banner1
កាហ្សាក់ស្ថាន ប្រកាសថា នឹងផលិតប្រេងឆៅឈីសត៍ ក្នុងឆ្នាំ ២០២៥

 31-មករា-2025

ថ្ងៃអង្គារទី ២៨ ខែមករា ឆ្នាំ ២០២៥ កាហ្សាក់ស្ថាន ប្រទេសក្នុងតំបន់អាស៊ីកណ្តាល ដែលសម្បូរដោយធនធានធម្មជាតិ បានប្រកាសថា នឹងជីកយកប្រេងឆៅឈីសត៍ ក្នុងឆ្នាំ ២០២៥ នេះ។ រដ្ឋាភិបាលកាហ្សាក់ស្ថាន ពន្យល់ថា ការជីកយកប្រេងឆៅប្រភេទនេះ គឺដើម្បីទ្រទ្រង់ សេដ្ឋកិច្ចជាតិ ដែលពុំមានកំណើនគ្រប់គ្រាន់។ គួរបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ន សេដ្ឋកិច្ចកាហ្សាក់ស្ថាន នៅតែបន្តពឹងផ្អែកមួយភាគធំលើរុស្ស៊ី បើទោះបីជា ប្រទេស​អាស៊ីកណ្តាលមួយនេះ ខំពង្រីកភាពជាដៃគូ ជាមួយបណ្តាប្រទេសបស្ចិមលោក និងមហាអំណាចចិនយ៉ាងណាក្តី។ កាហ្សាក់ស្ថាន ប្រកាសថានឹងផលិតប្រេងឆៅឈីសត៍ ក្នុងឆ្នាំ ២០២៥ AP – Gavriil Grigorov

លោកប្រធានាធិបតី កាហ្សាក់ស្ថាន Kassym Jomart Tokayev បានបញ្ជាក់ថា វាជាការចាំបាច់ ដែលប្រទេស កាហ្សាក់ស្ថាន ត្រូវទាញយកប្រយោជន៍ពីប្រេងឆៅឈីសត៍ ដើម្បីលើកស្ទួយវិស័យ សេដ្ឋកិច្ចជាតិ។ តែ​ទន្ទឹមគ្នានេះ លោកក៏បានកត់សម្គាល់ថា ដំណើរជីកយកប្រេងឆៅឈីសត៍ ទាមទារនូវបច្ចេកវិទ្យាសាំញ៉ាំ  និងស្មុគស្មាញច្រើន។ ពុំតែប៉ុណ្ណោះ មានប្រទេសជឿនលឿនមួយចំនួន តួយ៉ាងបារាំងជាដើម បានហាមឃាត់មិនឲ្យ ជីកយករ៉ែប្រភេទនេះមកប្រើ ដ្បិតវាអាចបង្កគ្រោះថ្នាក់ ចំពោះបរិស្ថានធម្មជាតិ និងមនុស្សទៀតផង។

ក្នុងសេចក្តីថ្លែងការណ៍តែមួយនេះ លោកប្រមុខរដ្ឋ Tokayev ក៏បានសំដែងការសោកស្តាយ ដែលសេដ្ឋកិច្ចកាហ្សាក់ស្ថាន មានកំណើនតិចតួច ពោលគឺត្រឹមតែ ៤,៨% ក្នុងឆ្នាំ ២០២៤ ខណៈពេល ដែលអតិផរណានៅតែខ្ពស់ដដែល ពោលគឺដល់ទៅ ៨,៦%។ ឯតម្លៃប្រាក់ Tenge របស់កាហ្សាក់ស្ថាន ក៏ធ្លាក់ចុះ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ យ៉ាងណាមិញ ដង្ហើមសេដ្ឋកិច្ច កាហ្សាក់ស្ថាន បានរងផលប៉ះពាល់ ដោយសារការធ្លាក់ចុះទៅនៃតម្លៃប្រេងឆៅ និងទណ្ឌកម្មពីសំណាក់បស្ចិមលោក លើសេដ្ឋកិច្ចរុស្ស៊ី។ រុស្ស៊ី ដែលជាពំនាក់ មិនអាចខ្វះបាន សម្រាប់កាហ្សាក់ស្ថាន។

ដើម្បីព្យាយាម រុញច្រានសេដ្ឋកិច្ចកាហ្សាក់ស្ថាន ឲ្យមានល្បឿនទៅមុខ លោក Kassym Jomart Tokayev បានសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃការទាក់ទាញវិនិយោគបរទេស ក្នុងវស័យប្រេងកាត ឧស្ម័នធម្មជាតិ និង លោហធាតុកម្រៗ។ គួររំឭកថា កាហ្សាក់ស្ថាន​ គឺជា ប្រទេសផ្គត់ផ្គង់ ធនធានថាមពល ដ៏សំខាន់មួយ នៅលើទីផ្សារពិភពលោក បូករួមទាំងសហភាពអឺរ៉ុបផង។ ចាប់តាំងពី សហភាពសូវៀតបានដួលរលំទៅ ក្នុងឆ្នាំ ១៩៩១ មានក្រុមហ៊ុនសហគ្រាសក្នុងវិស័យថាមពលជាច្រើន មកពីប្រទេសលោកខាងលិច តួយ៉ាង Total, Eni ExxonMobil និង Shell បានចូលខ្លួនមកបោះទីតាំង នៅកាហ្សាក់ស្ថាន៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 135
ឯកសារពិគ្រោះ : 444
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា