banner1
អង់គ្លេសថា បន្តគាំទ្រកម្ពុជា ទោះចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច

 3-កុម្ភៈ-2025

ចក្រភពអង់គ្លេសអះអាងពីការបន្តជួយគាំទ្រដល់កម្ពុជា តាមរយៈការបន្តផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម រយៈពេល៣ឆ្នាំ បន្ថែមទៀត និងបន្តរហូតដល់ឆ្នាំ២០៣២ ក្រោម​គម្រោង DCTS បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ ការបញ្ជាក់របស់ភាគីអង់គ្លេសយ៉ាងដូច្នេះ គឺនៅជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។ នៅក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា © ក្រសួងការបរទេសកម្ពុជា

នៅក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ភាគីទាំង២បានលើកឡើងពីទំនាក់ទំនងកាន់តែរីកចម្រើនរវាងប្រទេសទាំង២ ក្នុងនោះមានដូចជាវិស័យពាណិជ្ជកម្ម​ និងការវិនិយោគ វិស័យការពារជាតិ រួមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាដើម តាមរយៈការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងចក្រភពអង់គ្លេស។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួង​ការបរទេសកម្ពុជា បានដកស្រង់​សំដី លោក Dominic Williams ថា ចក្រភពអង់គ្លេសនឹងបន្តជួយកម្ពុជា ដោយបានសម្រេចបន្តអត្ថប្រយោជន៍ដល់កម្ពុជាតាមរយៈគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល៣ឆ្នាំបន្ថែមទៀត ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ ការបន្តផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្មនេះត្រូវបានភាគីអង់គ្លេសបញ្ជាក់ថា គឺដើម្បីជួយធានាឲ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់កម្ពុជាទៅដោយរលូន។

គួរបញ្ជាក់ថា គម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ DCTS របស់រដ្ឋាភិបាលអង់គ្លេសនេះ គឺត្រូវបានផ្តើមផ្តួចឡើងនៅឆ្នាំ២០២៣ ក្រោយអង់គ្លេសផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប ហើយបច្ចុប្បន្នកម្ពុជាក៏កំពុងទទួលបានភាពអនុគ្រោះផ្នែកពាណិជ្ជកម្មក្រោមគម្រោងនេះផងដែរ។

ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគីអង់គ្លេស និងបានលើកទឹកចិត្ត ដោយជំរុញឲ្យមានការវិនិយោគរបស់អង់គ្លេសបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ លោក ប្រាក់ សុខុន ក៏បានសាទរចំពោះកំណើនចំនួនភ្ញៀវទេសចរអង់គ្លេសមកកាន់កម្ពុជា រួមទាំងបានឯកភាពក្នុងការរិះរកមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍។ ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិញ ភាគីកម្ពុជាបានអរគុណចំពោះការគាំទ្ររបស់អង់គ្លេសដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងវិស័យអប់រំ ការថែទាំសុខភាព និងការដោះមីនជាដើម។

តែជាមួយគ្នានោះ ប្រមុខការទូតកម្ពុជា ក៏បានអំពាវនាវឱ្យមានការផ្លាស់ប្តូរការអប់រំ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសឱ្យកាន់តែប្រសើរឡើងថែមទៀតរវាងសិស្សនិស្សិតនៃប្រទេស២។

បើតាមរបាយការណ៍របស់អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទំហំពាណិជ្ជកម្ម​ទ្វេភាគី​​កម្ពុជា និង​ចក្រភពអង់គ្លេស ក្នុង​​ឆ្នាំ២០២៤ សម្រេចបាន​​ជាង ១ពាន់​លាន​ដុល្លារ ​ក្នុង​នោះ​ការ​នាំចេញ​របស់​កម្ពុជាមាន​​ទឹក​ប្រាក់​ជិត ១ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ២០​ ភាគរយ​បើ​ធៀប​នឹង​​​ឆ្នាំ២០២៣។ ​ចក្រភព​អង់គ្លេស គឺ​ជា​ដៃគូពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី ១០ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និង​អេស្ប៉ាញ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 135
ឯកសារពិគ្រោះ : 444
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា