាំ២០២៥នេះ។ ការពន្លឿនសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិសេរីភាព និងជំនឿសាសនានេះត្រូវគេមើលឃើញថា ទំនងស្របពេលដែលការគោរពជំនឿសាសនានៅក្នុងសង្គមខ្មែរបច្ចុប្បន្នបានបង្ហាញនូវភាពរញ៉េរញ៉ៃ និងពិបាកគ្រប់គ្រង។ 
លោក ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាកំពុងឲ្យអ្នកជំនាញសិក្សា និងធ្វើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិសេរីភាព និងជំនឿសាសនានៅកម្ពុជា។ ការរៀបចំធ្វើសេចក្តីព្រាងច្បាប់នេះ គឺដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន ដែលបញ្ហាជំនឿសាសនាហាក់បានបង្ហាញនូវភាពចម្រូងចម្រាសជាបន្តបន្ទាប់នៅក្នុងសង្គមខ្មែរ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានប្រតិកម្មដ៏ខ្លាំងក្លាមួយពីមហាជនខ្មែរ បន្ទាប់ពីបុគ្គលឈ្មោះ ថង ប៊ុនថេង ដែលជាមេដឹកនាំសមាគម ទេវ សក្ខីភគវន្ត បាននិយាយថា «បួសជាសង្ឃ គឺទម្ងន់ដល់អ្នកស្រុក រួមទាំងព្រះពុទ្ធ ហើយបិដកសព្វថ្ងៃគឺជាបិដកមិនគ្រប់ទឹក»។
ករណីចុងក្រោយមួយទៀត គឺលោកស្រី អេន ចរិយា ហៅអ្នកគ្រូលី បានតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនជាអ្នកមានបារមីចូលសណ្ឋិត។ តែករណីទាំងនេះ និងករណីជាច្រើនទៀតត្រូវបានក្រសួងធម្មការចាត់វិធានការ និងដោះស្រាយជាបន្តបន្ទាប់។
ដោយមិនអាចប្រាប់បានថាមានប៉ុន្មានជំពូក និងប៉ុន្មានមាត្រា លោក ឆាត សុឆេត បញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានៅកម្ពុជានេះត្រូវបានធ្វើឡើងចាប់តាំងពីជាង១០ឆ្នាំកន្លងទៅ ពោលតាំងពីជំនាន់លោក មិន ឃិន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងធម្មការ។
តាមលោក ឆាត សុឆេត សេចក្តីព្រាងច្បាប់នេះមិនមានចេតនាធ្វើបាប បៀតបៀនអ្នកដែលមានសិទ្ធិ និងជំនឿនៅក្នុងប្រទេសកម្ពុជាទេ។ តែក្រសួងធម្មការសង្កេតឃើញថា មួយរយៈចុងក្រោយនេះ មានបុគ្គលមួយចំនួនបានបង្កើនសកម្មភាពផុលផុសតាមបណ្តាញសង្គមដោយតាំងខ្លួនជាមេទ័ព អ្នកមានបារមី ជាគ្រូសណ្ឋិត ជាព្រះរាជា ជាអគ្គមហេសីព្រះរាជា។ សកម្មភាព និងរូបភាពទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាមអតីតព្រះមហាក្សត្រ ដែលលោកមានទសពិតរាជធម៌។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០២៣មក ក្រសួងធម្មការតែងបានកោះហៅបុគ្គល ដែលតាំងខ្លួនជាអ្នកមានបុណ្យបារមីទៅអប់រំ ណែនាំ និងធ្វើកិច្ចសន្យាប្រមាណជា ២០រូបមកហើយ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ