សហរដ្ឋអាមេរិក ផ្អាកកម្មវិធីជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍
31-មករា-2025
អង្គការសុខភាពពិភពលោក បានបង្ហាញការព្រួយបារម្ភជាខ្លាំង កាលពីថ្ងៃទី២៨ មករា បន្ទាប់ពីបានទទួលដំណឹងថា រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានសម្រេចផ្អាកលែងជួយថវិកា នៅក្នុងកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ។ អង្គការសុខភាពពិភពលោកបានអំពាវនាវ ឲ្យរដ្ឋាភិបាលអាមេរិក ពិចារណាគិតជាថ្មីឡើងវិញ ព្រោះអាយុជីវិតមនុស្សរាប់សិបលាននាក់រំពឹងលើថវិកានេះ។
ថ្នាំគ្រាប់Truvada ដែលជាប្រភេទថ្នាំពន្យាជីវិត ហើយអាចលេបដើម្បីបង្ការការឆ្លងមេរោគជំងឺអេដស៍ផងដែរ។ AP – Jeff Chiu
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ចេញផ្សាយថ្ងៃទី២៨ មករា អង្គការសុខភាពពិភពលោក បានសម្តែងនូវការសោកស្តាយ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្អាកការផ្តល់ជំនួយថវិកា នៅក្នុងកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នៅតាមប្រទេសកំពុងអភិវឌ្ឍ។ អង្គការសុខភាពពិភពលោក សូមអំពាវនាវ ឲ្យសហរដ្ឋអាមេរិកបន្តផ្តល់ជំនួយថវិកា ដើម្បីធានាដល់ការផ្តល់ជូននូវថ្នាំព្យាបាល និងការថែទាំសុខភាពដ៏ចាំបាច់ ជូនដល់អ្នកមានជំងឺអេដស៍។ អង្គការសុខភាពពិភពលោក បានរំលឹកថា កម្មវិធីដ៏សំខាន់នេះ បានជួយផ្តល់ថ្នាំព្យាយាល ដល់មនុស្សប្រមាណ ៣០លាននាក់ នៅទូទាំងពិភពលោក។
សូមបញ្ជាក់ថា បន្ទាប់ពីបានចូលកាន់អំណាចភ្លាម លោកដូណាល់ ត្រាំ បានចេញក្រិត្យដកខ្លួនសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក។ ហើយនៅ ថ្ងៃសុក្រ ទី២៤ មករា លោក ដូណាល់ ត្រាំ បានប្រកាសផ្អាក ការផ្តល់ប្រាក់ជំនួយមួយចំនួនទៅឲ្យប្រទេសផ្សេងៗ លើកលែងតែទៅប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងកម្មវិធីជំនួយស្បៀងអាហារបន្ទាន់។ ដោយឡែក កម្មវិធី Pepfar ដែលត្រូវបានផ្តួចផ្តើមឡើងកាលពីសម័យលោកប្រធានាធិបតី George W. Bush នៅឆ្នាំ២០០៣ ដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍នៅតាមប្រទេសក្រីក្រនោះ គឺត្រូវបានរដ្ឋបាលលោកដូណាល់ ត្រាំ ផ្អាកលែងជួយថវិកាហើយ។
គួរលើកឡើងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ យ៉ាងហោចណាស់ មានមនុស្សប្រមាណ ៣៩លាននាក់ នៅទូទាំងពិភពលោក ដែលរស់នៅជាមួយនឹងមេរោគជំងឺអេដស៍ក្នុងខ្លួន។ ពួកគេត្រូវការជាចាំបាច់ នូវថ្នាំគ្រាប់ពន្យាជីវិតជារៀងរាល់ថ្ងៃ។ កាលពីថ្ងៃចន្ទ កន្លងទៅ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងអំពាវនាវ ឲ្យរដ្ឋបាលអាមេរិកពិចារណាឡើងវិញ ដាក់កម្មវិធីប្រយុទ្ធប្រឆាំងជំងឺអេដស៍ Pepfar ទៅក្នុងការលើកលែង កុំផ្អាកការផ្តល់ថវិកាឲ្យសោះ ព្រោះថាមេរោគជំងឺអេដស៍ នៅតែបន្តផ្តាច់ជីវិតមនុស្សមិនអាចធ្វេសប្រហែសបានទេ។
យោងតាម អង្គការសុខភាពពិភពលោក ការផ្អាកលែងជួយជាថវិកាក្នុងកម្មវិធី Pepfar មិនត្រឹមតែអាចធ្វើអ្នកជំងឺប្រឈមនឹងសេចក្តីស្លាប់នោះទេ តែវាគឺជាកត្តាមួយធ្វើឲ្យមេរោគអេដស៍ អាចរីកឆ្លងរាលដាលកាន់តែខ្លាំងទៅកាន់មនុស្សទូទៅក្នុងសង្គម។ អ្នកជំងឺអេដស៍រាប់សិបលាននាក់ នៅទូទាំងពិភពលោក ប្រាកដជារងគ្រោះប្រឈមនឹងសេចក្តីស្លាប់ ដោយសារតែគ្មានការផ្គត់ផ្គង់ថ្នាំគ្រាប់ពន្យាជីវិត ដែលមានគុណភាពនិងប្រសិទ្ធភាព។
សូមរំលឹកថា កម្មវិធី Pepfar មានវត្តមាននៅតាមប្រទេសជាង៥០ប្រទេស។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ជំនួយថវិកានៃកម្មវិធីនេះ បានអនុញ្ញាតឱ្យគេអាចសង្គ្រោះជីវិតមនុស្សជាង ២៦លាននាក់ ពីការស្លាប់ដោយជំងឺអេដស៍។ យោងតាមអង្គការសុខភាពពិភពលោក បច្ចុប្បន្ននេះ កម្មវិធីកំពុងផ្តល់ជូននូវថ្នាំគ្រាប់ប្រយុទ្ធនឹងមេរោគអេដស៍ ទៅឲ្យមនុស្សជាង ២០លាននាក់ ដែលក្នុងនោះគឺមានកុមារអាយុក្រោម១៥ឆ្នាំ ចំនួន៥៦៦០០០នាក់។ ដោយសារតែថវិកាជំនួយ ដែលបានប្រមូលបានមានការថយចុះជាបន្តបន្ទាប់ អង្គការសុខភាពពិភពលោក បានកាត់បន្ថយចំណែកចូលរួមរបស់ប្រទេសនីមួយៗអស់ច្រើនមកហើយ តែការដែលប្រទេសធំមួយផ្អាកលែងជួយថវិកាភ្លាមៗបែបនេះ គឺវានឹងបង្កការលំបាកខ្លាំងណាស់ ហើយអាចប៉ះពាល់ដល់ជីវិតអ្នកជំងឺជាច្រើនលាននាក់៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ